(ភ្នំពេញ)៖ គិតត្រឹមរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ចំនួនមេដាយសរុប២៤៦គ្រឿង ត្រូវបានបំពាក់ដល់កីឡាករ-កីឡាការិនីដែលឈ្នះជើងឯករួចរាល់ហើយ ក្នុងចំណោម១៥ប្រភេទកីឡា នៃយុទ្ធនាការកីឡាជាតិ លើកទី១ ឆ្នាំ២០១៦ គ្រាដែលអត្តពលិកមកពីក្រសួងមហាផ្ទៃ នៅតែបន្តនាំមុខគេដដែល ដោយឈ្នះមេដាយរហូតដល់ ៣៧គ្រឿង។
ក្នុងចំណោមមេដាយ ២៤៦គ្រឿង ដោយមានមេដាយមាស ៨០គ្រឿង មេដាយប្រាក់ ៨០គ្រឿង និងមេដាយសំរឹទ្ធ ៨៦គ្រឿង ក្រុមអត្តពលិកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស ២២គ្រឿង ប្រាក់៥គ្រឿង និងសំរឹទ្ធ១០គ្រឿង សរុប ៣៧គ្រឿង គិតចាប់តាំងពីថ្ងៃបើកការប្រកួតដំបូងនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅទីលាន៣ទីតាំងផ្សេងគ្នា គឺរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តតាកែវទៅលើ ១៨០វិញ្ញាសា។
តែយ៉ាងណាមិញ សម្រាប់អត្តពលិកប្រចាំរាជធានីភ្នំពេញ ដែលឈ្នះមេដាយសរុបបានចំនួន ៣៨គ្រឿងនោះ បន្តឈរនៅលេខ២ ដេញក្រសួងមហាផ្ទៃ ខណៈដែលឈ្នះមេដាយមាសតែ១៤គ្រឿង ចាញ់ក្រុមកំពូលតារាងក្រសួងមហាផ្ទៃដដែល ក្រុមអត្តពលិករបស់ក្រសួងការពារជាតិ កំពុងឈរនៅលេខ៣ បណ្តោះអាសន្ន និង៧ខេត្តផ្សេងទៀតក្នុង ចំណោម ២៥ខេត្ត-ក្រុងដែលចូលរួមមានដូចជា ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ រតនគិរី និងខេត្តត្បូងឃ្មុំ។
តែយ៉ាងណាក៏ដោយ ពួកគេនៅមានឱកាសប្រកួត៣ថ្ងៃទៀត ខណៈព្រឹត្តិការណ៍កីឡាជាតិជាប្រវត្តិសាស្ដ្រលើកទី១ របស់កម្ពុជានេះ គ្រោងនឹងបញ្ចប់នៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកាចុងសប្តាហ៍នេះនៅពហុកីឡដ្ឋានជាតិដដែល ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង