(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Jamie Vardy បានយល់ព្រមចុះកិច្ចសន្យាបន្តលេងឲ្យក្លឹបកញ្រ្ជោង Leicester City រយៈពេល៤ឆ្នាំទៀតទៅមុខ ផ្តាច់បំណងប្រាថ្នារបស់ Arsenal ដែលតាមទិញជាយូរមកហើយនោះ។
សារព័ត៌មាន BBC បានធ្វើការដកស្រង់សេចក្តីថ្លែងការណ៍របស់ក្លឹប Leicester City ថា «រវាងក្លឹប និងកីឡាករវ័យ ២៩ឆ្នាំ Jamie Vardy បានបញ្ចប់មន្ទិលសង្ស័យហើយ តាមរយៈចុះហត្ថលេខារយៈពេល៤ឆ្នាំទៅមុខទៀត ក្នុងការបន្ត លេងនៅពហុកីឡដ្ឋាន King Power»។
កីឡាករដែលស៊ុតបញ្ចូលទីបាន ២៤គ្រាប់ ជួយឲ្យ Leicester City ឈ្នះពាន Premier League ជាប្រវត្តិសាស្រ្តរដូវកាលមុននេះ បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល៤ឆ្នាំទៅមុខទៀត ដោយក្តីរីករាយ បើទោះបីជាក្លឹបកាំភ្លើងធំ Arsenal តាមសុំចែចូវរូបគេ តាំងពីបិទរដូវកាលមកម្ល៉េះ ដោយហ៊ានឲ្យតម្លៃខ្លួន ២០លានផោនក៏ដោយ។
សូមបញ្ជាក់ដែរថា ខណៈពេលនេះ Jamie Vardy បានកំពុងដែរស្ថិតក្នុងក្រុមជម្រើសជាតិអង់គ្លេស លេងក្នុង Euro 2016 នៅប្រទេសបារាំង ដែលបានជួយឲ្យក្រុមតោកំណាច ឡើងទៅវគ្គ១៦ក្រុមចុងក្រោយផងដែរ ដោយត្រូវជួបក្រុម ជម្រើសជាតិអ៊ីស្លង់។
ទន្ទឹមគ្នានោះដែរ កីឡាករខ្សែប្រយុទ្ធជនជាតិបារាំង Antoine Griezmann ក៏បានព្រមព្រៀងចុះហត្ថលេខាលេងឲ្យ ក្លឹប Atletico Madrid រយៈពេល៥ឆ្នាំទៅមុខទៀតផងដែរ ដោយនឹងអស់សុពលភាពរហូលឆ្នាំ២០២១ ឯណោះ ហើយ ខណៈដែរ កីឡាករវ័យ ២៧ឆ្នាំខាងលើ ក៏កំពុងបំពេញបេសកកម្មក្នុង Euro 2016 ដូចគ្នា ដោយត្រូវជួបសាធារណរដ្ឋ អៀរឡង់ ក្នុងវគ្គ១៦ក្រុមចុងក្រោយ៕
Jamie Vardy
Antoine Griezmann
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង