CamNews

តារា 

ស៊ន សៀវម៉ី ប្រដេញ ហែម ថុនវិទិនី គ្រាដែលប្រជាប្រិយភាព ចាន់ វឌ្ឍនាកា ហាក់ធ្លាក់ចុះ

(ភ្នំពេញ)៖ គិតត្រឹមម៉ោង ៧៖៣០នាទីព្រឹកថ្ងៃទី​១៥ ខែកុម្ភៈនេះ មានកីឡាការិនីដ៏ស្រស់ស្អាត២រូប កំពុងប្រជែងភាពទាក់ទាញ​ពីអ្នកគាំទ្រ នៅក្នុង​ការប្រកួតពានរង្វាន់អត្តពលិក មានប្រជាប្រិយភាពជាងគេ គឺកីឡាការិនីហែលទឹក ហែម ថុនវិទិនី និងកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ។ ប៉ុន្ដែទន្ទឹមកីឡាការិនីទាំង ២រូបទទួលបានការគាំទ្រច្រើនបែបនេះ បែរជាប្រិយភាពខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា មានការធ្លាក់ចុះទៅវិញ ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសណ្ឋាគារណាហ្គាវើល ដាក់រូប​កីឡាករ-កីឡាការិនី ៥រូបឲ្យទស្សនិកជន បោះឆ្នោះគាំទ្រ តាមរយៈ​ការចុក Like លើរូបភាព ដើម្បីឈ្នះពានរង្វាន់អត្តពលិក មានប្រជាប្រិយភាពជាងគេ ក្នុងឆ្នាំ​២០១៥ ។ បេក្ខភាពឈរឈ្មោះទាំង ៥នាក់ គឺមានកីឡាករ ចាន់ វឌ្ឍនាកា និង ប្រាក់​ មុន្នីឧត្តម ចូលរួមប្រកួតដណ្ដើម​ពានរង្វាន់បុរស រីឯកីឡាការិនី ហែម ថុនវិទិនី, ស៊ន សៀម៉ី និងកីឡាការិនីល្បុក្កតោ សំ ថារ័ត្ន គឺចូលរួមដណ្ដើមពានរង្វាន់នារី ។

ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល មកទល់ពេលនេះការគាំទ្រ គឺមានភាពខុសប្លែកកាលពី ១សប្ដាហ៍មុនដាច់ ព្រោះ​បើកឆាកភ្លាម អ្នកទទួលបានការចុក Like គាំទ្រច្រើនជាងគេ គឺកីឡាករ ចាន់ វឌ្ឍនាកា ។ តែឥលូវនេះ ហែម ថុនវិទិនី កំពុងនាំមុខគេវិញម្ដង ដោយទទួលបានការគាំទ្រចំនួន ២១.០០០Like ខណៈតាមពីក្រោយយ៉ាងប្រកៀកប្រកិតបំផុត ដោយអតីតម្ចាស់មេមាស កីឡាអាស៊ីកញ្ញា ស៊ន សៀវម៉ី ដែលទទួលបានការគាំទ្រចំនួន ២០.២០០Like ។

ជាងនេះទៅទៀតគេសង្កេតឃើញប៉ុន្មានថ្ងៃចុងក្រោយនេះ កញ្ញាដ៏ស្រស់ស្អាត ហែម ថុនវិទិនី និង ស៊ន សៀវម៉ី ព្យាយាមបង្ហោះវីដេអូ និងសរសេរបង្ហោះនៅលើ Facebook ផ្ទាល់ជាច្រើនលើ ដើម្បីសុំការគាំទ្រ ឬការចុក Like ពីសំណាក់ប្រជាពលរដ្ឋ និងមិត្តៗយុវវ័យ ដែលស្នេហាវិស័យកីឡា ដើម្បីប្រជែងពានរង្វាន់អត្តពលិក មានប្រជាប្រិយភាពជាងគេនេះ ។

ដូចការគ្រោងទុក អ្វីដែលពួកគេធ្វើនោះ គឺបានជាបានផល ព្រោះមួយពេលដែល ហែម ថុនវិទិនី និង ស៊ន សៀវម៉ី បង្ហោះវីដេអូលើប្រព័ន្ធ ទំនាក់ទំនងសង្គម គឺមានទស្សនិកជនជាច្រើន បានចូលទៅចុក Like គាំទ្រ​លើ​រូបភាពកីឡាការិនីទាំង ២រូប ដែលពួកគេស្រលាស់ ។ ប៉ុន្ដែទោះជាយ៉ាងណាពេលនេះ នៅមិនទាន់ច្បាស់​ថា អ្នកណាមានសង្ឃឹមខ្ពស់ ដើម្បីឈ្នះពាននោះទេ ព្រោះលទ្ធផលនឹងដឹងនៅយប់ថ្ងៃទី១៧ ខែកុម្ភៈ​ខាងមុខ ។

សម្រាប់ប្រជាប្រិយភាពខ្សែប្រយុទ្ធដ៏មុតស្រួច របស់ក្លឹបបឹងកេតអង្គរ ចាន់ វឌ្ឍនាកា ដែលធ្លាប់នាំមុខគេនោះ ពេលនេះទើបទទួលបាន ការគាំទ្រចំនួន ១៤.៩០០Likeប៉ុណ្ណោះ ។ ប៉ុន្ដែចំនួននេះ អាចនឹងឈ្នះពានអត្តពលិក​មានប្រជាប្រិយភាពជាងគេផ្នែកបុរសហើយ ប្រសិនគូប្រជែងតែម្នាក់គត់ គឺកីឡាករ ប្រាក់ មុន្នីឧត្តម គ្មានលទ្ធភាពអាចតាមទាន់ទេនោះ ។ ពេលនេះ ប្រាក់ មុន្នីឧត្តម ទទួលបាន ការគាំទ្រចំនួន ៨.៥៥០Like ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Sorn Sevmey