ភ្នំពេញ៖ គណៈកម្មាធិការអន្តរក្រសួង ដែលមានភារកិច្ចពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់ បានឯកភាពគ្នាចាត់វិធានការជាបន្ទាន់ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយបញ្ហាទឹកកខ្វក់នៅក្រុងព្រះសីហនុ ក្នុងនោះនឹងបង្កើនសមត្ថភាពច្រោះទឹកកខ្វក់ឲ្យបានដល់ ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។
ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំអន្តរក្រសួង ស្តីពី «បញ្ហាប្រឈម និងដំណោះស្រាយបញ្ហាទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ» កាលពីថ្ងៃចន្ទ ដឹកនាំប្រជុំដោយ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីដឹកនាំ និងសម្របសម្រួលគម្រោងវិនិយោគ ស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃកិច្ចប្រជុំនោះ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្សព្វផ្សាយនៅថ្ងៃព្រហស្បត្តិនេះ បានឲ្យដឹងថា ក្រុងព្រះសីហនុមានសន្ទុះអភិវឌ្ឍន៍លឿនផ្នែកសេដ្ឋកិច្ច ជាពិសេស កំណើនក្នុងវិស័យឧស្សាហកម្ម និងទេសចរណ៍ ដែលជាហេតុនាំឲ្យហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់មិនអាចទ្រទ្រង់បាន និងធ្វើឲ្យទឹកកខ្វក់មួយភាគបានហូរតាមអូរធម្មជាតិចាក់ទៅសមុទ្រមួយភាគ បណ្តាលឲ្យប៉ះពាល់ដល់បរិស្ថាន និងទេសភាពតំបន់ឆ្នេរសមុទ្រ។
ក្រសួង បានបន្តថាកន្លងមកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក៏បានចាត់វិធានការឆ្លើយតបជាបន្ទាន់ចំពោះបញ្ហាទឹកកខ្វក់ហូរចូលសមុទ្រនេះ ដោយបានសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ចំំនួន ៤កន្លែង សម្រាប់ច្រោះកាកសំណល់មុននឹងបញ្ជូនទៅសមុទ្រ។
ក្រសួងបានបញ្ជាក់ថា៖ «វិធានការដោះស្រាយនោះ គឺធ្វើទំនើបកម្មស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានស្រាប់ឲ្យមានសមត្ថភាពច្រោះទឹកកខ្វក់បានដល់ ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សាងសង់ស្ថានីយ៍បូមទឹកកខ្វក់បន្ថែមទៀត រៀបចំប្រព័ន្ធលូ និងបំពាក់ឧបករណ៍និងសម្ភារៈ»។
លោក មាស សុខដេរសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅថ្ងៃនេះថា ចំពោះការចំណាយថវិកាទៅលើការអភិវឌ្ឍ និងការធ្វើទំនើបកម្មស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ដែលមានស្រាប់នោះ កំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាលម្អិតបន្ថែម។
លោកថា៖ «ចំពោះគម្រោងចំំណាយថវិកាបឋមលើគម្រោងបង្កើនសមត្ថភាពច្រោះទឹកកខ្វក់ និងសកម្មភាពផ្សេងៗនោះ គឺទាល់តែខាងក្រសួងសាធារណការបានមានតួលេខបឋម ហើយក្រសួងសាធារណការ នឹងធ្វើការរួមគ្នាជាមួយក្រសួងសេដ្ឋកិច្ច ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តជាដើម ថាតើតម្រូវការជាក់ស្តែង ត្រូវការថវិកាប៉ុន្មាន?»។
លោកបន្ថែមថា៖ «តាមរយៈការធ្វើការរួមគ្នានោះ ខាងក្រសួងសេដ្ឋកិច្ច នឹងពិនិត្យមើលទៅលើតម្រូវអាទិភាព ហើយយើងមានលទ្ធភាពប៉ុណ្ណាយើងនឹងធ្វើទៅតាមដំណាក់កាលជាជំហានៗ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការនៃក្រសួងសាធារណៈការនិងដឹកជញ្ជូន លោក ហេង រ័ត្នពិសិដ្ឋ បានមានប្រសាសន៍ថា ការដោះស្រាយបន្ទាន់បញ្ហាទឹកកខ្វក់នៅក្រុងព្រះសីហនុនេះ នឹងធ្វើជាជំហានៗ ដែលដំណាក់ដំបូងនេះ នឹងពិនិត្យទៅលើការបង្កើនសមត្ថភាពចម្រោះទឹកកខ្វក់ និងរៀបចំបណ្តាញលូទឹកកខ្វក់ ដែលអាចនឹងចំណាយថវិកាប្រមាណ ១០០លានដុល្លារ។
លោកថា៖ «យើងសង្ឃឹមថានឹងចាប់ផ្តើមធ្វើឆាប់ៗនេះ អាចក្នុងឆ្នាំ២០២០ ដោយសារក្នុងរយៈពេល ៣ខែខាងមុខនេះ យើងត្រូវសិក្សាលម្អិតពីផែនការមេ អីចឹងអាចថានៅពាក់កណ្តាល ឆ្នាំ២០២១ ឬពាក់កណ្តាលឆ្នាំ២០២២ ត្រូវធ្វើឲ្យហើយ ព្រោះកម្ពុជាត្រូវត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន» ៕
ប្រភព ៖ ខ្មែរថាម