CamNews

កីឡាជាតិ 

មោទនភាពជាតិ! ឡាវ ប្រ៊ុយណេ និងទីម័រឡេស្តេ ជូនដំណើរកម្ពុជា ឡើងទៅវគ្គចែកពូល AFF Suzuki Cup ដោយរីករាយ

(ភ្នំពេញ)៖ ទាំង៣ប្រទេស នៅតំបន់អាស៊ានដូចគ្នាមាន ឡាវ ប្រ៊ុយណេ និងទីម័រឡេស្តេ សុទ្ធតែទទួលស្គាល់ពីទម្រង់លេងដ៏ល្អ របស់ក្រុមបាល់ទាត់កម្ពុជា និងសាទរក្នុងការឡើងទៅវគ្គ ចែកពូលនៃពានរង្វាន់ AFF Suzuki Cup 2016 នៅប្រទេសមីយ៉ាន់ម៉ា។

៣ក្រុមខាងលើ សុទ្ធតែចាញ់ក្រោមថ្វីជើងរបស់កម្ពុជាទាំងអស់ សូម្បីតែស្មើ ដោយឡាវចាញ់កម្ពុជា ២-១ ប្រ៊ុយណេ ចាញ់កម្ពុជា ៣-០ និងទីម័រឡេស្តេ ចាញ់កម្ពុជា ៣-២ ដោយបានដឹងមុនថា «កម្ពុជា ជាក្រុមតែមួយគត់ ដែលស័ក្តិសមឡើងទៅវគ្គបន្ត»

តួយ៉ាង ថ្លែងក្នុងសន្និសីទរួមគ្នាមុនបើកការប្រកួតវគ្គជម្រុះ AFF Suzuki Cup 2016 គ្រូបង្វឹកក្រុមភ្ញៀវសុទ្ធតែបង្ហាញក្តីបារម្ភការជួបប្រកួត ទល់នឹងកម្ពុជា និងយុទ្ធសាស្រ្តការពារ ច្រើនជាងសម្រុកថែមទៀតផង។

សូមបញ្ជាក់ថា ការទទួលបានជ័យជំនះជាបន្តបន្ទាប់នេះ បានធ្វើឲ្យក្រុមបាល់ទាត់កម្ពុជា ឡើងចំណាត់ថ្នាក់ក្នុង FIFA Ranking ពីលេខ ១៩៣ មកនៅត្រឹមតែលេខ១៦៧ ប៉ុណ្ណោះ ក្នុងចំណោម២១០ប្រទេសដែលជាសមាជិករបស់ FIFA ហើយក៏លែងជាសាច់ជ្រូកបីជាន់ ឬក៏ជាបាវសាក់ សម្រាប់គេស៊ុតយកគ្រាប់ និងពិន្ទុទៀតហើយ។

ដើម្បីជាការលើកទឹកចិត្តចំពោះជ័យជំនះដ៏ត្រចះត្រចង់នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានឧបត្ថម្ភជាទឹកប្រាក់ ៥ម៉ឺនដុល្លារអាមេរិក តាមរយះនាយឧត្តមសេនីយ៍ សៅ សុខា ខណះប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) លោក សៅ សុខា ក៏បានឧបត្ថម្ភ ១៦០០០ដុល្លារដែរនោះ។

លើសពីនេះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារតាមរយះ Facebook របស់សម្តេចថា «កីឡាករទាំងអស់ត្រូវចងចាំថា (ក្មួយៗអាចធ្វើបាន) ទាំងនៅពេលនេះ និងនៅក្នុង ពេលប្រកួតកីឡាស៊ីហ្គេម (SEA-Games) ខាងមុខ ហើយការចូលរួមគាំទ្រ ដោយផ្ទាល់យ៉ាងច្រើនកុះករនៅស្តាតអូឡាំពិក ក៏ជាចំណែកមួយ ដើម្បីទទួលបានជោគជ័យនេះដែរ»

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local sport news