(ប៉ារីស)៖ យោងតាមមន្រ្តីប៉ូលិសបាំរាំងមួយរូប បានបញ្ជាក់ប្រាប់ថា ជនប្រដាប់អាវុធមានគ្នាចំនួន ប្រាំនាក់ បានធ្វើការប្លន់ដោយភ្ជង់កាំភ្លើងទៅលើអ្នកនាង Kim Kardashian ដែលតារាម៉ូដែលអាមេរិក ដ៏ល្បីឈ្មោះហើយយកបានគ្រឿងអលង្ការ ដែលមានតម្លៃរាប់លានដុល្លារទៅបាត់ ប៉ុន្តែជាសំណាងល្អ ពុំមាននរណាម្នាក់បានទទួលរងរបួសនោះឡើយ។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០១៦។
ប្រភពដដែលបានឲ្យដឹងទៀតថា ករណីប្លន់ខាងលើ បានកើតឡើងនៅវេលាម៉ោង៣៖០០នាទីទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ (ពេលវេលាក្នុងទីក្រុងប៉ារីស) ប៉ុន្តែមិនបានបញ្ជាក់ប្រាប់ច្បាស់ ពីឈ្មោះសណ្ឋាគារ ដែលកើតហេតុនោះឡើយ។
គួរបញ្ជាក់ដែរថា នៅមុននេះបន្តិច CNN បានផ្សាយថា អ្នកនាង Kardashian ត្រូវបានជនបិទមុខចាប់ភ្ជង់ ដោយកាំភ្លើង នៅឯបន្ទប់សណ្ឋាគារមួយកន្លែង ក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំង ហើយហេតុការណ៍នេះ បានបង្ខំឲ្យស្វាមីរបស់អ្នកនាង គឺលោក Kanye West ដែលជាតារាចម្រៀងដ៏ល្បីមួយរូបនោះ បញ្ចប់ការ សម្តែងរបស់ខ្លួន នៅឯទីក្រុងញូវយ៉កយ៉ាងតក់ក្រហល់ ដោយបានត្រឹមប្រាប់ អ្នកចូលរួមការប្រគំតន្រ្តីថា លោកមានកិច្ចការបន្ទាន់ ពាក់ព័ន្ធនឹងគ្រួសារ៕
ប្រភព ៖ CNA
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង