(ក្រុងឡុងដ៍)៖ កីឡាករខ្សែការពារ John Terry បានត្រឡប់មកហ្វឹកហាត់វិញហើយ បន្ទាប់សម្រាកអស់រយៈពេល ១០ថ្ងៃ ដោយសារតែរងរបួសកែងជើង ពេលប្រកួតបានស្មើលទ្ធផល ២-២ នៅក្នុងផ្ទះរបស់ក្រុម Swansea City កាល ពីថ្ងៃទី១១ កញ្ញា គ្រាដែលមិត្តរួមក្រុម Cesc Fabregas ត្រៀមបង្ហាញខ្លួនលើកដំបូងក្នុងក្លឹប Chelsea ពេលជួបក្រុម ម្ចាស់ផ្ទះកញ្ជ្រោង Leicester City រាត្រីនេះ។
តាមរយៈសារព័ត៌មាន Dailymail បានផ្សាយថា ទាំងកីឡាករអង់គ្លេស John Terry និងកីឡាករអេស្ប៉ាញ Cesc Fabregas បានត្រឡប់មកហ្វឹកហាត់ជុំគ្នាវិញហើយ ដើម្បីត្រៀមប្រកួតទល់នឹងជើងខ្លាំង Leicester City រាត្រីនេះក្នុង ពានរង្វាន់លំដាប់ទី៣ អង់គ្លេស Capital One Cup នៅពហុកីឡដ្ឋាន King Power វគ្គជម្រុះជុំទី៣ ជាបន្តទៀត។
Fabregas មិនទាន់បានចូលលេង១ប្រកួតណាមួយនៅឡើយទេក្នុងរដូវកាលថ្មីឆ្នាំ២០១៦-២០១៧ នេះ ក្រោមការដឹក នាំរបស់គ្រូបង្វឹក Antonio Conte តែរាត្រីនេះ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី និងក្លឹប Juventus ត្រៀមដាក់ឲ្យ បញ្ចេញសមត្ថភាពម្តងក្នុងជម្រើស ១១នាក់ដំបូង។
៨ប្រកួតរាត្រីនេះ មាន៣ក្រុមគួរឲ្យចាប់អារម្មណ៍គឺក្រុម Chelsea ប៉ះម្ចាស់ផ្ទះ Leicester City, Liverpool ជួបម្ចាស់ផ្ទះ Derby County និង Arsenal ប៉ះម្ចាស់ផ្ទះ Nottingham Forest នៅម៉ោង ១៖៤៥នាទីរំលងអាធ្រាត្រដូចគ្នា៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង