(អាមេរិក)៖ Brad Pitt និង Angelina Jolie កំពុងស្វែងរកការព្រមព្រៀងគ្នា រឿងកូនទាំង៦នាក់ ខណៈបណ្តឹងលែងលះស្ថិតក្នុងដៃ តុលាការនៅឡើយ។ កូនៗទាំង ៦ របស់អ្នកទាំងពីររួមមាន កូនចិញ្ចឹម៤នាក់ ដូចជា Maddox អាយុ១៥ឆ្នាំ, Pax អាយុ ១២ឆ្នាំ, Zahara អាយុ១១ឆ្នាំ, Shiloh អាយុ១០ឆ្នាំ និងកូនបង្កើតដែលជាកូនភ្លោះគឺ Knox និង Vivienne អាយុ៨ឆ្នាំ។ មេធាវីរបស់តារាហូលីវូត ដ៏ល្បីទាំងពីរនេះ កំពុងព្យាយាមដោះស្រាយគ្នា ទាំងសងខាង ពីរឿងសុំសិទ្ធិគ្រប់គ្រងកូននេះ ដោយសារកន្លងមក Angelina ស្នើសុំតុលាការគ្រប់គ្រង និងថែរក្សាកូនៗទាំងអស់ ប៉ុន្តែ Brad សុំឲ្យចែកកូនស្មើគ្នា។
រឿងរ៉ាវដ៏ក្តៅគគុក រហូតឈានដល់ថ្នាក់ នាង Angelina ដាក់ពាក្យប្តឹងសុំលែងស្វាមីនេះ កើតមានពាក្យចចាមអារ៉ាមជាច្រើន ដូចជាខ្លះថា Brad Pitt ទាក់ទងស្រីផ្សេង ទើបធ្វើឲ្យភរិយាផ្ទុះកំហឹង ប្តឹងសុំលែង តែខ្លះទៀតថា បណ្តាលមកពី Brad លើកដៃរកវាយកូនប្រុស Maddox ខណៈគេព្យាយាមការពារម្តាយ ដែលកំពុងឈ្លោះប្រកែកជាមួយឪពុក ទើប Angelina ទ្រាំមិនបាន ក៏សុំផ្តាច់ចំណងអាពាហ៍ពិពាហ៍ តែម្តង។
ប្តីប្រពន្ធតារាហូលីវូតទាំងពីរនេះ មានអចលនទ្រព្យទាំងអស់១២ ដែលពួកគេបានទិញមុនពេលរៀបការ ដូចជា ផ្ទះចំនួន ៧គឺជារបស់ Brad ហើយ ២ខ្នង គឺជារបស់ Angelina ដោយឡែក៣ខ្នងទៀត ដូចជា អាផាតមិននៅញូវយ៉ក ផ្ទះដ៏ស្កឹមស្កៃនៅ New Orleans និងចំការទំពាំងបាយជូរ នៅប្រទេសបារាំង គឺជាទ្រព្យរួមដែលពួកគេ បានទិញជាមួយគ្នា ដូច្នេះទ្រព្យរួមរបស់អ្នកទាំងពីរ នឹងត្រូវតុលាការធ្វើការបែងចែកស្មើៗគ្នា ប្រសិនបើចៅក្រមរកឃើញថា វាពិតជាទ្រព្យដែលកើតឡើង ពីការចំណាយរួមរបស់ពួកគេមែន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង