CamNews

ប្លែកៗ 

ក្មេងប្រុស អ្នកជម្ងឺអេបូឡា អាយុ ៣ឆ្នាំម្នាក់ សុំអ្នកគ្រូពេទ្យមើលថែជម្ងឺឲ្យខ្លួន "រៀបការ"

Isata Kallon  ជាគិលានុបដ្ឋាយិកាម្នាក់ នៅមន្ទីរពេទ្យ Kenema ភាគខាងកើតប្រទេស​ Sierra Leone, សុខៗស្រាប់តែទទួលបានភាពភ្ញាក់ផ្អើលមួយ ដោយទទួលបាននូវសំណើសុំ "រៀបការ" ពីអ្នកជំងឺ អេបូឡាម្នាក់ ឈ្មោះ Ibrahim ដែលមានអាយុ ឆ្នាំ បន្ទាប់ពីក្មេងប្រុសម្នាក់នេះ បានជាសះស្បើយ ពីជម្ងឺឡើងវិញ

បន្ទាប់ពីបានយកឈ្នះលើមេរោគ Ebola ក្មេងប្រុស Ibrahim អាយុ ៣ឆ្នាំ បាននិយាយពាក្យ សុំរៀបការ ជាមួយអ្នកគ្រូពេទ្យ ដែលបានមើលថែខ្លួន (រូបភាព៖  Anders Kelto NPR)

Ibrahim និងម្តាយ រួម​ជាមួយបងៗពីរនាក់ទៀត ដែលមានអាយុចន្លោះពី ៥ ទៅ ៨ឆ្នាំ ត្រូវបានឆ្លង មេរោគ Ebola Ibrahim ឈឺធ្ងន់ជាងគេ ដោយមានក្អួតចង្អោរបន្តបន្ទាប់ ជាញឹកញាប់

"ឱកាសនៃការរស់រានមានជីវិត របស់អ្នកជម្ងឺតូចម្នាក់នេះ មានកម្រិតតិចតួចបំផុត" គិលានុបដ្ឋាយិកា Kallon មានអាយុប្រហែល ៣០ ឆ្នាំបានរំលឹកប្រាប់ឲ្យដឹង កាលពីថ្ងៃដំបូង នៃការព្យាបាលឲ្យ Ibrahim អង្គុយជិតតុ ផ្នែកខាងក្រៅតំបន់ព្យាបាលជម្ងឺ Ebola ស្ត្រីដែលចងសក់យ៉ាងសមរម្យ បានរៀបរាប់ពីដំណើររឿងរបស់អ្នកជម្ងឺ អាយុ៣ឆ្នាំ នេះ។

បើយោងតាមសារព័ត៌មាន The Blaze នាង Kallon បានចំណាយពេលជាច្រើនសប្តាហ៍ ថែទាំសុខ ភាព ដល់គ្រួសាររបស់ Ibrahim រួមជាមួយអ្នកជម្ងឺរាប់សិបនាក់ផ្សេងទៀត នៅតំបន់ព្យាបាលជម្ងឺ Ebola ជាបណ្តោះអាសន្ន នៅក្នុងតង់ពណ៌សធំមួយ ខាងក្រៅមន្ទីរពេទ្យ។ រាល់ពេលចូលទៅក្នុងតង់   Kallon តែងតែបានឃើញ Ibrahim នៅកន្លែងផ្សេងៗគ្នា។

"ស្ទើរតែរាល់លើក ខ្ញុំបានឃើញ Ibrahim ដេកនៅលើគ្រែរបស់អ្នកជម្ងឺដទៃ" អ្នកគ្រូពេទ្យខាងលើ រៀបរាប់ឲ្យដឹង។ Kallon មិនប្រាកដថាតើក្មេងប្រុស Ibrahim មានភាពឯកោ ឬច្រឡំគ្រែ នោះទេ ប៉ុន្តែនាងបានជួបបញ្ហា ក្នុងការចាប់ទុកក្មេងប្រុសម្នាក់នេះ ឲ្យនៅលើគ្រែរបស់ខ្លួន"", The Blaze បាន ដកស្រង់សម្តីរបស់ Kallon ចែករំលែកឲ្យដឹងបន្ថែម។

ពេលនោះសុខភាពរបស់ម្តាយ Ibrahim ចាប់ផ្តើមអាក្រក់ទៅៗ។ ស្ត្រីម្នាក់នោះ បានក្អួតចង្អោរ និងរាគ រូសជាខ្លាំង។ ៧ថ្ងៃ បន្ទាប់ពីគ្រួសារអ្នកជម្ងឺតូចនេះ យកមកដាក់នៅតំបន់ព្យាបាល ម្តាយ Ibrahim ក៏ បានស្លាប់។ ចំណែក Ibrahim និងបងៗរបស់គេនៅមានជីវិតរស់។

បន្ទាប់ពីសពរបស់ម្តាយ ត្រូវបានបូជារួចមក ក្មេងប្រុស Ibrahim និងបងៗរបស់គេ ក៏ចាប់ផ្តើមជាពី ជម្ងឺ ជាពិសេសគឺ Ibrahim ដែលរហ័សជាជាងគេ។ ពីរសប្តាហ៍ក្រោយ ពួកគេក៏ត្រូវបានបញ្ជាក់ថា គឺបានយកឈ្នះពីជម្ងឺ Ebola និងត្រូវបាននាំយកចេញពីតំបន់ព្យាបាលពិសេសវិញ។

បីនាក់បងប្អូន Ibrahim ត្រូវបាននាំទៅស្នាក់នៅបណ្តោះអាសន្ន នៅអគារមួយផ្សេងទៀត ក្នុងមន្ទីរ ពេទ្យ ដែលជាកន្លែងក្រុមអ្នកជម្ងឺបានជាសះស្បើយពីជម្ងឺ ស្នាក់នៅរង់ចាំយកត្រលប់ទៅផ្ទះវិញ។

មិនមានអ្នកផ្ទះនៅក្បែរ បងប្អូន Ibrahim ត្រូវបានបណ្តាអ្នកគ្រូពេទ្យ ដែលក្នុងនោះរួមមានទាំងនាង Kallon និងបណ្តាអ្នកជម្ងឺដែលបានជាពីជម្ងឺ Ebola និងបានចាកចេញពីមន្ទីរពេទ្យហើយនោះ ជួយ ផ្តល់ជាចំណីអាហារ និងថែទាំ។ ដោយសារបាត់បង់ម្តាយ Ibrahim បានមានភាពស្និទ្ធស្នាលជាមួយ ក្រុមអ្នកគ្រូពេទ្យ ហើយក្មេងប្រុសនេះ ក៏តែងតែទៅលេងបន្ទប់របស់ពួកគេផងដែរ។ Kallon ឧស្សាហ៍ ពរក្មេងប្រុសនេះ មកបន្ទប់ស្នាក់នៅរបស់គេវិញណាស់ ដោយសារតែអ្នកគ្រូពេទ្យ រវល់ការ​ងារខ្លាំង គ្មានពេលនៅមើល លេងជាមួយ។ នៅថ្ងៃមួយនោះ Ibrahim បានធ្វើឲ្យ Kallon មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយរូបគេបាននិយាយពាក្យ "សុំរៀបការ" ជាមួយអ្នកគ្រូពេទ្យ។

"Ibrahim បាននិយាយថា រូបគេចង់យកខ្ញុំធ្វើជាប្រពន្ធ", Kallon និយាយដោយទឹកមុខរីករាយ ចែក រំលែកឲ្យដឹង។ នាងបានឆ្លើយទៅវិញថាៈ  "ខ្ញុំយល់ព្រម"។

បន្ទាប់ពីពេលនោះមក Ibrahim តែងតែលើកដៃគ្រវី និងធ្វើជាសញ្ញាថើប រាល់ពេលបានឃើញអ្នកគ្រូ Kallon។ ប្រធានមន្ទីរ Kenema បានឲ្យដឹងថា Ibrahim និងបងៗរបស់គេ នឹងត្រូវបានត្រលប់ទៅផ្ទះ ពួកគេវិញឆាប់ៗនេះ។ ឮដំណឹងនេះ Kallon មានអារម្មណ៍សប្បាយរីរាយ នៅពេលដែលបណ្តាអ្នក ជម្ងឺតូចៗរបស់គេ ជិតបានត្រលប់ទៅរស់នៅជាមួយឪពុករបស់គេវិញ។ អ្នកគ្រូពេទ្យ និងមិត្តរួមការ ងារ ទទួលស្គាល់ថា ពួកខ្លួននឹងនឹករលឹកជាខ្លាំង ដល់ពួកគេមិនខាន។

"ខ្ញុំនឹងនឹក Ibrahim ព្រោះពេលនេះរូបគេ គឺជាប្តីរបស់ខ្ញុំនោះអី", Kallon រីករាយនិយាយឲ្យដឹង៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ theblaze, vnexpress


Tags: Ebola Ibrahim Isata Kallon unbelievable រឿងប្លែកៗ