(ភ្នំពេញ)៖ តារាចម្រៀងកំពុងពេញនិយម ប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យឯកជនមួយក្នុងក្រុងភ្នំពេញ នាម៉ោងប្រមាណ១រំលងអាធ្រាត្រយប់មិញនេះ បន្ទាប់ពីស្ថានភាពជំងឺរបស់នាងធ្វើទុកខ្លាំង រហូតដល់ថ្នាក់ទ្រាំលែងបាន ហើយត្រូវបានក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ជួយសង្គ្រោះ ព្យាបាលរហូតដល់បានធូរស្បើយឡើងវិញ។
អ្នកនាង ពេជ្រ សោភា បានថ្លែងប្រាប់ Khmertalking នៅមុននេះបន្តិចថា ជាការពិតយប់មិញនេះ ស្ថានភាពជំងឺរបស់នាង ពិតជាធ្វើទុក្ខខ្លាំងមែន រហូតត្រូវបញ្ជូនទាំងពាក់កណ្ដាលយប់ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែរហូតមកដល់ម៉ោងនេះ ស្ថាន់ភាពជំងឺបានធូរស្បើយបន្តិចហើយ បន្ទាប់ពីគ្រូពេទ្យ បានចាក់ថ្នាំ និងឲ្យថ្នាំលេចរួចមក ។
ពេជ្រ សោភា និយាយថា «ចា៎បង..យប់មិញហ្នឹងខ្ញុំឈឺធ្ងន់មែន ដោយសារជំងឺចាស់ខ្ញុំធ្វើទុក្ខខ្លាំង ដូចជាថប់ៗដង្ហើម ហើយក៏ត្រូវមកព្យាបាលទាំងយប់នៅមន្ទីរពេទ្យ..តែពេលនេះលែងអីហើយបង បានធូរបន្តិចវិញ ក្រោយពីគ្រូពេទ្យដាក់សេរ៉ូម ចាក់ថ្នាំឲ្យខ្ញុំរួចមក..។ តាមការពិតទៅជំងឺខ្ញុំគ្រាន់តែត្រូវការ តាមដានជាប្រចាំតាមវេជ្ជបញ្ជារបស់ពេទ្យ ទើបមិនសូវអី..!»។
សម្រាប់តារាចម្រៀង ពេជ្រ សោភា ត្រូវបានមហាជនដឹងថា នាងមានជំងឺឈាមសស៊ីឈាមក្រហម ហើយត្រូវការមើលថែយ៉ាងយកចិត្តទុកដាក់ គោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដើម្បីឲ្យជំងឺនេះបានធូរស្បើយ ខណៈដែលកន្លងមក នាងធ្លាប់បានចេញទៅព្យាបាលនៅក្នុងប្រទេសថៃ ជាច្រើនដងរួចមកហើយ។ ម្យ៉ាងទៀតកាលពីពេលថ្មីៗនេះ បានលេចឮដំណឹងថា នាង គ្រោងនឹងចេញទៅព្យាបាល នៅឯប្រទេសបារាំងបន្ថែមទៀត ដើម្បីឲ្យជំងឺនេះជាសះស្បើយតែម្ដង ប៉ុន្តែមិនទាន់ទាំងបានចេញទៅបារាំងផង ជំងឺចេះតែធ្វើទុក្ខជាបន្តបន្ទាប់ បែបនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង