គ្មានមនុស្សណាម្នាក់ ដែលអាចចៀសផុតពីជំងឺគ្រុនផ្ដាសាយនោះទេ។ វីរុសប្រមាណ ២០០០ អាចបណ្ដាលឱ្យកើតជំងឺគ្រុនផ្ដាសាយ ដោយប្រភេទវីរុស RNA(វីរុសកើតនៅលើអណ្ដាត) គឺជាប្រភេទវីរុស ដែលរីករាលដាលបណ្ដាលឱ្យកើតជំងឺគ្រុនផ្ដាយសាយច្រើនជាងគេ។ ក្នុងការឆ្លងវីរុសកម្រិតខ្ពស់នេះ ជះឥទ្ធិពលដំបូងគេនៅត្រង់ប្រព័ន្ធដង្ហើមខាងលើ ច្រមុះ និងបំពង់ក។
ភាគច្រើន វារីករាលដាលតាមរយៈការក្អក និងការកណ្ដាស់។ យោងតាមវិទ្យាស្ថានជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងអាលែក្ស៊ីបានឱ្យដឹងថា នៅសហរដ្ឋអាមេរិក មនុស្សចំនួនប្រហែល ១០លាននាក់រងវិបត្ដិដោយសារជំងឺគ្រុនផ្ដាសាយជារៀងរាល់ឆ្នាំ។ រោគសញ្ញាដ៏សាមញ្ញនៃជំងឺគ្រុនផ្ដាសាយរួមមានដូចជា ឈឺបំពង់ក តឹងច្រមុះ ហើមអាមីដាល់ កណ្ដាស់ ក្អក គ្រុនក្ដៅ និងឈឺក្បាល។ ខាងក្រោមនេះ យើងសូមណែនាំលោកអ្នក នូវអាហារ ៣ យ៉ាង ដែលមានប្រសិទ្ធភាពប្រឆាំងជំងឺគ្រុនផ្ដាសាយ៖
១. តែបៃតង៖
តែបៃតង សម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីដកម្មការពារជំងឺ ព្រមទាំងគុណសម្បត្ដិប្រឆាំងបាក់តេរី និងមេរោគ ដែលអាចការពារជំងឺគ្រុនផ្ដាសាយ។ នៅក្នុងករណីពិសេស ក្រុមសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម ដែលគេឱ្យឈ្មោះថា Cathechin ត្រូវបានគេដឹងថា មានប្រសិទ្ធភាពទប់ស្កាត់សកម្មភាពនៃវីរុសជំងឺគ្រុនផ្ដាសាយធម្មតា ព្រមទាំងវីរុសគ្រុនផ្ដាសាយធំ។ ម្យ៉ាងទៀត តែបៃតងជួយលើកកម្ពស់ប្រព័ន្ធរាងកាយទាំងស្រុង ព្រមទាំងធ្វើឱ្យកើនឡើងវិញនូវសមត្ថភាព នៃការបំប្លែងអាហារទៅជាថាមពល។ សូមពិសាទឹកតែបៃតង ឱ្យបាន ២ ឬបីពែងរាល់ថ្ងៃ ដើម្បីបង្ការ ឬប្រឆាំងជំងឺគ្រុនផ្ដាសាយ។ អ្នកអាចបន្ថែមក្រូចឆ្មារ និងទឹកឃ្មុំដើម្បីធ្វើឱ្យវាកាន់តែមានរសជាតិឆ្ងាញ់ ប៉ុន្ដែចៀសវាងការបន្ថែមទឹកដោះគោ។ នៅពេលពិសាទឹកតែ សូមព្យាយាមស្រូបយកចំហាយរបស់វាផងដែរ។ វានឹងជួយកាត់បន្ថយអាការៈតឹងច្រមុះ។
២. ខ្ទឹមស៖
ខ្ទឹមសទទួលបានភាពល្បីល្បាញដោយសារគុណសម្បត្ដិប្រឆាំងនឹងមេរោគ និងប្រឆាំងនឹងបាក់តេរីរបស់វា ហើយត្រូវបានមនុស្សប្រើជាច្រើនទសវត្សន៍មកហើយដើម្បីការពារប្រឆាំងជំងឺគ្រុនផ្ដាសាយធម្មតា និងអាការៈនៃជំងឺនេះជាច្រើនទៀត។ លើសពីនេះទៀត វាមានផ្ទុកនូវសារធាតុ allicin ជាសមាសធាតុ Sulfuric ដែលផលិតចេញនូវសារធាតុប្រឆាំងនឹងអុកស៊ីដកម្មដ៏មានអំណាច និងផ្ដល់នូវគុណប្រយោជន៍ឱសថដ៏ច្រើន។ ម្យ៉ាងទៀត ខ្ទឹមសគឺជាអាហារលើកកម្ពស់ប្រព័ន្ធស៊ាំមួយប្រភេទ ដែលជួយរាងកាយកម្ចាត់ចោល និងប្រឆាំងនឹងជំងឺផ្សេងៗ។ ការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ ២០១១ ចុះផ្សាយនៅក្នុងទស្សនាវដ្ដីបុរេប្រទានផ្នែកការព្យាបាលរោគ បានរកឃើញថា ការពិសាខ្ទឹមសរាល់ថ្ងៃជួយការពារជំងឺគ្រុនផ្ដាសាយ។
៣. ក្រូចពោធិ៍សាត់៖
ក្រូចពោធិ៍សាត់សម្បូរទៅដោយវីតាមីនC និងអាចជួយដោះស្រាយជំងឺឆ្លងដោយវីរុសជាច្រើនប្រភេទខុសគ្នារួមទាំង ជំងឺគ្រុនផ្ដាសាយជាដើម។ វីតាមីនC គឺជាសារធាតុប្រឆាំងនឹងអុកស៊ីដកម្មដ៏មានអំណាច ដែលជួយលើកកម្ពស់ប្រព័ន្ធស៊ាំរបស់រាងកាយ។ វាជួយលើកកម្ពស់ការផលិតចេញនូវកោសិកាឈាមស ដែលប្រឆាំងជំងឺ។ សូមពិសាទឹកក្រូចពោធិ៍សាត់ឱ្យបានមួយ ឬពីរកែវរាល់ថ្ងៃដើម្បីបង្ការ និងប្រឆាំងជំងឺឆ្លង និងលើកកម្ពស់ប្រព័ន្ធស៊ាំរាងកាយរបស់អ្នក។ ម្យ៉ាងទៀត ការពិសាទឹកក្រូចពោធិ៍សាត់នឹងជួយរក្សារាងកាយរបស់អ្នកមិនឱ្យខ្សោះជាតិទឹក ដែលមានសារៈសំខាន់សម្រាប់សុខភាពទាំងស្រុងរបស់អ្នក៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ top10homeremedies