(ភ្នំពេញ)៖ ផ្លូវជាតិលេខ៤ជាចំណុចក្តៅបំផុត ដែលមនុស្សភាគច្រើនតែងបារម្ភ ពីសុវត្ថិភាពក្នុងពេលធ្វើដំណើរចេញចូលទៅមក រវាងទីក្រុងភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ក្នុងក្រុងកំពង់សោម ដែលជាតំបន់ទេចរណ៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋទូទៅក្នុងប្រទេស។ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមណ្តោយដងផ្លូវមួយនេះ តែងប្រាស្រ័យយកផ្លូវមួយនេះ ធ្វើដំណើរស្ទើប្រចាំថ្ងៃ។ ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើតមានឡើង ជាបន្តបន្ទាប់មកលើអ្នកដំណើរ មិនថា មនុស្សនោះ ក្នុងឋានៈអ្វីឡើយ។
ភ្ជាប់ជាមួយបញ្ហាខាងលើ គេហទំព័រ កំសាន្ត ថ្ងៃនេះសុំលើកឡើង រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់កើតឡើង លើតារាសិល្បករខ្មែរមួយចំនួន នៅតាមបណ្តាយដងផ្លូវជាតិលេខ៤ មកធ្វើការជំរាបជូនខ្លះៗឡើងវិញ ដើម្បីឲ្យទស្សនិកជនបានដឹង ខណៈដែលថ្មីៗនេះ តារាចម្រៀង និងតារាសម្ដែង លោក វណ្ណ មករា បានស្លាប់បាត់បងជីវិតគួរឲ្យសោកស្ដាយជាពន់ពេក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏អាក្រក់ បន្សល់ទុកនូវវិប្បដិសារីដល់ក្រុមគ្រួសារ និងមិត្តភក្តិមិនអាចបំភ្លេចបាន ។
ក្រៅពីតារាចម្រៀង វណ្ណ មករា តើមានតារាខ្មែរល្បីៗរូបណាខ្លះទៀត ដែលរងនូវវិប្បដិសារី នៅលើដងផ្លូវជាតិលេខ៤?
១-កាលពីអំឡុងប្រមាណជា១០ ឆ្នាំកន្លងទៅអតីតារាចម្រៀងស្រីម្នាក់ ឈ្មោះ សុខ ស្រីណុច បានស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណៈនាងធ្វើដំណើរឆ្លងកាត់ផ្លូវមួយនេះ។ ប៉ុន្តែជាអកុសលក៏ត្រូវជួបរឿងស៊យដោយ គ្រោះថ្នាក់ស្លាប់ដោយបានបន្សល់ ទុកវិប្បដិសារីសម្រាប់ក្រុមគ្រួសារនាង រហូតមកដល់សព្វថ្ងៃ។
២-នៅអំឡុងឆ្នាំ២០០៨ វិប្បដិសារីស្ទើរងើបមុខមិនរួចមួយនេះ ក៏បានធ្លាក់មកដល់ក្រុមគ្រួសាររបស់តារាចម្រៀងស្រី សុខ ពិសី ខណៈម្តាយរបស់នាងរួមជាមួយនឹងបងប្អូនជាច្រើននាក់ បានស្លាប់ ក្នុងពេលតែមួយនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើផ្លូវជាតិលេខ ៤ ដែលរូបនាងជាអ្នកបើកបរ ធ្វើដំណើរត្រឡប់ពីក្រុងកំពង់សោមវិញ។
៣-ឈានដល់ដើមឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរណ៍ ក៏ធ្លាក់មកលើតារាចម្រៀងលោក ខេមរៈ សិរីមន្ត វិញម្តង។ ដែលហេតុការណ៍គ្រោះថ្នាក់កាលនោះ បណ្តាលអ្នករួមដំណើរ ចំនួន៤នាក់ត្រូវស្លាប់ តែសំណាងល្អលោក ខេមរៈ សិរីមន្ត គ្រាន់តែរងរបួសស្រាល ក្រោយពេលដែលរថយន្តរបស់ពួកគេ ត្រូវរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន អេសខេ បានបុកពេញមួយទំហឹងនៅចំណុចបឹងត្រាំង តាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង ប្រមាណ៩យប់ថ្ងៃទី៧ ខែមីនាឆ្នាំ២០១៣។
៤- តារាកំប្លែងនាយ ពែកមី ក៏បានបន្សល់ទុកនូវវិប្បដិសារីក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤នេះដែរ បើទោះបីជាគ្មានអ្នកបាត់បង់ជីវិត ប៉ុន្តែលោកក៏សោកស្ដាយយ៉ាងខ្លាំង ចំពោះហេតុការណ៍អាក្រក់នេះ ដែលបានកើតឡើងចំពោះក្រុមរបស់លោក ពេលត្រឡប់មកពីក្រុងកំពង់សោមវិញ ។
៥-ថ្មីៗនេះ លោក វណ្ណ មករា តារាចម្រៀងល្បីឈ្មោះមួយរូបរបស់ខ្មែរ បានស្លាប់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ចំនួនពីរលើកផ្ទួនៗគ្នា ខណៈដែលរូបលោកនឹងមិត្តភក្តិ បានរួមដំណើរចេញទៅខេត្តព្រះសីហនុ។ ប៉ុន្តែជាអកុសលលោកក៏ត្រូវជួបគ្រោះថ្នាក់ ក្រឡាប់រថយន្ត២ដងផ្ទួនៗគ្នា ស្លាប់យ៉ាងអណោចអធ័មបំផុត បន្សល់ទុកនូវវិប្បដិសារី ក្នុងក្រុមគ្រួសារ និងសាច់ញាតិគ្មានថ្ងៃបំភ្លេចបាន។
សូមជម្រាបថា សម្រាប់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេកត់សម្គាល់ឃើញថា តែងកើតមានជាបន្តបន្ទាប់ មកលើប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវនានា មិនថាអ្នកមានអ្នក ក្រឬមានឋានៈជាអ្វីឡើយ ប្រសិនជាការបើកបរទាំងនោះ ខ្វះការប្រុងប្រយ័ត្នខ្ពស់ អំពីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដំណើរផ្សេងៗទៀត ដែលបញ្ជាយាន្តយន្ត នៅលើដងវិថីជាមួយគ្នា អាចបង្កជាគ្រោះថ្នាក់ជាមិនខាន។
កំណើតនៃអត្រាគ្រោះថ្នាក់ចរាចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំនេះ ទើបធ្វើឲ្យរដ្ឋាភិបាលកម្ពុជា កំពុងតែយកចិត្តទុកដាក់ ចំពោះបញ្ហាមួយនេះ គោលបំណង ដើម្បីចូលរួមកាត់បន្ថយការគ្រោះថ្នាក់ ចាប់ពីអំឡុងឆ្នាំ២០១៦នេះ តទៅ ព្រោះថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ទើបធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើនគ្រួសារ រស់នៅដោយមានវិប្បដិសារី ពេលបាត់បង់សមាជិកគ្រួសាររបស់ពួកគេ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី