CamNews

ប្លែកៗ 

ស្នេហាខុសជំនាន់៖ ប្រុសអាយុ ១៦ ឆ្នាំ ស្រីអាយុ ៧៥ឆ្នាំ គំរាមធ្វើអត្តឃាត បើសិនមិនបានរៀបការនឹងគ្នា

រឿងរ៉ាវស្នេហា ពិតជាអស្ចារ្យ ដែលធ្វើឱ្យបុរសស្រ្ដីមួយចំនួន ជាប់ចិត្ដដិតអារម្មណ៍នឹងគ្នាយ៉ាងជ្រាលជ្រៅ ដោយមិនប្រកាន់វណ្ណៈ ឬជំនាន់ឡើយ។ ជាក់ស្ដែង ក្ដីស្នេហាស្មោះស្ម័គ្រនេះ បានធ្វើឱ្យក្មេងប្រុសអាយុ ១៦ ឆ្នាំ និងស្រ្ដីអាយុជាង ៧០ ឆ្នាំ ដែលជនជាតិឥណ្ឌូនេស៊ី ព្រមព្រៀងគ្នារៀបអាពាហ៍ពិពាហ៍នឹងគ្នាយ៉ាងពេញចិត្ដ បើទោះជាដឹងថា ស្នេហាខុសជំនាន់នេះ ប្រាសចាកនឹងប្រពៃណីទំនៀមទម្លាប់ និងច្បាប់របស់ប្រទេសក៏ដោយ។ 

ស្នេហាស្មោះស្ម័គ្រចិត្ដមួយថ្លើមមួយនេះ មានភាពល្បីល្បាញ នៅពេលដែលវីដេអូនៃពិធីរៀបការ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ បើគិតតាមច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ កូនកម្លោះអាយុ ១៦ ឆ្នាំនេះ គឺមិនទាន់គ្រប់នីតិភាព(អនីតិជន) ដើម្បីរៀបការឡើយ ប៉ុន្ដែមន្រ្ដីអត្រានុកូលដ្ឋាន អនុញ្ញាតឱ្យគូស្នេហ៍ទាំងពីររៀបការនឹងគ្នាដូចបំណងដោយមិនចុះសំបុត្រអាពាហ៍ពិពាហ៍(អ៊ីតាស៊ីវិល) ក្រោយពីអ្នកទាំងពីរគំរាមធ្វើអត្ដឃាត បើមិនបានរៀបការរួមស្នេហ៍នឹងគ្នា។

យោងតាមច្បាប់ឥណ្ឌូនេស៊ី ស្រ្ដីត្រូវមានអាយុយ៉ាងតិច ១៦ ឆ្នាំ ចំណែកបុរសត្រូវមានអាយុយ៉ាងតិច ១៩ ឆ្នាំ ទើបគ្រប់នីតិភាព អាចរៀបការបាន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា ចំណងស្នេហារបស់អ្នកទាំងពីរ កាន់តែស្អិតរមួតនឹងគ្នា នៅពេលខាងស្រីយកចិត្ដទុកដាក់មើលថែទាំខាងប្រុស ខណៈដែលគេកើតជំងឺគ្រុនចាញ់។

លោក Cik Ani មេភូមិ នៅកោះសូម៉ាត្រាខាងត្បូង បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ដោយសារតែក្មេងប្រុសជាអនីតិជន មិនទាន់គ្រប់នីតិភាពរៀបការ ខាងយើងសម្រេចបំពេញកិច្ចរៀបការនេះឡើងតាមលក្ខណៈឯកជន។

លោកមេភូមិបន្ថែមថា ការៀបការនៅថ្ងៃទី ២ ខែកក្កដា ត្រូវបានធ្វើឡើងដើម្បីបញ្ចៀសអំពើបាបនៃភាពផិតក្បត់រវាងក្មេងប្រុសឈ្មោះ Selamat នឹងគូស្នេហ៍របស់គេ ឈ្មោះ Rohaya ដែលមានអាយុចន្លោះ ៧១ និង ៧៥ឆ្នាំ។



ឪពុករបស់ក្មេងប្រុសរូបនេះ ត្រូវបានគេរាយការណ៍ថា បានស្លាប់រយៈពេលជាច្រើឆ្នាំមកហើយ និងចាប់តាំងពីនោះមក ម្ដាយរបស់គេ បានរៀបការស្វាមីថ្មី។ វាជាការរៀបការលើកទី៣ របស់អ្នកស្រី Rohaya ហើយលោកស្រី មានកូនជាច្រើននាក់រួចមកហើយ ជាមួយអតីតស្វាមីទាំងពីរនាក់របស់ខ្លួន នេះបើយោងតាមរបាយការណ៍។

លោក Yenni Izzi សកម្មជនមកពីមជ្ឈមណ្ឌលវិបត្តិស្រ្តី នៅ Palembang ដែលបានធ្វើយុទ្ធនាការបញ្ចប់អាពាហ៍ពិពាហ៍កុមារ បានប្រាប់ភ្នាក់ងារ BBC ថា ពិធីអាពាហ៍ពិពាហ៍នេះគឺជា "រឿងចម្លែកណាស់" ។ លោកបានពន្យល់ថា៖ "ក្មេងប្រុសនេះ បានសម្រេចចិត្តរៀបការមិនមែនដោយហេតុផលលុយកាក់ ឬកាយសម្បទានោះទេ ប៉ុន្តែដោយសារគូស្នេហ៍ស្រី ផ្តល់ឱ្យគេនូវការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់" ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC


Tags: Strange news Chinese