សមត្ថកិច្ចបានឲ្យដឹងថាមនុស្ស ៣ នាក់ក្នុងនោះមានភ្ញៀវទេសចរជនជាតិចិន ២ នាក់បានស្លាប់ កាលពីល្ងាចថ្ងៃអង្គារ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក សុត ហួរ មន្ត្រីនគរបាលចរាចរណ៍ស្រុក បានថ្លែងកាលពីម្សិលមិញថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោងប្រហែល ៥ ល្ងាច តាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងឃុំកូប ស្រុកអូរជ្រៅ។
លោកបានមានប្រសាសន៍ថា ភ្ញៀវទេសចរចិន បានធ្វើដំណើរតាមរថយន្តតាក់ស៊ី ពីខេត្តសៀមរាបទៅកាន់ក្រុងប៉ោយប៉ែត នៅពេលនោះរថយន្តតាក់ស៊ី បានបុកជាមួយរថយន្តដឹកទំនិញពេញទំហឹងតែម្ដង។លោកបានឲ្យដឹងថា អ្នកស្លាប់ដែលមានឈ្មោះ Ye DanDan អាយុ ២៧ ឆ្នាំនិង Zhang Zuhui អាយុ ២៦ ឆ្នាំជាជនជាតិចិន និងឈ្មោះ លាន ពៅ អាយុ ៣៥ ឆ្នាំជាអ្នកបើកតាក់ស៊ី។
លោក ហួរ បាននិយាយថា ”ជនរងគ្រោះគឺជាភ្ញៀវទេសចរចិន ដែលបានជួលតាក់ស៊ីនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីធ្វើដំណើរទៅក្រុងប៉ោយប៉ែត” ។ អ្នកបើកបរតាក់ស៊ីបានបង្កើនរលឿន ខណៈគាត់ព្យាយាមជែងគ្នាជាមួយឡានមួយទៀត ក៏ជ្រុលទៅបុកឡានដឹកទំនិញពីក្រោយ ដែលកំពុងបើកខាងមុខ។លោកបាននិយាយថានាង Ye និងលោក Zhang បានស្លាប់នៅនឹងកន្លែង ខណៈពេលដែលលោក ពៅ អ្នកបើកតាក់ស៊ី បានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ។ចំណែកប្តីប្រពន្ធដែលស្ថិតនៅក្នុងឡានដឹកទំនិញ បានរងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។
មន្រ្តីនគរបាល បានបញ្ជូនសាកសពជនរងគ្រោះជនជាតិចិន មករាជធានីភ្នំពេញ ហើយកំពុងរង់ចាំសាច់ញាតិមកកម្ពុជា ដើម្បីទទួលយកសាកសពពួកគេ។ ចំពោះសាកសពរបស់លោក ពៅ ក៏ត្រូវបានបញ្ជូនទៅឲ្យសាច់ញាតិរបស់គាត់ នៅខេត្តបាត់ដំបង ដើម្បីធ្វើបុណ្យហើយដែរ។
លោក ហួរ បានកត់សម្គាល់ថា ទាំងរថយន្តតាក់ស៊ី និងថយន្ដដឹកទំនិញ បានរងការខូតខាតជាទម្ងន់ ហើយត្រូវបានអូសទៅប៉ុស្តិ៍នគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយ ៕
ប្រភព ៖ ខ្មែរថាម