(ភ្នំពេញ)៖ តារាចម្រៀងដ៏ល្បីល្បាញ ប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា បន្ទាប់ពីប្រកាសលែងប្ដី ដែលជាព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងសង្គមសិល្បៈ មានទាំងអ្នកគាំទ្រ និងអ្នកមិនពេញចិត្តចំពោះរូបនាង ស្រាប់តែនៅពេលនេះ ពេជ្រ សោភា កំពុងតែផ្ទុះបទចម្រៀង ថ្មីមួយទៀត មានចំណងជើងថា «ហុយ ហុយ» ដែលជាស្នាដៃនាងជាអ្នកនិពន្ធផ្ទាល់ តែម្ដង ជាមួយការដឹកនាំសម្ដែងប្លែកៗ ដោយមានការចូលចរួម ពីតារាកំប្លែងជើងចាស់ នាយក្រឹម កាន់តែធ្វើឲ្យបទនេះ ទាក់ទាញខ្លាំង។ ស្របពេលជាមួយ នឹងការផ្ទុះឡើងនូវបទចម្រៀងថ្មីនេះ ពេជ្រ សោភា ក៏មិនខ្លាចនឹងទទួលស្គាល់ការពិតថា នាងជាស្រ្តីមេម៉ាយ ទើបលែងប្ដីនោះដែរ ទោះបីមានការរិះគន់ មិនពេញចិត្តចំពោះនាង លើទង្វើនេះក៏ដោយ។
ជាការពិត អ្នកនាង ពេជ្រ សោភា ទើបតែធ្លាយដំណឹងលែងប្ដីក្ដៅៗនេះ ព្រោះនាងបានទម្លាយការពិត ប្រាប់មហាជនថា ក្រោមលក្ខខណ្ឌមិនចុះសម្រុងគ្នា ដោយម្នាក់មិនព្រមទៅរស់នៅអាមេរិក និងម្នាក់ទៀតមិនព្រមមករស់នៅស្រុកខ្មែរ។ ប៉ុន្តែកាលពីមង្គលការរួចថ្មីៗ នាងធ្លាប់និយាយថា នាងនឹងតាមស្វាមី ទៅរស់នៅក្រៅប្រទេស រង់ចាំរត់ឯកសារត្រឹមត្រូវសិន ទើបនាងចាកចេញ ហើយក៏បានត្រៀមអាល់ប៊ុមមួយចំនួនផងដែរ មុនចាកចេញពីទឹកដីកំណើត។
អ្នកនាង ពេជ្រ សោភា ជាតារាស្រី ដែលមិនព្រមចុះចាញ់ នឹងព័ត៌មាន ឬពាក្យចចាមអារ៉ាមណាមួយឡើយ ពោលតាំងពីនាងចូលសិល្បៈដំបូង ព័ត៌មានថា នាងមានកូនស្រីមួយ តែបានប្រកែក និងនៅតែល្បីល្បាញខ្លាំង។ ក្នុងឆ្នាំ២០០៧ នាងបានភ្ជាប់ពាក្យជាមួយ លោក ប៊ុន ចន ដែលជាបុរសសង្ហា ចិត្តទូលាយ ក៏បែកបាក់គ្នាទៅវិញ ហើយនាងបាននិយាយថា មិនចុះសម្រុងគ្នា ហើយសុំគ្នាជាមិត្ត។ ក្រោយមក ពេជ្រ សោភា ក៏ធ្លាយរូបភ្ជាប់ពាក្យជាមួយ អនិកជនអាមេរិក ដែលជានាយទាហានជើងទឹក លោក ឡៅ ឆលី រួចហើយនាង បាននិយាយថា មិនមែនលាក់ទេ មកពីគ្មានអ្នកសួរទើបនាង មិនមានហេតុផលអ្វីត្រូវ និយាយឡើយ។
ក្រោយមក ពេជ្រ សោភា ក៏បានក្រាបក្បាលដល់កន្ទេល លាភាពនៅលីវ ជាមួយលោក ឡៅ ឆលី ដែលមង្គលការ មានអ្នកសិល្បៈជាច្រើន បានចូលរួម ហើយសប្បាយយ៉ាងខ្លាំង ព្រោះនាងជាមនុស្សចូលចិត្តភាពសប្បាយ។ ថ្វីត្បិតតែរៀបការរួច ពេជ្រ សោភា មិនបានធ្លាក់ចុះប្រជាប្រិយភាពឡើយ អ្នកនាង កាន់តែល្បីល្បាញទ្វេដង ក្នុងបទចម្រៀងថ្មីៗ ពោលទាំងបទស៊្លូ និង បទញាក់ គឺវ៉ាស្ទើរតែដាច់ ឱក សុគន្ធកញ្ញា និង មាស សុខសោភា ហើយនាងក៏បាន ឈោងចាប់តំណែងកំពូលតារាជួរមុខឡើងវិញ ។
ផ្ទុយពីតារាសិល្បៈដទៃ ពេលមានព័ត៌មាន លែងលះបែកបាក់គ្នា តែងតែរងការវាយប្រហារពីមហាជន ប៉ុន្តែ ពេជ្រ សោភា មិនបានព្រឺរោមនឹង ព័ត៌មានទាំងនោះឡើយ ព្រោះនាងជាអ្នកនិយាយផ្ទាល់មាត់ ក៏មិនខ្លាចនឹងពាក្យរិះគន់ដែរ ពោលព្រមទទួលយកការពិត ទើបមហាជនកាន់តែអាណិតនាង ដែលជាមនុស្សស្រីខ្លួនមួយ តែប្រឹងប្រែង ធ្វើការដើម្បីចិញ្ចឹមគ្រួសារ ពិសេសប្រជាប្រិយភាព នៅតែបន្តលោតឡើង មិនឈប់ស្របពេលដែលនាង តែងតែមានអ្វីថ្មីៗ មកបម្រើទស្សនិកជនជានិច្ច៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង