CamNews

កីឡាអន្តរជាតិ 

លោក សំ វ៉ាន់ដេត បន្ទោស FFC ធ្ងន់ៗ ក្រោយ​ចាញ់​ភ្នំពេញ​ក្រោន ១-០ យប់​មិញ

(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង បានរងបរាជ័យលើកទី២ ក្នុងការប្រកួតលីគកំពូលកម្ពុជា ក្រោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះភ្នំពេញ​ក្រោន ១-០ កាល​ពី​យប់មិញ ។ ប៉ុន្ដែការបរាជ័យនេះ លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង មិន​បាន​បន្ទោស​កូន​ក្រុម​ខ្លួន​ឡើយ តែ​លោក​បាន​បន្ទោស​ធ្ងន់ៗ លើ​សហ​ព័ន្ធកីឡា​បាល់ទាត់កម្ពុជា (FFC) ដែលរៀបចំកម្មវិធីប្រកួត ៣ថ្ងៃមាន២ប្រកួត ។

លោក សំ វ៉ាន់ដេត បានលើកឡើងថា កូនក្រុមរបស់លោក ទើបតែបញ្ចប់ការប្រកួតជម្រុះពានរង្វាន់ Hun Sen Cup កាលពីថ្ងៃពុធ ទី៤ ខែ​ឧសភា​កន្លង​ទៅ ប៉ុន្ដែ​រំលងតែ ២ថ្ងៃក្រោយមក គឺថ្ងៃទី៦ ខែឧសភានេះ កូនក្រុមលោកត្រូវធ្វើការប្រកួតក្នុងលីគវិញម្ដង ដូច្នេះ​កម្លាំង​ពួក​គេ​មាន​បញ្ហា មិន​អាច​ធ្វើ​បាន​ល្អ នៅ​ក្នុង​ការ​ប្រកួត​ជា​មួយក្រុមភ្នំពេញក្រោនេះឡើយ ។

លោកនិយាយថា «ប្រកួតនេះកូនក្រុមខ្ញុំធ្វើបានល្អក្នុងរយៈពេល ៧០នាទី ប៉ុន្ដែ ២០នាទីចុងក្រោយ គឺយើងមានបញ្ហាកម្លាំង ។ ពួក​យើង​ទើប​ធ្វើ​ការ​ប្រកួត​ថ្ងៃ​ពុធ តែកម្មវិធីតម្រូវឲ្យយើងប្រកួតថ្ងៃសុក្រនេះទៀត នេះជារឿងមួយ ដែល​កូន​ក្រុម​ខ្ញុំ​សម្រាក​មិន​គ្រប់​គ្រាន់ ។ ដូច្នេះ​ខ្ញុំស្អប់​លើ​ការ​រៀប​ចំ​កម្មវិធី​ប្រកួត​របស់សហព័ន្ធ Game ថ្ងៃ​នេះ​ចាញ់​ដោយ​សារ​សហ​ព័ន្ធ​អ្នក​រៀប​ចំ» ។

គួរបញ្ជាក់ផងដែរថា នេះជាការបរាជ័យលើកទី២ របស់ក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់ពីចាញ់ក្រុមក្រសួងការពារជាតិ ៥-១ កាល​ពី​សប្ដាហ៍​មុន ហើយ​ការ​បរាជ័យ​នេះ​ដែរ បានធ្វើឲ្យក្រុមរក្សា ១២ពិន្ទុក្នុងដៃ ឈរលេខរៀងទី៣ ក្នុង​តារាង​បណ្ដោះ​អាសន្ន​ដដែល ។ ខណៈ​ក្រុម​ការ​ពារ​តំណែង​ជើង​ឯក​ភ្នំពេញ​ក្រោន ទើប​រក​បាន ១១ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ៧ប្រកួត ឈ្នះ៣ ចាញ់២ និងស្មើ ២ដងនោះ ៕

ក្រុមព្រះខ័នរាជស្វាយរៀង ឯកសណ្ឋានពណ៌ខៀវ និងភ្នំពេញក្រោន ពណ៌ក្រហម

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: FFC