ភ្នំពេញ៖ តារាចម្រៀងល្បីល្បាញ ក្នុងផលិតកម្ម ហង្សមាស អ្នកនាង យក់ ឋិតរដ្ឋា ថ្វីដ្បិតតែមិនបានទទួលតំណែងជាគ្រូបង្វឹករបស់កម្មវិធី «The Voice Cambodia» តែនាងប្រហែលជាអាច នៅតែជាអ្នកផ្ដល់ដំបូន្មានឲ្យកូនក្រុមរបស់លោក ឆន សុវណ្ណរាជ ដដែល ព្រោះកម្មវិធីនៅតែរក្សារទំរង់ដើមគ្រប់បែបយ៉ាង ។ ក្រៅពីជោគជ័យ ក្នុងវិស័យសិល្បៈ យក់ ឋិតរដ្ឋា ត្រូវបានមហាជន កាន់តែចាប់អារម្មណ៍ជាងនេះ គឺការត្រៀមបើកលក់ហាងអាហារថៃ ដែលមានឈ្មោះថា« Siem Cambodia » ដែលមានលក់ទាំងគុយទាវចានធំ និង ស៊ុប ដោយនាងនឹងស្វាមី ជាអ្នកបើកផ្ទាល់តែម្ដង ។
ជាការពិត ក្រៅពីរឿងរ៉ាវគ្រួសារជីវិតប្ដីប្រពន្ធ របស់អ្នកនាង យក់ ឋិតរដ្ឋា មានសុភមង្គលស្ទើរតែក្លាយជាគូរស្នេហ៍គំរូនោះ ទស្សនិកជន ក៏ទទួលស្គាល់ថា គ្រួសារនេះជាអ្នកសិល្បៈដែលសម្បូរលុយច្រើនផងដែរ ព្រោះគ្រាន់តែផ្ទះរបស់នាងកំពុងរស់នៅសព្វក៏មានតម្លៃប្រមាណ ជិត៣០ម៉ឺនដុល្លារដែរ។ រីឯរថយន្តក៏ទំនើប ស្របពេលដែលស្វាមីអ្នកនាង លោក ឃុំ ប៉ុណ្ណាដែត គេទទួលស្គាល់ថា ជាបុរសពូកែរកប្រាក់ និងផ្គាប់ចិត្តភរិយាបំផុត មិនឲ្យអ្នកនាង យក់ ឋិតរដ្ឋាពិបាកចិត្តឡើយ ។
អ្នកនាង យក់ ឋិតរដ្ឋា ពីមុនត្រូវបានគេដឹងថា ធ្លាប់បើកជាហាងលក់សម្លៀកបំពាក់ តាំងពីនាងរៀបការដំបូងៗ ក្រោយមកក៏ប្រគល់ឲ្យម្ដាយមើលហាងជំនួស រហូតមកដល់ពេលនេះ បានបិទចោលទៅហើយ ។ គេមិនទាន់ដឹងថា អ្នកនាងអាចធ្វើអាជីវកម្មនេះ បានយូរយ៉ាងណាទេ ស្របពេលហាងអាហារបច្ចុប្បន្ន ហាងខ្លះបើកបានតែមួយប្រាវ ក៏ស្ងាត់ទៅវិញ ពិសេសហាងដែលឆើតឆាយ បែបនេះ ។
ប្រភពជិតដិត អ្នកនាង យក់ ឋិតរដ្ឋា បាននិយាយថា មុនធ្វើអ្វីមួយ នាងគិតគូរបានល្អិតល្អន់ណាស់ មិនលេងសើចទេ ពិសេសរឿងរកស៊ី ព្រោះស្វាមីនាងជំនាញខាងនេះស្រាប់ ហើយម្ហូបអាហារត្រូវហូបរាល់ថ្ងៃ ។ រសជាតិ និងគុណភាពនៃអាហារ ត្រូវបានធ្វើឡើងក្នុងលក្ខណៈស្ដង់ដារ ហើយនាងក៏ជះលុយជាច្រើនម៉ឺនដុល្លារ ក្នុងការរៀបចំហាងអាហារ ដើម្បីឲ្យស្របទៅភាពទាន់សម័យនៃសង្គមនេះ ។ ហាងនាង យក់ ឋិតរដ្ឋា នឹងបើកនៅថ្ងៃទី១៩ ខែតុលា ខាងនេះសម្រាប់អ្នកគាំទ្រ អាចទៅហូបអាហារ នាង យក់ ឋិតរដ្ឋា បានគ្រប់ៗគ្នាហើយ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល