CamNews

តារា 

និរត្តន៍ ល្បីថា បដិសេធ​ សំ​ណើរ​សុំ​ស្នេហ៍ ពី​សំណាក់​លោក​ផ្កាយ​ពីរ​ម្នាក់

(ភ្នំពេញ)៖ តារាចម្រៀងជើងថ្មី កំពុងតែរងនូវការរិះគន់ ពេលចេញបទចម្រៀង​មានចំណងជើងថា «ស៊ីចេកផឹកទឹក» ដែលនិពន្ធដោយលោក យឹម តាស្រង់ កញ្ញា និរត្តន៍ ត្រូវបានគេមើលឃើញថា នាងមិនសូវល្បីល្បាញ ខាងបទចម្រៀងនោះទេ តែ​បែរជាល្បីរឿងគេរិះគន់ ​និងមិនទាន់លេចធ្លោ​លើសមត្ថភាព អ្វីទាល់តែសោះ ពោល​មិន​ដូចតារាចម្រៀងថ្មី ពីររូបទៀត គឺនាង សូរីកា និង រ៉ាបី ដែលល្បីល្បាញខាងបទញាក់ និងបទស្រែកៗ​​។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់តារាចម្រៀង និរត្តន៍ ត្រូវបានគេទម្លាយថា នាងបានបដិសេធ​ស្នេហ៍ ពីសំណាក់បុរសផ្កាយពីរម្នាក់ ​ដែលបានសុំស្នេហ៍នាង និងជារឿងរ៉ាវថ្មីមួយ​ ក្នុងជីវិតជាអ្នកសិល្បៈរបស់នាង។

កញ្ញា និរត្តន៍ ​តារាចម្រៀងមានស្រុកកំណើត ពីខេត្ត​ត្បូងឃ្មុំ​ ជានារីម្នាក់មានការតស៊ូបំផុត រហូតបានចូល​ក្នុងផលិតកម្ម «ថោន» ទោះបីមានសំឡេងរិះគន់ច្រើន ជាងអ្នកដទៃបន្តិចមែន ​នាងមិនមែនមនុស្សអត់សមត្ថភាព ព្រោះនាងឈ្នះមនុស្សរាប់រយនាក់ មុន​ឈានជើងចូលផលិតកម្ម ថោន ។ បច្ចុប្បន្ន​ និរត្តន៍ ជាពីធីការិនីក្នុងវិទ្យុ ថោន ​កម្មវិធី «សំនៀងខារ៉ាអូខេ» ដដែល និងជាកម្មវិធីអាចឲ្យប្រិយមិត្ត សំណូមពរបទចម្រៀង ហើយច្រៀងជាមួយពិធីករ-ពិធីការិនី ក៏បាន បទចម្រៀងនាង ដែល​បានចេញលក់ ត្រូវបានគេសំណូមពរ ជារៀងរាល់ថ្ងៃ រហូត​ពេលខ្លះហត់នឹងច្រៀង បទចម្រៀងខ្លួនឯង ក៏មានដែរ។

ចំណែកឯ​ពេលរាត្រី និរត្តន៍ ច្រៀងក្នុងមជ្ឈមណ្ឌលកំសាន្ត «ថោន» ជាមួយតារាចម្រៀងដទៃទៀត ក្នុងផលិតកម្ម ថោន ​ប៉ុន្តែថ្មីៗនេះប្រភពពីខាងក្នុង បាននិយាយថា តារាចម្រៀង និរត្តន៍ ថ្វីត្បិតតែមើលទៅ ​នៅធ្វើខ្លួនមិនទាន់ស្អាត ដូចតារាចម្រៀងដទៃក្ដី តែនាងមានមន្តស្នេហ៍បែបនារីជនបទមិនធម្មតា ព្រោះពេល​ច្រៀងក្នុងពេលរាត្រី មាន​មន្ត្រីផ្កាយពីរម្នាក់ តាមសុំស្នេហ៍នាង ដែលគេឃើញថា មន្ត្រីរូបនោះ បានហៅនាងទៅរួមតុជាមួយគ្នា តែនាងទៅចូលមួយភ្លែត ក៏សុំចេញវិញ ព្រោះ​ខ្លាចមិនហ៊ានចូលយូរឡើយ ។

ប្រភពបន្តថា ក្រៅពី​មន្ត្រីផ្កាយនេះ ព្យាយាមតាមសុំស្នេហ៍ សុំទាំងលេខទូរស័ព្ទនាង នឹងសន្យាថាឲ្យអ្វីនាងគ្រប់យ៉ាងហើយនោះ ត្រូវបាននាងបដិសេធ និងមិនព្រមទទួល​អ្វីៗទាំងអស់​នោះឡើយ នាងសុខចិត្តលំបាកខ្លួន មិនទទួលយករបស់អ្នកណាឡើយ ខណៈដែលបច្ចុប្បន្ន និរត្តន៍ ជិះកូនឡានយ៉ាងកញ្ចាស់ និងមិនទាន់មានផ្ទះត្រឹមត្រូវ​ ពោលនាងទ្រាំរស់​ដោយភាពថ្លៃថ្នូរ មិនរស់ក្រោមទ្រព្យក្ដៅក្រហាយនោះឡើយ។​

ជុំវិញព័ត៌មានថា មានមន្រ្តីផ្កាយពីរ តាមលួងលោមសុំស្នេហ៍ ហើយត្រូវស្រីស្រស់ និរត្តន៍ បដិសេធ​ចោល នៅពេលនេះ Khmertalking មិនទាន់អាចសុំការបំភ្លឺ ពីកញ្ញា បាននៅឡើយទេ ប៉ុន្តែយើងនឹងរង់ចាំការបកស្រាយ ពី និរត្តន៍ នៅក្នុងពេលដ៏សមរម្យណាមួយ ដើម្បីឲ្យមហាជន អស់មន្ទិលសង្ស័យ ចំពោះរឿងនេះ ៕

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Nivoth Star news local news Rabi