ដើម្បីទិញបានឧទ្ធម្ភាគចក្ររបស់កងទ័ពអង់គ្លេស ប្ដីប្រពន្ធមួយគូ ត្រូវចំណាយប្រាក់ជិត ២០០
លានរៀល និងបានយកឈ្នះលើគូប្រជែងក្នុងការដេញថ្លៃមួយនៅលើផ្សារ eBay។
Martyn Steedman និងប្រពន្ធឈ្មោះ Louise បានទិញឧទ្ធម្ភាគចក្រ Sea King មួយគ្រឿងនៅក្នុង
ការដេញថ្លៃតាមអនឡាញកាលពីខែមិនាកន្លងទៅ ក្នុងតម្លៃ ៤០.០០០ផោន (ប្រហែល ២០០លាន
រៀល/៤៩.០០០ដុល្លារអាមេរិក។ ក្រោយមក ប្ដីប្រពន្ធនេះបានជួសជុល និងប្រែក្លាយឧទ្ធម្ភាគនេះ
ទៅជាផ្ទះមួយខ្នងដែលមានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់។
គំនិតរបស់ប្ដីប្រពន្ធនេះកើតឡើងបន្ទាប់ពីបានឃើញឧទ្ធម្ភាគចក្រ Sea King ហោះហើរជាលើក
ចុងក្រោយ មុនពេលវាត្រូវបានគេដាក់ឱ្យចូលនិវត្តន៍។ ឧទ្ធម្ភាគចក្រ Sea King ZA127 មានប្រវែង
១៧ម៉ែត្រ ធ្លាប់ត្រូវបានដកចេញពីបញ្ជីយោធាអង់គ្លេសកាលពីឆ្នាំ ១៩៩៤ ប៉ុន្តែ វានៅតែត្រូវបាន
ប្រើប្រាស់ក្នុងការហ្វឹកហាត់របស់កងទ័ពជើងទឹក រហូតដល់ឆ្នាំ ២០០២។
Sea King ត្រូវបានម្ចាស់វាជួសជុលកែលំអដើម្បីធ្វើឱ្យវាមានរូបរាងដូចថ្មីទាំងស្រុង។
ឧបករណ៍ប្រើប្រាស់នៅខាងក្នុងត្រូវបានប្ដូរ ដើម្បីប្រែក្លាយវាឱ្យទៅជាផ្ទះមួយខ្នងដែលអាចដាក់
មនុស្សបាន ៦នាក់ ដោយមានបន្ទប់គេងចំនួន៣។
នៅខាងក្នុង Sea King ក៏ត្រូវបានបំពាក់ប្រព័ន្ធបន្ទះឈើដែលអាចរារាំងសម្លេង និងកំដៅ ហើយ
បើមើលពីខាងក្នុង Sea King មានរូបរាងដូចទៅនឹងនាវាមួយគ្រឿង។ នៅកន្លែងបើកបរ ម្ចាស់
របស់វាអាចគយគន់ទេសភាពដ៏ស្រស់ស្អាត នៅជាយក្រុង Stirling។
នាង Louise បានថ្លែងថា ៖ “យើងខ្ញុំបានដឹងថា ឧទ្ធម្ភាគចក្រនេះនឹងត្រូវបានដកចេញពីបញ្ជីរបស់
កងទ័ពក្នុងការហោះហើរចុងក្រោយ ដូច្នេះទើបបានពិភាក្សាគ្នាដើម្បីទិញវា។ ដំបូងឡើយ ខ្ញុំគិត
ថា ប្ដីខ្ញុំលេងសើចនឹងខ្ញុំ ប៉ុន្តែ Martyn បាននិយាយថា វាជាការដេញថ្លៃមួយនៅលើផ្សារ eBay។
យើងខ្ញុំបានឱ្យតម្លៃថ្លៃបំផុត ទើប Sea King បានមកលើដៃយើងខ្ញុំ។ ខ្ញុំស្ទើរតែមិនអាចជឿបានថា
នេះជាការពិត”។
ផ្ទះឧទ្ធម្ភាគចក្រនេះ តាមគម្រោងនឹងបើកទទួលភ្ញៀវទេសចរណ៍ចាប់ពីឆ្នាំ ២០១៧ ក្នុងតម្លៃប្រហែល
១៥០ផោន(១៨០ដុល្លារអាមេរិក)សម្រាប់មនុស្សពីរនាក់/យប់។
លោក Martyn បានឱ្យដឹងថា ៖ “យើងខ្ញុំបានជួសជុល កែលំអឧទ្ធម្ភាគចក្រនេះ ដើម្បីឱ្យភ្ញៀវមាន
អារម្មណ៍ថា ឧទ្ធម្ភាគចក្រនេះ នៅតែកំពុងបម្រើការក្នុងកងទ័ព”។
ប្រែសម្រួល ៖ តារា
ប្រភព ៖ dailymail