(ភ្នំពេញ)៖ គ្រូបង្វឹកក្រុមជើងឯកលីគកំពូលឡាវ Lanexang United លោក Leonardo Vitorino បានឲ្យដឹងថា នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន TOYOTA Mekong Club Championship 2016 ជាមួយក្រុមម្ចាស់ផ្ទះបឹងកេតអង្គរស្អែកនេះ ក្រុមខ្លួនគ្មានកីឡាករ Super Star ឡើយ ប៉ុន្ដែលោកមានជំនឿចិត្តអាចយកឈ្នះក្រុមជើងឯកលីគកំពូលកម្ពុជានេះបាន ដោយសារពាក្យ ៣ឃ្លា គឺស្មារតីជាក្រុម សហការជាក្រុម និងមិត្តភាព។
លោក Leonardo Vitorino បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារភ្នំពេញ កាលពីព្រឹកមិញថា «ក្រុមបឹងកេតអង្គរ ពិតជាមានផលចំណេញច្រើនក្នុងនាមជាម្ចាស់ផ្ទះទាំងអ្នកគាំទ្រ និងទីលានស្មៅសិប្បនិម្មិតស្គាល់ច្បាស់ បូករួមទាំងកីឡាករ Super Star ជាច្រើនដូចជា ឃួន ឡាបូរ៉ាវី, ស៊ូ យ៉ាទី និង ចាន់ វឌ្ឍនាកា ជាដើម។ ប៉ុន្ដែក្រុមខ្ញុំគ្មាន Super Star ទេ តែអ្វីជា Super Star គឺការលេងជាក្រុម មិត្តភាព និងការសហការគ្នា។ ក្រុមខ្ញុំមកទីនេះ គឺលេងដើម្បីអ្នកគាំទ្រឡាវ ហើយការប្រកួតថ្ងៃស្អែក គឺជាការប្រកួតដ៏អស្ចារ្យ ដែលយើងនឹងមើលឃើញទាំងអស់គ្នា»។
ទន្ទឹមជាមួយការលើកឡើងរបស់គ្រូបង្វឹកជនជាតិប្រេស៊ីលខាងលើ ក៏មិនបានធ្វើឲ្យលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតត្រេកអរដែរ ព្រោះលោកដឹងថា ក្រុម Lanexang United មិនមែនជាក្រុមធម្មតាឡើយ។ ជាក់ស្ដែងពេលក្រុម Laos All Stars ជួបក្រុម Cambodia All Stars ដែលកីឡាករឡាវភាគច្រើនមកពីក្រុម Lanexang United នេះ គឺពួកគេបានបង្ហាញទម្រង់លេងដ៏ល្អ ដែលធ្វើឲ្យបឹងកេតមិនអាចធ្វេសប្រហែសបានឡើយ។ តែយ៉ាងលោក បានប្ដេជ្ញាចិត្ដធ្វើឲ្យបានល្អបំផុត ដើម្បីអ្នកគាំទ្រ និងប្រទេសជាតិរបស់ខ្លួនក្នុងការប្រកួតស្អែកនេះ៕