CamNews

តារា 

ខេមរៈ ស្រីពៅ ស្ថាន​ភាព​​ជំងឺ​​ប្រតិកម្ម​​ស្បែក​ ឈាន​ដល់​ដំណាក់​​កាល​ចាំ​ដង្ហើម ?

(ភ្នំពេញ)៖ ប្អូនស្រីបង្កើតរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត គឺស្រីស្រស់ខ្មៅស្រអែម ខេមរៈ ស្រីពៅ តារាចម្រៀងចូលតាមបងប្រុស ក្នុងផលិតកម្ម សាន់ដេ ត្រូវបានប្រពភព័ត៌មានស្ទើរតែគ្រប់មជ្ឈដ្ឋាន និយាយតៗគ្នាឲ្យដឹងថា ស្ថានភាពពេលនេះ នាងកំពុងតែរងនូវជំងឺ ប្រតិកម្មស្បែក​យ៉ាងធ្ងន់ធ្ងរ អាចឈានដល់ដំណាក់កាលចុងក្រោយនៃជីវិត បន្ទាប់ពីនាងព្យាយាមប្រើថ្នាំកែសម្ផស្សជ្រុលពេក និងកំពុងតែសំងំព្យាបាល នៅឯផ្ទះ​ស្រុកកំណើត ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ក្នុងរយៈកាលប៉ុន្មានខែចុងក្រោយនេះ តារាចម្រៀង ខេមរៈ ស្រីពៅ មិនត្រូវបានទស្សនិកជន ឃើញវត្តមានឡើងច្រៀងលើឆាកតន្រ្តី ដែលជាឱកាសប្រមូលប្រាក់ពីការប្រគំតន្រ្តី តាមបណ្ដាខេត្ត ដូចសព្វមួយដងទៀតឡើយ ។ សូម្បីតែក្នុងផលិតកម្ម ក៏មិនឃើញចេញបទចម្រៀងថ្មី ដូចជាតារារួមទ្រនំផ្សេងទៀតនោះដែរ ហើយទស្សនិកជន ក៏ឆ្ងល់ដែរថា ហេតុអ្វី ខេមរៈ ស្រីពៅ បាត់ដំណឹងពីសិល្បៈសូន្យឈឹងបែបនេះ ? ជាមួយគ្នានេះ ប្រភពព័ត៌មានចេះ​តែលេចឮ ល្ហិចល្ហៀងជាបន្តបន្ទាប់ រហូតអ្នកខ្លះ​បាននិយាយថា នាងមានគ្រោះអកុសល ដល់ជីវិតទៀតផង ដោយបានហៅលោកអាចារ្យ មកសូត្រមន្តនៅឯផ្ទះ ក្នុងស្រុកកំណើត ខណៈដែលជំងឺនាង ឈានដល់ដំណាក់កាល ​ចាំដង្ហើមទៅហើយ ។

បើតាមប្រភពព័ត៌មាន ពីអ្នករស់នៅក្បែរផ្ទះ ខេមរៈ ស្រីពៅ បានបង្ហើបថា នាងកំពុងតែរងនូវជំងឺប្រតិកម្មស្បែក​យ៉ាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលអស់ពេលជាច្រើនខែមកហើយ ពោលសភាពជំងឺរបស់នាង ហាក់បីដូចជាពិបាក ក្នុងការរកថ្នាំមកព្យាបាលណាស់ ព្រោះតែមានស្ថានភាពរលួយដោយកន្លែង និងមើលទៅប្រែរូបរាងខ្មៅគួរឲ្យព្រឺព្រួច ។

ប្រភពដដែលបានបន្តថា កាលពីចុងខែធ្នូឆ្នាំ២០១៥ ថ្មីៗនេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានរៀបចំពិធីមង្គលការ ជូនប្អូនស្រីរបស់ខ្លួនម្នាក់​ ឈ្មោះ ខេមរៈ ស្រីពេជ្រ ដោយបាន​អញ្ជើញតារាល្បីៗ និងចាងហ្វាងផលិតកម្ម សាន់ដេ ចូលរួមអបអរសាទរ ។ ក្នុងនោះគេបានឃើញ ខេមរៈ ស្រីពៅ ដេកនៅជាប់នឹងកន្ទេលក្នុងផ្ទះ ដោយមិនបានចេញមក ទទួលស្វាគមន៍ ភ្ញៀវកិត្តិយស ដែលជាអ្នករួមអាជីព និងក្រុមការងារក្នុងផលិតកម្ម ជាមួយគ្នាឡើយ ។

អ្វីដែល ខេមរៈ ស្រីពៅ មិនបានមកទទួលរាក់ទាក់ អ្នកសិល្បៈដូចគ្នា​ ដោយសារតែសភាពជំងឺ របស់នាងកំពុងធ្វើទុក្ខខ្លាំង និងស្បែកមានសភាពប្រែប្រួល ពេលត្រូវកម្ដៅថ្ងៃ ពេលនោះគេឃើញអ្នកសិល្បៈខ្លះ បានចូលទៅសួរសុខទុក្ខនាង និងជូនពរនាងឲ្យឆាប់ជាសះស្បើយពីជំងឺទៀតផង។

ជុំវិញព័ត៌មានដ៏រសើបនេះ Khmertalking ​បានធ្វើការទំនាក់ទំនង ទៅលោក ខេមរៈ ភារុណ ជាបងប្រុសរបស់នាង ប៉ុន្តែមិនអាចទំនាក់ទំនងបាន ខណៈទូរស័ព្ទត្រូវបានបិទ។ ដើម្បីឲ្យជ្រះមន្ទិលដ៏រសើបនេះ Khmertalking បានទាក់ទងទៅតារាចម្រៀង ខេមរៈ សិរីមន្ត បន្តទៀត ប៉ុន្តែត្រូវបានជំនួយការ របស់លោកជាអ្នកទទួលទូរស័ព្ទ រួចប្រាប់ថា លោក សិរីមន្ត មិនបាននៅក្នុងប្រទេសទេ ដោយលោកបានចេញទៅប្រទេសថៃ បាត់ហើយ ដើម្បីថតស្ពតពាណិជ្ជកម្ម ។

ជំនួយការរូបនោះនិយាយថា​« បាទបង.. គាត់ (សិរីមន្ត) អត់នៅផងបង.. ខ្ញុំជាជំនួយការគាត់ ហើយគាត់បានចេញទៅថៃ ២ថ្ងៃហើយ ទៅទាំងពីរនាក់ (ភារុណ និងសិរីមន្ត) ស្អែកឬខានស្អែក បានគាត់ត្រ​ឡប់មកវិញ ហើយគាត់ក៏អត់យកទូរស័ព្ទទៅដែរបង...!!»

ទោះបីជាយ៉ាងណា ជុំវិញរឿងរ៉ាវ ដ៏រសើបនេះ លោក ខេមរ ភារុណ ធ្លាប់បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ខេមរៈ ស្រីពៅ ជាប្អូនស្រី ពុំមានរឿងហេតុអ្វីកើតឡើង ដូចព័ត៌មានល្បីសុះសាយ ពីមាត់មួយទៅមាត់មួយនោះទេ ពោលគឺនាងមានសុខភាពល្អធម្មតា ប៉ុន្តែដោយសារលោក រវល់នឹងការងារពេក ក៏មិនសូវបានជួបគ្នា ។

ប៉ុន្តែយ៉ាងណាមិញ ទោះជាមានការបកស្រាយពី លោក ភារុណ ស្ដីពីស្ថានភាពជំងឺរបស់នាងក្ដី ក៏រហូតមកដល់នឹងពេលនេះ ព័ត៌មានអកុសលអំពី ខេមរៈ ស្រីពៅ នៅតែរីកសុះសាយ ពីមួយទៅមួយ និងកាន់ធ្វើឲ្យមហាជន មានមន្ទិល​ខ្លាំងឡើងៗ..!៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី

 


Tags: srey pov ent news