ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀង កូនកាត់ចិនសាច់សខ្ចី ប្រចាំផលិតកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា បានប្រកាសប្រាប់ឲ្យដឹង ពីការកាត់ផ្តាច់ទំនាក់ទំនង ស្នេហាជាមួយនឹងបុរសម្នាក់ ដែលមានមុខងារជាមន្រ្តីរាជការរួចមក ថ្មីៗនេះឮដំណឹងមកថា មានបុរសវ័យ៣០ឆ្នាំប្លាយម្នាក់ បានតាមលួងលោម ចូលខ្លួនគ្រងបេះដូងជាថ្មី ដើម្បីស្អំដំបៅស្នេហ៍ ចាស់ ដែលធ្លាប់ធ្វើឲ្យនាង រងការឈឺចាប់កន្លងមក។
ជួបសម្ភាសន៍ តាមទូរស័ព្ទ ជាមួយគេហទំព័រ LookingTODAY នាព្រឹកថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ២០១៥នេះ ស្រីស្រស់ លី អ៊ីវ៉ាធីណា បាននិយាយទទួលស្គាល់ ដោយមិនលាក់លៀមថា ពេលនេះនាង ពិតជាមានអ្នកតាមស្រលាញ់ ប្រាថ្នាចង់បានធ្វើជា គូអនាគតពិតមែន។ ប៉ុន្តែបុរសម្នាក់នេះ គេមិនមែនជាអ្នករស់នៅក្នុងស្រុកខ្មែរទេ គឺជាអ្នកក្រៅប្រទេស។
តារាចម្រៀងស្រី របស់ផលិតកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា បាននិយាយទៀតថា «ចាសបង !ខ្ញុំពិតជាមានអ្នកស្រលាញ់មែន....! យើងទាំងពីរនាក់ បានស្គាល់គ្នាមិនទាន់យូរប៉ុន្មានទេ ដែលគាត់បច្ចុប្បន្ន កំពុងរស់នៅក្រៅប្រទេស ។ប៉ុន្តែជារឿយៗ គាត់(គូស្នេហ៍) ក៏ឧស្សាហ៍ឡើងចុះ មកស្រុកខ្មែរដែរហើយយើងទាំងពីរ ក៏បានស្គាល់ និងឃើញមុខគ្នាហើយដែរ ..»។
ទោះបីជាយ៉ាងនេះក្តី កញ្ញា លី អ៊ីវ៉ាធីណា បាននិយាយឲ្យដឹងថា នាងមិនទាន់ឆ្លើយថា ទទួលយក ឬយល់ព្រមប្រគល់បេះដូង ទៅឲ្យបុរសនោះទាំងស្រុងនៅឡើយទេ ព្រោះពេលនេះ ចង់នៅមើលចិត្ត និងស្គាល់គ្នាឲ្យច្បាស់ជាងនេះបន្តិចទៀតសិន។ ជាមួយគ្នានេះ លី អ៊ីវ៉ាធីណា បានបន្ថែមថា រាល់ថ្ងៃនាង និងបុរសម្នាក់នេះ កំពុងតែទាក់ទងគ្នា ជាធម្មតា។
ដោយឡែក ចំពោះអត្តសញ្ញាណពិតប្រាកដ ពុំត្រូវបាន លី អ៊ីវ៉ាធីណា បញ្ជាក់ប្រាប់ទេថា តើសព្វថ្ងៃបុរសម្នាក់នេះមានឈ្មោះអ្វី រស់នៅទីណា និង ធ្វើការងារអ្វីឡើយ ។គ្រាន់តែទទួលស្គាល់ថា នាងពិតជាបានទាក់ទងសាងសម្ព័ន្ធភាពស្នេហា លើកទីពីរ ជាមួយបុរសរស់នៅក្រៅស្រុកមែន៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល