(ភ្នំពេញ)៖ ដំណើរវិលត្រឡប់មក ស្រុកកំណើតរបស់តារាសម្ដែង និងជាតារាបង្ហាញម៉ូដ ធ្លាប់មានប្រជាប្រិយភាព អ្នកនាង សារាយ សក្ខណា បានមកដល់ស្រុកខ្មែរ វិញហើយនៅវេលាថ្ងៃត្រង់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយមានតារាសម្ដែង និងអ្នកជិតស្និទ្ធបានទៅអបអរសាទរ ទទួលរាក់ទាក់យ៉ាងកក់ក្ដៅ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ការវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ជាទឹកដីកំណើតជាថ្មីនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបថា មានរយៈពេលយូរគួរសម អាចមិនវិលទៅរស់នៅអាមេរិកវិញក៏ថាបាន ព្រោះកន្លងមកធ្លាប់មានការទម្លាយថា នាងបានរត់ការឯកសារដើម្បីនាំគ្រួសារមករស់នៅស្រុកខ្មែរវិញ ខណៈការងាររបស់នាងកំពុងរង់ចាំគ្រប់ពេលវេលា ជាពិសេសការសម្ដែង ពិធីការិនី ដើរម៉ូដ និងច្រៀងជាដើម ។
សូមបញ្ជាក់ថា អតីតតារាសម្តែងពូកែសម្រក់ទឹកភ្នែក អ្នកនាង សារាយ សក្ខណា បន្ទាប់ពីសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ ជាផ្លូវការជាមួយបុរសអាណិជនខ្មែរអាមេរិក នឹងបានចេញទៅរស់នៅ សាងសុភមង្គលស្នេហា ជាប្តីប្រពន្ធ អស់រយៈពេលមួយសន្ទុះធំ រហូតបានចំណងដៃកូនស្រីម្នាក់ផងនោះ ឥឡូវត្រូវបានប្រភពទម្លាយថា នាងសុំស្វាមី ដើម្បីបំពេញឯកសារនាំកូនត្រឡប់ មករស់នៅក្នុងស្រុកខ្មែរ ។
ប្រភពពីអ្នកជិតស្និទ្ធ ជាមួយនាងបានបង្ហើបប្រាប់គេហទំព័រ Khmertalking ឲ្យដឹងថា សារាយ សក្ខណា បានស្វះស្វែង ដើម្បីរៀបចំធ្វើឯកសាផ្ទេរសុំ ត្រឡប់វិលមករស់នៅស្រុកខ្មែរ បន្ទាប់ពីរស់នៅជាមួយស្វាមី និងក្រុមគ្រួសារសាច់ថ្លៃ អស់រយៈពេលប៉ុន្មានឆ្នាំមក ។ ការវិលត្រឡប់របស់អតីតតារាស្រី នាង សារាយ សក្ខិណា នៅពេលនេះ គឺនាងក៏មានគម្រោងយកកូនស្រី អាយុប្រហែលមួយខួប មកជាមួយគ្នាផងដែរ។
ដោយឡែកសម្រាប់ស្វាមីរបស់ អ្នកនាង សារាយ សក្ខណា គឺលោក កែវ មេត្រី ត្រូវបានប្រភព ដដែលនេះបញ្ជាក់ថា លោកមិនត្រឡប់មករស់នៅស្រុកខ្មែរ តាមភរិយា និងកូនស្រីជាទីស្រលាញ់របស់ខ្លួនឡើយ ព្រោះលោកត្រូវរស់នៅបំពេញការងារ នៅទីនោះដូចមុនដដែល គ្រាន់តែប្តីរបស់នាង មានគម្រោងឡើងចុះមកប្រទេសកម្ពុជា ក្នុងមួយឆ្នាំ៤ឬ៥ដង ដើម្បីមកលេងជួបជុំភរិយា និងកូនតែប៉ុណ្ណោះ។
ដំណើរនៃការវិលត្រឡប់ ពីសំណាក់តារាស្រីនាង សារាយ សក្ខណា ដើម្បីមករស់នៅស្រុកខ្មែរពេលនេះ មិនត្រូវបានប្រភពណា បញ្ជាក់ប្រាប់ច្បាស់នៅឡើយទេថា បណ្ដាលមកពីមូលហេតុអ្វីប្រាកដ ឬមួយមានបញ្ហាអ្វីនោះទេ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី