(តូក្យូ)៖ ស្ទើរតែមិនគួរឲ្យជឿសោះថា ស្ត្រីជាម្តាយម្នាក់បែរជាមានចិត្តឃោរឃៅចង់ច្របាច់កកូនប្រុសវិះថប់ដង្ហើមស្លាប់ព្រោះតែខឹងកូនប្តូរប៉ុស្តិ៍ទូរទស្សន៍។ ហេតុការណ៍នេះកើតឡើងនៅប្រទេសជប៉ុន ប៉ូលិសបានចាប់ខ្លួនស្ត្រីអាយុ៣៩ឆ្នាំឈ្មោះ Yukiko Inoue ដោយចោទប្រកាន់ថាច្របាច់កកូនប្រុសអាយុ១៤ឆ្នាំ ខណៈពេលឈ្លោះប្រកែកគ្នារឿងប្តូរប៉ុស្តិ៍ទូរទស្សន៍ដោយគេចង់មើលកម្មវិធីដែលខ្លួនចូលចិត្តតែម្តាយខឹងចង់បិទទូរទស្សន៍វិញ។
ក្រោយថ្ងៃកើតហេតុ Inoue ជាម្តាយក៏បានទូរស័ព្ទប្រាប់ប៉ូលីសពីអ្វីដែលនាងបានធ្វើ រីឯក្មេងប្រុសរងរបួសស្នាមត្រង់ក ហើយគេបានប្រាប់ប៉ូលិសថា ម្តាយរឹតកនិងគំរាមសម្លាប់រូបគេទៀតផង។
រយៈពេល២ឆ្នាំកន្លងទៅនេះប៉ូលីសនិយាយថា គេបានទទួលរបាយការណ៍ថាក្នុងផ្ទះនេះកើតមានអំពើហិង្សា ៣ដងរួចមកហើយ ចំណែកនាង Inoue វិញសារភាពថា នាងពិតជាបានច្របាច់កកូនប្រុសមែន តែគ្មានបំណងសម្លាប់គេទេ តែទោះយ៉ាងណាសមត្ថកិច្ចបានបញ្ជូនខ្លួនស្ត្រីជាម្តាយរូបនេះទៅតុលាការ រង់ចាំការកាត់ទោសពីបទប៉ុនប៉ងឃាតកម្មលើកូនប្រុសអនីតិជន។
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង