ភ្នំពេញ៖ បន្ទាប់ពីគេហទំព័រ LookingTODAY បានចុះផ្សាយអត្ថបទ មានចំណងជើងថា "លាន អាព្រីគីនីន សង្ស័យបញ្ចប់សិល្បៈ ទៅសម្ងំរកស៊ីឈើ" ដែលជាការសង្ស័យ របស់ទស្សនិកជនជាច្រើននោះ មិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះម្ចាស់សាម៉ីខ្លួន អតីតតារាចម្រៀងធ្លាប់ផ្អែមល្ហែម ជាមួយស្រីផ្សេង រហូតប្រពន្ធតាមទាន់ ផ្ទុះរឿងរូបនេះ បានចេញមុខ បកស្រាយទាំងអស់សំណើចថា លោកមិនបានជាប់ពាក់ព័ន្ធ រឿងកាប់បំផ្លាញឈើ ដូចអ្វីដែលទស្សនិកជន បានឃើញក្នុងរូបថត នោះទេ ។
អតីតតារាចម្រៀង និងជាពិធីករ លោក លាន អាព្រីគីនីន បានប្រាប់ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤ លាយឡំសំណើចថា លោកមិនចាប់អារម្មណ៍ ទៅលើសម្លេងរិះគន់អ្វីឡើយ ព្រោះថាលោកមិនបាន ធ្វើអ្វីខុសពីច្បាប់ ហើយលោកក៏មិនបាន កាប់បំផ្លាញឈើ ដូចអ្វីដែលទស្សនិកជន គិតនោះទេ។ ម្យ៉ាងវិញទៀតរូបថត ដែលបង្ហាញជា សាធារណៈនោះ គឺរូបច្រើនឆ្នាំមកហើយ ដោយលោកបានថត នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោកបានប្រាប់ ឲ្យដឹងបន្ថែមទៀត លាយឡំសំណើចខ្លាំងៗថា "ខ្ញុំមិនគិត ថារឿងនេះ ធ្វើឲ្យប៉ះពាល់ កេរ្តិ៍ឈ្មោះ ឬកិត្តិយសខ្ញុំទេ ខ្ញុំជឿថា អ្នកដែលលេង (បង្ហោះរូប) ជាមិត្តភក្តិរបស់ខ្ញុំទេ ព្រោះពេលខ្លះ គាត់លេងទៅជ្រុល ធ្វើឲ្យការលេងនោះ បែរជាមានបញ្ហាទៅវិញ។ ប៉ុន្តែខ្ញុំគិតថា វាមិនមានបញ្ហាអ្វីធំដុំទេ ដោយសារតែខ្ញុំមិនមែន ជាឈ្មួញ ហើយក៏មិនមែន ជាអ្នកកាប់ ។ ដូចថ្មីៗនេះមាន Facebook មួយចំនួន បាននិយាយថា កញ្ញា មាស សុខសោភា អ្នកដាំ ខ្ញុំជាអ្នកកាប់ រឿងនេះបែរជាក្លាយ ទៅជារឿងកំប្លែងវិញទៅហើយ " ។
លោក លាន អាព្រីគីនីន បន្តថា "ខ្ញុំពិតជាអស់សំណើចខ្លាំងមែនទែន..! នៅពេលមានរឿងនេះ កើតឡើង ។ តាមពិតទៅខ្ញុំមិនមែនជា តារាល្បីអ្វីទេ ចុះហេតុអ្វី បានជាមានអ្នកចាប់អារម្មណ៍ច្រើនម៉្លេះ? ម្យ៉ាងវិញទៀត សម្រាប់ការរិះគន់ ខ្ញុំមិនមានការព្រួយ បារម្ភទេ អារម្មណ៍មនុស្សមិន ដូចគ្នាឡើយ គឺមានគំនិតខុសៗគ្នា មានអ្នកពេញចិត្ត មានអ្នកស្រលាញ់ និងមានគេស្អប់ វាជារឿងធម្មតាគ្មានអ្វី ចំឡែកទេ"។
លោកបានប្រាប់ឲ្យដឹងទៀតថា ឆ្លៀតពេលនេះ លោកចង់បញ្ជាក់ឲ្យច្បាស់ថា រហូតមកដល់ពេលនេះ លោកនៅមិនទាន់បាន ទទួលទូរស័ព្ទ ផ្តល់បទសម្ភាសន៍ជា មួយខាងសារព័ត៌មានណាមួយ ទាក់ទងរឿងនេះ នៅឡើយទេ មូលហេតុដែលលោក និយាយបែបនេះ គឺថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានសរសេរបញ្ចេញបញ្ចូលខ្លួនឯង ទាក់ទងរឿងនេះ ដោយមិនបានឆ្លងកាត់ ការសម្ភាសន៍ លោកឡើយ ។
សម្រាប់ការ បង្ហាញរូបថតនេះ លោកមិនចង់បកស្រាយ អ្វីច្រើនទេ លោកគ្រាន់តែចង់និយាយថា ឈើប្រណិតទាំងអស់នោះ គឺស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ហើយប្រសិន បើមានអ្នកចង់ថតរូបបែបនោះ គឺអាចទៅទីនោះថតបាន ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល