(ភ្នំពេញ)៖ តារាចម្រៀងស្រី ដ៏ល្បីល្បាញ កញ្ញា សុគន្ធ នីសា ដែលជាស្រីស្អាត ក្នុងផលិតកម្ម ថោន បានវិលមកជាស្រីស្អាត ក្នុងផលិតកម្ម ហង្សមាស វិញហើយ ថែមទាំងបែកស្លុយ ជាងមុនទៀតផង ខណៈដែលនាងបានចាប់ដៃគូឡើងវិញ ជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ធ្វើឲ្យនាងកាន់តែលេចធ្លោរ ជាងកាលចាប់ដៃគូលើកមុនទៅទៀត។ ថ្មីៗនេះ អ្វីដែលជារឿងស៊យធំ សម្រាប់តារាចម្រៀងចូលចិត្ត រើបង្វេចចុះឡើងៗ និងទើបតែជាន់ទឹកដីហង្សមាសវិញនោះ គឺនៅពេលដែលនាងចេញច្រៀងតាមកម្មវិធីប្រគំ តន្រ្តីហើយពេលកំពុងច្រៀង បានលូកដៃចាប់ដៃអ្នកគាំទ្រ ហើយត្រូវបានអ្នកគាំទ្រ ទាញបោចនាឡិកាដៃរបស់នាង ដែលមានតម្លៃថ្លៃអស់ចំនួន២គ្រឿង ធ្វើឲ្យនាងហួសចិត្តនិយាយលែងចង់ចេញ។
ជានិច្ចកាល តារាចម្រៀង សុគន្ធ និសា តែងតែចុះច្រៀងក្នុងកម្មវិធីប្រគំតន្រ្តី តាមបណ្ដាខេត្តនានា ដោយសារតែនាង ក៏ជាប់ជាតារាចម្រៀងម្នាក់ មានប្រជាប្រិយភាពខ្លាំង មិនធម្មតាដែរ រហូតក្រុមហ៊ុនផលិតផលតូចធំនានា ពិបាករំលងរូបនាងណាស់ ។ សុគន្ធ នីសា តែងតែបង្ហាញខ្លួនជាមួយ ការតុបតែងខ្លួន យ៉ាងស្រស់ស្អាត ក្នុងឈុតសម្លៀកបំពាក់ប្លែកៗ ស័ក្តិសមនឹងរូបនាង ហើយពេលឡើងច្រៀងលើឆាកតន្រ្តី ក៏មិនរំលងការ ចាប់ដៃពីអ្នកគាំទ្រនាងដែរ ដែលពួកគេចង់ចាប់ដៃ តារាល្បីៗខ្លាំងណាស់។ តែប្រភពពីអ្នកជិតស្និទ្ធ នឹងសុគន្ធ និសា បាននិយាយថា នាងអស់នាឡិកាថ្លៃៗ ពីរគ្រឿងហើយ ព្រោះត្រូវបានគេបោចយកពីដៃ ពេលចាប់ដៃម្ដងៗ។
ប្រភពដដែល បាននិយាយថា ធម្មតាអ្នកសិល្បៈ តែងតែសប្បាយចិត្តពេលអ្នកគាំទ្រ ស្រឡាញ់នឹងចូលចិត្តច្រើន ហើយក៏ភ្លេចខ្លួនរហូតត្រូវបាន គេបោចយកនាឡិកាដៃអស់ពីគ្រឿង ដែលមួយគ្រឿងៗតំលៃរាប់រយដុល្លារឯណោះ ព្រោះ និសា ប្រើនាឡិកាថ្លៃៗ មិនមែនរបស់ថោកៗឡើយ ។ សុគន្ធ និសា យល់ឃើញថា លើកទី១គិតថា ជារឿងចៃដន្យ ដែលត្រូវគេបោចយកបែបនេះ ព្រោះមនុស្សច្រើន មិនបានប្រយ័ត្ន ប៉ុន្តែដល់ពេលលើកទី២ ទើបលែងយល់ថា ជារឿងចៃដន្យទៀតហើយ ព្រោះនាឡិកា មានតម្លៃថ្លៃគួរសមដែរ ហើយនាងក៏ឈប់ពាក់នាឡិកាថ្លៃឡើងឆាកទៀត ព្រោះបានមេរៀនពីរលើករួចមកហើយ ។
ថ្វីត្បិតតែតារាចម្រៀង សុគន្ធ នីសា ត្រូវបានគេបោចយកនាឡិកាដៃអស់ចំនួន២គ្រឿងក្ដី ប៉ុន្តែនាងមិនបានសៅហ្មងអ្វីឡើយ នាងនៅតែចាប់ដៃអ្នកគាំទ្រ ដូចធម្មតា ព្រោះអ្នកគាំទ្រ មិនមែនសុទ្ធអាក្រក់ទាំងអស់នោះទេ ។ ម្យ៉ាងទៀត សុគន្ធ និសា ជាមនុស្សរួសរាយរាក់ទាក់ តែងតែស្វាគមន៍មនុស្សគ្រប់គ្នា នៅជុំវិញខ្លួន ដូចនេះហើយទើបនាង ឈរលំដាប់កំពូលមិនធ្លាក់ប្រជាប្រិយភាពនោះទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង