(ភ្នំពេញ)៖ តារាកំប្លែង និងជាតារាចម្រៀង ក្នុងផលិតកម្ម ថោន អ្នកនាង សុខ ចាន់ធីតា ហៅកាតុ ដែលកំពុងតែធ្វើដំណើរ ទៅប្រទេសវៀតណាម ជាមួយស្វាមី ដើម្បីពិនិត្យស្ទែន(ឧបរណ៍បើកសរសៃឈាម) សរសៃបេះដូងឡើងវិញ ខណៈដែលអាការៈជំងឺស្វាមីអ្នកនាង បានប្រសើរឡើង ច្រើនហើយ។ ទោះបីជាអ្នកនាង កាតុ ត្រូវចាំបាច់នាំស្វាមីទៅព្យាបាល និងពិនិត្យតាមដានបន្ថែមនៃស្ថានភាពជំងឺក្ដី ប៉ុន្តែនាងក៏នៅតែសរសើពីសមត្ថភាពរបស់គ្រូពេទ្យក្នុងប្រទេស ជាពិសេសគ្រូពេទ្យ កាល់ម៉ែត្រ ដែលបានជួយសង្គ្រោះជីវិត ប្ដីរបស់នាង ដោយការយកចិត្តទុកដាក់ខ្ពស់ រហូតបានធូរស្បើយពីជំងឺ។
ជាការពិតដោយសារតែ មានធុរៈត្រូវមើលថែប្ដី នៅក្នុងមន្ទីរពេទ្យ អ្នកនាង សុខ ចាន់ធីតា បានបង្ហាញមុខតែ១៥ នាទីប៉ុណ្ណោះ ក្នុងថ្ងៃមង្គលការ របស់តារាចម្រៀង ថន តារា បងស្រីនាង ថន លក្ខិណា ពោលគឺក្នុងពេលអើតមុខមួយភ្លែត គ្រាន់តែមកចងដៃរួច ក៏ត្រឡប់ទៅវិញ ព្រោះប្រញាប់រៀបចំខោអាវ ទៅវៀតណាមក្នុងថ្ងៃនេះ បន្តទៀត។
អ្នកនាង សុខ ចាន់ធីតា បានថ្លែងប្រាប់ Khmertalking ថា ស្វាមីអ្នកនាងបច្ចុប្បន្ន បានធូរស្រាលច្រើនហើយ ក្រោយត្រឡប់ពីសង្គ្រោះបន្ទាន់ កាលពីថ្ងៃ១៨ មិថុនា នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ប៉ុន្តែក្នុងថ្ងៃនេះ អ្នកនាងនាំស្វាមីទៅត្រួតពិនិត្យសុខភាពមើលម្ដងទៀតថា តើស្ទែនដែលដាក់ក្នុងសរសៃបេះដូងស្វាមី នាងល្អ ឬអត់? ការដែលនាងនាំស្វាមី ទៅក្រៅប្រទេស ព្រោះកាលពីដាក់ស្ទែន ក្នុងសរសៃបេះដូង បានដាក់នៅវៀតណាម ដូចនេះត្រូវត្រឡប់ទៅឆែកម្ដងទៀត នៅទីនោះ ដើម្បីកុំឲ្យខុសវេជ្ជបញ្ជាពេទ្យ។
ទោះបីជាយ៉ាងណា អ្នកនាង កាតុ បានកោតសរសើរពីគុណភាព គ្រូពេទ្យនៃមន្ទីរកាលម៉ែត្រ ផ្នែកសរសៃឈាមបេះដូង ថាធ្វើការបានល្អ មិនចាញ់ពេទ្យបរទេសឡើយ។ ចំណែកថ្នាំពេទ្យ ដែលប្រើក៏មិនខុសគ្នាដែរ ព្រោះក្រោយពេលប្ដីនាងឈឺនាងស្គាល់ថ្នាំច្បាស់ ហើយពេទ្យខ្មែរនិងវៀតណាម ប្រើថ្នាំដូចគ្នា ។ បន្ទាប់ពីពិនិត្យនៅវៀតណាមរួច អ្នកនាង នឹងបន្តតាមដាន នៅពេទ្យកាលម៉ែត្រវិញ ព្រោះអស់លុយតិច និងមានគុណភាពដូចគ្នា ហើយជិតផ្ទះមិនចំបាច់ចំណាយលុយច្រើន។
អ្នកនាង កាតុ ជាអ្នកសិល្បៈខ្មែរម្នាក់ បានកោតសរសើរគុណភាពគ្រូពេទ្យខ្មែរ ខណៈដែលតារាសិល្បៈផ្សេងៗ នាំគ្នារិះគន់មិនសំចៃមាត់ ។ នេះមកពីអ្នកនាង កាតុ ជួបផ្ទាល់ខ្លួនឯង ទើបនាងយល់ច្បាស់ ។ កាតុ បានស្រកទំងន់យ៉ាងគំហក់ ខណៈដែលស្វាមីអ្នកនាងឈឺ ហើយចំណាយលុយអស់ច្រើន តែអ្នកនាងក៏អរគុណ ដល់បងប្អូនទាំងអស់ ជាពិសេសអ្នកសិល្បៈ ដែលបានផ្ដល់កំលាំងចិត្តដល់នាង និងប្ដី៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង