(ភ្នំពេញ)៖ យ៉ាងហោចណាស់មានករណីប្លន់ម៉ូតូ២លើក បានសម្រេចទាំង២ សង្កាត់ផ្សេងគ្នា នៃទឹកដីខណ្ឌចំកាមន ដោយករណីទី១កើតឡើង នៅលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន នាម៉ោងជាង១០យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ បង្កឡើងដោយជនសង្ស័មួយក្រុម មានគ្នា៥ទៅ៦នាក់ ជិះម៉ូតូបីគ្រឿងប្រដាប់ដោយដាវសាំម៉ូរៃ បានធ្វើសកម្មភាពកាប់ប្លន់ ទៅលើជនរងគ្រោះ យកម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ស ស្លាកលេខភ្នំពេញ 1FB-201 ទៅបាត់ដោយសុវត្ថិភាព។
បន្ទាប់ពីជនសង្ស័យកាប់ប្លន់ យកម៉ូតូទៅបាត់ជនរងគ្រោះបានត្រឹមតែ មកដាក់ពាក្យបណ្តឹងប៉ុស្តិ៍ទំនប់ទឹក ទាំងស្តាយម៉ូតូតែប៉ណ្ណោះ។
ចំណែកករណីទី២វិញ កើតឡើងនៅម៉ោង៤៖០០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចជិតរង្វង់មូលផ្សារថើមថ្កូវ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន គឺមានជនល្មើស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Wave មិនចាំពណ៌ និងស្លាកលេខ ប្រើប្រាស់អាវុធខ្លីមួយដើម បានធ្វើសកម្មភាពវាយក្បាលជនរងគ្រោះ ជានារីប្លន់យកម៉ូតូមួយគ្រឿងម៉ាក Zommer ពណ៌ទឹកសមុទ្រ ស្លាកលេខភ្នំពេញ 1FN-1678 រួមជាមួយកាបូបស្ពាយមួយ ដែលក្នុងកាបូបនោះមានសម្ភារដូចជាទូរសព្ទ័ ម៉ាក Iphone 5s មួយគ្រឿង និង Iphone 6sមួយ ខ្សែជើងមួយខ្សែ និងលុយ៦០ដុល្លារ។
បើតាមសំដីនារីរងគ្រោះឈ្មោះ ហួយ ការូលីន អាយុ២១ឆ្នាំ ស្នាក់នៅជិតវត្តសន្សំកុសលបានប្រាប់ថា មុនកើតហេតុនារីរងគ្រោះ បានចេញពីក្លឹបកំសាន្តជាមួយបងធម៌ ម្តុំវត្តភ្នំដោយជិះម៉ូតូម្នាក់មួយ លុះជិះជិតដល់រង្វង់មូលផ្សារដើមថ្កូវ ដែលជាកន្លែងកើតហេតុ បងប្រុសធម៌របស់់នារីរងគ្រោះ ក៏បានជិះម៉ូតូទៅរកផ្ទះសំណាក់ដេកមុន ដោយឲ្យនារីរងគ្រោះជាប្អូនស្រី ទៅរកទិញទឹកផឹក លុះជិះទៅមិនទាន់ដល់កន្លែង លក់ទឹកសុទ្ធផងនារីរងគ្រោះ ក៏ត្រូវបានជួបក្រុមចោរ២នាក់ជិះម៉ូតូមួយគ្រឿង និងប្រើប្រាស់កាភ្លើងខ្លីមួយដើម វាយក្បាលប្លន់យកម៉ូតូ និងសម្ភារជាច្រើនទៅបាត់ ដោយសុវត្ថិភាព ។
បន្ទាប់ពីក្រុមចោរចេញទៅបាត់នារីរងគ្រោះ រួមជាមួយបងប្រុសធម៌ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត។
យ៉ាងណាក៏ដោយ ករណីទាំង២នេះ មន្រ្តីនគរបាលខណ្ឌចំការមន កំពុងធ្វើការសួរនាំបន្ថែមទៀត ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា ជាករណីប្លន់ពិតប្រាកដ ឫជាករណីអ្វីផ្សេង?៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី