(ភ្នំពេញ)៖ ថ្វីដ្បិតតែកន្លងមក ធ្លាប់មានដំណឹងបែកបាក់ស្នេហា រវាងតារាសម្តែងស្រីពូកែខាង ដើរតួសម្រក់ទឹកភ្នែក កញ្ញា នី មុនីនាថ ជាមួយគូស្នេហ៍អាណិកជន ខ្មែរ-អាមេរិក ក៏ពិតមែន តែរហូតមកទល់ពេលនេះ ពុំទាន់ត្រូវបានប្រភពណាមួយ បញ្ជាក់ឲ្យច្បាស់នៅឡើយទេ ជុំវិញបញ្ហាមួយចំនួន ខណៈសាមីខ្លួន នាងផ្ទាល់ក៏គ្មានភាពក្លាហាន ដើម្បីចេញមុខបញ្ជាក់ប្រាប់ការពិត ដល់ទស្សនិកជនផងដែរ។
តាមការកត់សម្គាល់ ក្រោយពីតារាសម្តែងទឹកភ្នែក នី មុនីនាថ ប្រកាសបើកចំហ ជាសាធារណៈពីចំណងស្នេហា រវាងនាង និងបុរសសង្ហាអាណិកជនក្រៅស្រុក លោក សូឡាំង ត្រូវបានគេកត់សម្គាល់ឃើញថា ចំណងស្នេហ៍មួយនេះ តែងពើបប្រទះ និងដំណឹងស្នេហ៍បែកបាក់ ដោយលើកហេតុផល ថា បុរសជាគូស្នេហ៍បែកចិត្តមានស្រីថ្មី។ ប៉ុន្តែជារឿយៗ នី មុនីនាថ ហាក់គ្មានអារម្មណ៍ ខ្វល់ខ្វាយឈឺឆ្អាល ចំពោះព័ត៌មានចចាមអារ៉ាម នោះឡើយ។
ស្របពេលដែលដំណឹងស្នេហា បែកបាក់របស់តារាសម្តែង នី មុនីនាថ ជាមួយលោក សូឡាំង ត្រូវបានវិលចាក់ស្រេះ ពោរពេញដោយមន្ទិល នៃការប្រេះឆាស្នេហ៍នៅឡើយ ស្រាប់តែថ្មីៗនេះ មានប្រភពពីអ្នកសិ្នទ្ធស្នាល ជាមួយនាងបានបង្ហើបថា អំឡុងខែក្រោយនេះ នឹងមានបុរសអាណិកជនខ្មែរ រស់នៅអាមេរិកម្នាក់ គ្រោងឡើងយន្តហោះមកស្រុកខ្មែរ ដើម្បីស្កាត់ជួប នី មុនីនាថ ។ ប៉ុន្តែយ៉ាងណាមិញ មិនត្រូវបានគេបញ្ជាក់ប្រាប់ ពីអត្តសញ្ញាណថា បុរសដែលមានគម្រោងមកជួបនាង នោះជានរណាឡើយ។
ប្រភពដដែល បាននិយាយថា រវាងតារាស្រី នី មុនីនាថ ជាមួយបុរសម្នាក់នោះ ក៏ធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយគ្នាផងដែរ តែគេមិនទាន់ដឹងថា តើជាគូស្នេហ៍ចាស់របស់នាងឬមួយយ៉ាងណានោះទេ ខណៈរឿងរ៉ាវស្នេហារបស់ នី មុនីនាថ កាន់តែមានភាពច្របូកច្របល់ ដើរបញ្ច្រាសទិសគ្នា។
តារាស្រីគ្រងតំណែង ជាតួឯកស្ទើរគ្រប់សាច់រឿង នី មុនីនាថ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈនេះ Khmertalking ពុំទានអាចភ្ជាប់ទំនាក់ទំនង តាមទូរស័ព្ទ ដើម្បីសុំការបំភ្លឺពីនាងបានទេ។ ដូច្នេះសង្ឃឹមថា កញ្ញា នី មុនីនាថ នឹងចេញមកបកស្រាយ នៅពេលក្រោយ ដើម្បីឲ្យមហាជនអស់ការសង្ស័យ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី