(ភ្នំពេញ)៖ តារាកំប្លែងល្បីឈ្មោះប្រចាំក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលបានជោគជ័យ ទាំងការសម្ដែងកំប្លែង សម្ដែងភាពយន្ត និងច្រៀងក្នុងផលិតកម្មថោន រួចមក នៅពេលនេះ នាយពែកមី បានសម្រេចចិត្តចាយលុយ បោះទុនដើម្បីផលិតរឿងដុំខ្នាតធំដោយខ្លួនឯង ប៉ុន្តែស្ថិតនៅក្រោមដំបូលរបស់ផលិតកម្ម Red Picture ដែលបានលោក ឌៀប សុវណ្ណដារ៉ា ជាចាងហ្វាងផលិតកម្ម។
តារាកំប្លែងនាយ ពែកមី និងផលិតកម្ម Red Picture បានរួមគ្នាបញ្ចេញស្នាដៃថ្មី នៃការផលិតខ្សែភាយន្តខ្មែរ ចំនួនពីររឿងព្រមគ្នាតែម្ដង ដែលបានធ្វើពិធីក្រុងពាលី
នាព្រឹកថ្ងៃច័ន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦នេះ នៅឯគេហដ្ឋានរបស់ នាយពែកមីផ្ទាល់។ ជាការពិត ផលិតកម្ម Red Picture ត្រូវបានមហាជនដឹងឮគ្រប់ៗគ្នាថា ធ្លាប់មានឈ្មោះល្បីល្បាញ តាមរយៈរឿង «ទង់ព្រលឹង» និងរឿង«ភូមិអត់មនុស្ស» ប៉ុន្តែពេលនេះ ផលិតកម្ម បានសម្រេចចេញថតពីររឿងព្រមគ្នា តែម្ដង ដោយរឿងរបស់នាយ ពែកមី មានចំណងជើងថា «អាតួកូនឪ» និងរឿង«ផ្ទះសរសរកណ្ដាល» ជារឿងរបស់ផលិតកម្ម Red Picture។
តារាកំប្លែង នាយពែកមី បានថ្លែងឲ្យដឹង ក្នុងពិធីក្រុងពាលីថា ដោយសារលោកមានទំនាក់ទំនងល្អ ជាមួយនឹងចាងហ្វាងផលិតកម្ម RED Picture លោក ឌៀប សុវណ្ណដារ៉ា ទើបលោកសម្រេចចិត្ត ចាប់ផ្តើមផលិតខ្សែភាពយន្តនេះឡើង ដើម្បីប្រកួតប្រជែងទីផ្សារភាពយន្ត ខណៈដែលនេះ ជាជំហានដំបូង ក្នុងការចាយលុយផលិតខ្លួនឯង ជ្រកក្រោមស្លាករបស់ផលិតកម្ម Red Picture ។ យ៉ាងណាមិញ មូលហេតុដែលលោក សុខចិត្តធ្វើររឿងជាមួយនឹងផលិតកម្ម Red Picture មិនផ្ដាច់ធ្វើតែម្នាក់ឯង ដោយសារតែលោកមមាញឹក នឹងការងារជាច្រើនពេក មិនមានពេលគ្រប់គ្រាន់ ក្នុងការបើកដំណើរការផលិតកម្មដោយខ្លួនឯង ហើយវាក៏ត្រូវការទាំងពេលវេលា ថវិកា ពិសេសធនធានមនុស្ស សម្រាប់បំពេញការងារផងដែរ។
តារាកំប្លែងកំពុងមានទីផ្សារខ្ពស់រូបនេះ បញ្ជាក់បន្ថែមទៀតថា អ្វីដែលពិសេសនោះ គឺការលើកយកកូនប្រុសរបស់ខ្លួន មកសម្តែងខ្សែភាពយន្តនេះ ព្រោះលោកបានដឹងពីសមត្ថភាពកូនប្រុស ដែលអាចសម្តែងបាន ហើយបើកូនលោកអាចសម្តែងបាន ដូចក្តីរំពឹងទុកមែននោះ ខ្សែភាពយន្តនេះ នឹងទទួលបានការគាំទ្រច្រើន ពីទស្សនិកជន។ កូនប្រុសលោកមានឈ្មោះ រឹម សុរ៉ាហ៊ាទ្រី ហៅអាតួ អាយុ៤ឆ្នាំ ហើយធ្លាប់ចូលរួមសម្តែង ខ្សែភាពយន្តខ្នាតធំ របស់ផលិតកម្ម Red Picture លើកបំបូងគឺរឿង«សង្សាខ្ញុំក្រមុំកូនមួយ» ដែលទទួលបានការគាំទ្រច្រើន ពីទស្សនិកជន។ ក្រៅពីកូនប្រុស ក្នុងខ្សែភាបយន្តនេះក៏មានកូនស្រីលោកម្នាក់ ចូលរួមសម្តែង ផងដែរ។
ដោយឡែក លោក ឌៀប សុវណ្ណដារ៉ា ចាងហ្វាងផលិតកម្ម Red Picture បាននិយាយថា កន្លងមកទំនាក់ទំនងរវាងលោក និងនាយពែក មីគឺមានការជិតស្និទ្ធ ដូចបងប្អូន ហើយនាយពែកមី ក៏បានជួយថតខ្សែភាពយន្ត ឲ្យផលិតកម្មលោក ដោយមិនគិតកម្រៃដែរ ទើបពេលនេះលោកមានក្រុមការងារ ដែលអាចជួយ នាយពែកមី ដែលចង់ផលិតខ្សែភាពយន្តបាន ទើបលោកជួយជាការតបស្នង។ ផលិតកម្មនឹងជួយរ៉ាប់រង ផ្នែកបច្ចេកទេស ខណៈដែលនាយពែកមីត្រូវចំណាយ លើតួស្តែង និងកម្រៃពលកម្ម។
លោក ឌៀប សុវណ្ណដារ៉ា បានបញ្ជាក់បន្តថា ខ្សែភាពយន្តទាំងពីរអាចនឹង ត្រូវការពេលផលិតប្រមាណ៤ខែ ហើយខ្សែភាពយន្តរបស់នាយពែកមី អាចនឹងចេញចាក់បញ្ចាំង មុននៅអំឡុងខែកុម្ភៈឆ្នាំ២០១៧។ ខ្សែភាពយន្តទាំងពីរនេះ នឹងត្រូវចេញថតដំណាលគ្នា ដោយគ្រាន់រឿង«អាតួកូនឪ»ជារឿងនិពន្ធ ដឹកនាំរឿង និងចំណាយការផលិត ដោយនាយពែកមីផ្ទាល់ និងរឿង «ផ្ទះសរសរកណ្តាល»ដែលជារឿងខ្មោច បែបកំប្លែងនោះ ជារឿងរបស់ផលិតកម្មជា អ្នករ៉ាប់រងដឹកនាំ និងចំណាយទាំងស្រុង៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី