តារាចម្រៀងប្រុស សង្ហា លំដាប់កំពូល ប្រចាំផលិតកម្ម សាន់ដេ និងជាតារាចម្រៀង ដ៏ល្បីឈ្មោះ បោះសម្លេងមួយរូប នៅក្នុងព្រះរាជាណាចក្រ កម្ពុជា គឺលោក ខេមរៈ សេរីមន្ត បានធ្វើឲ្យ ពិធីករ ពិធីការនី ក៏ដូចជាទស្សនិកជន ដែលបានចូលទស្សនា នៅក្នុងកម្មវិធីប្រគុំតន្រ្តី ផ្សាយផ្ទាល់មួយ នៅ មជ្ឈមណ្ឌល កោះពេជ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង អមដោយសម្លេងហ៊ោរកញ្ជ្រៀវយ៉ាង កងរំពង នៅពេលដែល តារាចម្រៀងសម្លេងធ្ងន់ ក្រអួនក្រអៅរូបនេះ បានលេងស្ទីល ដោះអាវ ចោលនៅលើ ឆាកតន្រ្តី។
(រូបថតចេញពី Youtube)
នៅក្នុងកម្មវិធីប្រគុំ តន្រ្តីមួយ ដែលឈ្មោះថា "Cambodia Christmas Party Concert 2013" ដើម្បី អបអរសាទរ ថ្ងៃបុណ្យណូអែល ដែលបានប្រារព្ធធ្វើឡើងនៅកោះពេជ្រ ដោយស្រាបៀរកម្ពុជា និងមានការផ្សាយផ្ទាល់ដោយទូរទស្សន៍ ហង្សមាស កាលពីយប់ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៣ យប់មិញនេះ មានទស្សនិកជន ជាពិសេសមិត្តៗយុវវ័យ បានចូលទស្សនាយ៉ាងច្រើនកុះករ ដោយ សារតែកម្មវិធីនេះ ត្រូវបានអញ្ជើញចូលរួម ដោយតារាចម្រៀងល្បីៗជាច្រើនរូប មកពីផលិតកម្ម ហង្សមាស និងសាន់ដេ ក្នុងនោះ ក៏មានលោក ខេមរៈ សេរីមន្ត ផងដែរ។
ជាការពិតណាស់ គ្រប់តារាចម្រៀងទាំងអស់ សុទ្ធតែបានបញ្ចេញអស់សមត្ថភាព រៀងៗខ្លួន ទាំង ការច្រៀង ក៏ដូចជាក្បាច់រាំ ដ៏រស់រវើក ដើម្បីទទួលបាន នូវការគាំទ្រ និងចាប់អារម្មណ៍ កាន់តែ ច្រើនពីទស្សនិកជន ពិសេសមិត្តៗយុវវ័យ។
ជាក់ស្តែង លោក ខេមរៈ សេរីមន្ត បន្ថែមពីលើទឹកដមសម្លេង ដ៏ពិរោះ បូករួមក្បាច់រាំ យ៉ាងរស់រវើក ហើយនោះ តារាចម្រៀងរូបនេះ បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំង ថែមមួយកំរិតទៀត នៅពេលដែល លោកបានដោះអាវចេញអស់ រលីង បង្អួតនូវសាច់ដុំ របស់ខ្លួន នៅឆាកតន្រ្តី បន្ទាប់ពីលោក បានបញ្ចប់បទញាក់រួចមក។ កត្តានេះ បានធ្វើឲ្យ ពិធីករ ពិធីការនី និងមិត្តៗយុវវ័យ ដែលបានចូលទស្សនាការប្រគុំតន្រ្តី យប់មិញនេះ ស្រែកហ៊រកញ្ជ្រៀវ យ៉ាងខ្លាំង ដោយសារតែ តាំងពីដើមរៀងមក គឺនៅមិនទាន់មានតារាចម្រៀងខ្មែរ រូបណា ហ៊ានដោះអាវ នៅលើឆាក មុខ ទស្សនិកជន យ៉ាងច្រើនកុះករ ក្នុងពេលសម្តែងដូច្នេះទេ។
តើលោក ខេមរៈ សេរីមន្ត បញ្ចេញក្បាច់រាំ ហើយដោះអាវ ស្វាគមន៏បុណ្យណូអែល យ៉ាងណា នោះ? សូមទស្សនា វីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
ដោយ៖ សិលា
ប្រភព៖ youtube