CamNews

កីឡាជាតិ 

លោក Sam ត្រឡប់​មក​​ដឹក​នាំ​​ក្រុម​ភ្នំពេញ​ក្រោន​វិញ​ហើយ ក្រោយ​ពី​ជា​របួស

(ភ្នំពេញ)៖ គ្រូបង្វឹកជនជាតិស្វីសលោក Sam Schweingruber បានវិលត្រឡប់មក​ដឹកនាំ​ក្រុមភ្នំពេញក្រោនវិញ​ហើយ បន្ទាប់ពីសម្រាកព្យាបាលរបួស ដែលលោកជួបគ្រោះថ្នាក់ចរាចរណ៍ ​អស់រយៈ​ពេលជិត២ខែកន្លងទៅ ។

លោក លី ហៀង អគ្គលេខាធិការក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា ដំណើរវិលត្រឡប់របស់​លោក Sam Schweingruber គឺជាមោទន​ភាពមួយ សម្រាប់ក្លឹបជើងឯក៦សម័យកាលនេះ ហើយក៏​ជាក្ដី​សង្ឃឹម ដើម្បីការពារតំណែងជើងឯកលីកកំពូលកម្ពុជា នារដូវកាលថ្មីផងដែរ ។ ជាពិសេសអ្នកគាំទ្ររបស់ក្លឹបភ្នំពេញក្រោន បានសម្ដែងការសប្បាយចិត្តជាខ្លាំង ចំពោះការបង្ហាញវត្តមានរបស់គ្រូបង្វឹកជនជាតិស្វីសរូបនេះ ។

លោក លី ហៀង បានបញ្ជាក់ទៀតថា លោក Sam នឹងដឹកនាំក្រុមភ្នំពេញក្រោន ក្នុង​នាមជា​គ្រូបង្គោលធម្មតាវិញ នៅពេលរបួសលោកជាសះស្បើយ ១០០% ប៉ុន្ដែពេលនេះលោកគ្រាន់តែ​ចូលរួមផ្ដល់យោបល់ជាមួយលោក Oriol Mohedano គ្រូបង្វឹកថ្មី ដែលក្លឹបទើបតែងតាំងកាលពីពេលថ្មី​ៗកន្លងទៅសិន ។ ប៉ុន្ដែនៅពេលលោក Sam មានលទ្ធភាពដឹកនាំក្រុម ១០០% ហើយនោះ គ្រូបង្វឹកជនជាតិអេស្ប៉ាញលោក Oriol Mohedano នឹងក្លាយជាគ្រូជំនួយវិញ ។

អគ្គលេខាធិការដដែល បានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាការបង្ហាញ​វត្តមាន​ដឹកនាំ​ក្រុមភ្នំពេញក្រោនរួមគ្នារវាងលោក Sam និងលោក Oriol Mohedano ដែលជាគ្រូបង្វឹកពោរពេញដោយបទពិសោធន៍ នារដូវកាលថ្មីនេះ នឹង​ធ្វើឲ្យភ្នំពេញក្រោន មានសមត្ថភាពកាន់តែអស្ចារ្យ ដើម្បីប្រកួតប្រជែងពានរង្វាន់ផ្សេងៗ ពិសេសគឺការប្រកួតបាល់ទាត់ក្របខណ្ឌលីកកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១០ ក្នុងឆ្នាំ​២០១៦ នេះតែម្ដង ។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៥ កន្លងទៅ បន្ទាប់ពី​ជួយក្រុមភ្នំពេញក្រោន លើកពានលីកកំពូលកម្ពុ​ជា ជាលើកទី៦ លោក Sam Schweingruber បានជួបគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យ​លោក​អវត្តមានមិនអាចដឹកនាំក្រុមបានឡើយ ។ ជាមួយគ្នានោះ លោកត្រូវបាន​បញ្ជូនទៅព្យាបាលនៅប្រទេសថៃ និងស្វីសទៀតផង ប៉ុន្ដែឥឡូវនេះ របួសរបស់លោកបានជាសះស្បើយ ហើយលោកក៏បានវិលមកកាន់កីឡដ្ឋាន RSN ដើម្បី​ដឹកនាំ​ក្រុមភ្នំពេញក្រោនបន្ដផងដែរ ៕

លោក Sam Schweingruber

ក្រុមកីឡាករភ្នំពេញក្រោន

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី