(ភ្នំពេញ)៖ ស្វាមីតារាកំប្លែងអ្នកនាង កាតុ គឺលោក ខ្យង ក្រោយពីជំងឺបេះធ្វើទុក្ខ រើឡើងវិញហើយត្រូវបានបញ្ជូន ទៅសង្គ្រោះជាថ្មី នៅមន្ទីពេទ្យកាល់ម៉ែត្រ កាលពីយប់ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា កន្លងមកនេះ ឥឡូវស្ថានភាពជំងឺរបស់លោក បានធូស្រាលខ្លះវិញហើយ បន្ទាប់ពីទទួលបានការព្យាបាល យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ ជំនាញៗមកនោះ។
យោងតាម Page សិល្បករកម្ពុជា របស់លោក អ៉ឹម ជីវ៉ា បានសរសេរបញ្ជាក់មុននេះថា ស្វាមីតារាកំប្លែងស្រី តុ ចូល បន្ទាន់ពីចូលសង្គ្រោះ នៅមន្ទីពេទ្យកាល់ម៉ែត្រ កាលពីយប់មិញពេលនេះ អាការបានធូស្បើយបន្តិចហើយ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ និងប្រុងប្រយ័ត្នបំផុត ពីវេជ្ជបណ្ឌិតដ៏ចំណានៗ ផ្នែកជំងឺបេះដូង នៃមន្ទីពេទ្យកាល់មែត្រ ។
ប្រភពដដែលនេះ បានបន្តថា កាលពីយប់ថ្ងៃទី ១៨ខែ មិថុនា ឆ្នាំ២០១៦លោកខ្យងដែលជាតន្ត្រីករបានចូលសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រផ្នែកបេះដូង ដោយសារជំងឺរើឡើងវិញ រហូតធ្វើឲ្យអ្នកនាង កាតុ ភ័យរហូតដល់ស្រក់ទឹកភ្នែក តែដោយមានការពន្យល់ និងយកចិត្តទុក្ខដាក់ខ្ពស់ ដោយមានការប្រុងប្រយ័ត្ន ពីវេជ្ជបណ្ឌិតដ៏ចំណានៗ ផ្នែកបេះដូងធ្វើការសង្គ្រោះភ្លាមៗធ្វើឲ្យ លោក ខ្យង បានឆ្លងផុតពីជំងឺមួយនេះ និងបានធូស្បើយបន្តិចហើយ តែត្រូវនៅសម្រាកក្នុងមន្ទីពេទ្យរយៈពេលពីរឬបីថ្ងៃ ដើម្បីតាមដានជំងឺបន្តទៀត ។
តារាកំប្លែងអ្នកនាង សុខ ចាន់ធីតា ហៅកាតុ និយាយថា «នៅពេលដែលស្ថានភាព របស់ប្តីខ្ញុំកំពុងធ្វើទុករើឡើងវិញ ធ្វើឲ្យខ្ញុំភ័យខ្លាំងណាស់ រហូតដល់យំ ហើយក៏បានទូរស័ព្ទទៅបងប្អូន និងមិត្តសិល្បករមួយចំនួនពេលនោះ លោក អ៉ឹម ជីវ៉ា និង លោក ស៊ូ រតនៈ ក៏បានមកដល់មន្ទីរពេទ្យភ្លាមៗ ដើម្បីរងចាំខ្ញុំ បន្ទាប់មកក៏មានអ្នកនាង ខាត់ សុឃីម និង ស្វាមី , កញ្ញាស្រីពៅ , លោក ករុណា ពេជ្រ លោក សុគន្ធ ថេរ៉ាយុ និង កញ្ញា អាលីហ្សា មកជាបន្តរបន្ទាប់ !»។
អ្នកនាង កាតុ បានបន្ថែមថា «ខ្ញំពិតជាសូមអរគុណខ្លាំងណាស់ និងសូមអរគុណដល់បងប្អូន អ្នកព្រួយបារម្ភទាំងអស់ ដែលបានជូនពរដល់ស្វាមីខ្ញុំ នាងខ្ញុំសូមអរគុណ!»។ យ៉ាងណាមិញ មកដល់ម៉ោងនេះ លោក ខ្យង បានធូស្បើយបន្តិចហើយ និងកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យនៅឡើយ ដោយត្រូវតាមដានជំងឺបន្ត និងមានការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមវេជ្ជបណ្ឌិត ពីមន្ទីរពេទ្យកាល់មែត្រ ។ លោកខ្យង កំពុងសម្រាកនៅបន្ទប់លេខ ៣៧ អាគារបេះដូង ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង