(ប៉ារីស)៖ លោក Laurent Blanc គ្រូបង្វឹលក្លឹបជើងឯក Paris Saint-Germain បានចេញពីក្លឹបជាផ្លូវការហើយ បន្ទាប់ពីដឹកនាំក្លឹបអ្នកមានមួយនេះ បានរយៈពេល៣ឆ្នាំ ជាមួយនឹងការឈ្នះពានផ្សេងៗបាន១១ដែរនោះ ក្នុងទឹកដីនៃប្រទេសបារាំង។
សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា គ្រូបង្វឹកជនជាតិបារាំង វ័យ៥០ឆ្នាំខាងលើ បានចូលដឹកនាំក្រុម PSG បន្ទាប់ពី លាឈប់ដឹកនាំក្រុមជម្រើសជាតិមាន់គកបារាំង ក្រោយបញ្ចប់ព្រឹត្តិការណ៍ UEFA Euro 2012 ធ្លាក់ត្រឹមវគ្គ៨ក្រុមនោះ ជំនួសកៅអីលោក Carlo Ancelotti ដែលបានលាឈប់ពីក្លឹប PSG នោះបានជួយឲ្យក្លឹបជើងខ្លាំងមួយនេះការពារពាន Ligue 1 បាន៣សម័យជាប់ៗគ្នា តែមិនធ្លាប់បាននាំ PSG ឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Champions League ឡើយអស់ណាស់ត្រឹមវគ្គ៨ក្រុមចុងក្រោយ។
លោក Blanc បានព្រមព្រៀងបន្តកិច្ចសន្យាបន្ថែមចំនួន២ឆ្នាំទៀត កាលពីខែកុម្ភះ ឆ្នាំ២០១៦នេះ ក៏ប៉ុន្តែក្លឹបបានសម្រេចទម្លាយកិច្ចសន្យា និងសងជំងឺចិត្តវិញ ដើម្បីបើកផ្លូវឲ្យគ្រូបង្វឹក Unai Emery របស់ក្លឹប Sevilla មកដឹកនាំជំនួសវិញ ដែលការចាកចេញរបស់លោក Laurent Blanc ធ្វើឡើងនៅក្រោយពេលកីឡាករលំដាប់លេខ១ ប្រចាំក្លឹប Zlatan Ibrahimovic បានចាកចេញពីក្លឹបអ្នកមាននេះដែរ បន្ទាប់ពីផុតកិច្ចសន្យារយៈពេល៣ឆ្នាំ លេងនៅពហុកីឡដ្ឋាន Parc des Princes មួយនេះ។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹប PSG «ក្លឹបសូមថ្លែងអំណរគុណចំពោះ Blanc ដែលប្រឹងប្រែងដឹកនាំក្លឹបទទួលបាន ជោគជ័យរហូតដល់បច្ចុប្បន្ន»៕
គ្រូបង្វឹក Laurent Blanc
គ្រូបង្វឹក Unai Emery
កីឡាករខ្សែប្រយុទ្ធជួរមុខ Zlatan Ibrahimovic
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង