CamNews

តារា 

ចំណងស្នេហ៍ ពេជ្រ សោភា, ឆឹម សក្កដា កាន់តែផ្អែមល្ហែម ក្រោយ​ចាស់ទុំ​ទាំងសងខាង​ជួបគ្នា.!

(ភ្នំពេញ)៖ ទីបំផុតទំហំនៃក្ដីស្នេហា របស់តារាសម្ដែង ឆឹម សក្កដា ដែលតែងតែសារភាពដោយបើកចំហរ ថា ខ្លួនពេញចិត្តស្ម័គ្រស្មោះស្រឡាញ់ តារាចម្រៀងល្បីឈ្មោះ អ្នកនាង ពេជ្រ សោភា ហើយត្រូវបាននាងបដិសេដ ដោយគ្រាន់តែចាត់ទុកថា ជាការាប់អានគ្នាធម្មតាៗនោះ ស្រាប់តែនៅពេលនេះ តារាចម្រៀងកំពុងឡើងកូដខ្លាំង តាមរយៈបទ «ហុយ ហុយ!»រូបនេះ បានបង្ហាញសញ្ញាបើកភ្លើងខៀវ ដល់ក្ដីស្នេហារបស់ ឆឹម សក្កដា បន្ទាប់ពីចាស់ទុំទាំងសងខាង បានដឹងឮរួចរាល់មក។

ថ្លែងនៅចំពោះមុខ អ្នកសារព័ត៌មានជាច្រើននាក់ នៅពេលចោទសួរពីចំណងស្នេហ៍ របស់អ្នកទាំងពីរ លោក ឆឹម សក្កដា បានប្រាប់ថា ខ្លួននៅតែប្រកាន់ជំហរ រក្សាចិត្តអាណិតស្រឡាញ់ ចំពោះ អ្នកនាង ពេជ្រ សោភា គ្មានថ្ងៃប្រែប្រួល បើទោះបីជាចម្លើយខាងស្រីឆ្លើយយ៉ាងណាក៏ដោយ។ លើសពីនេះ លោក ឆឹម សក្កដា ថែមទាំងបានឲ្យចាស់ទុំ ចូលតាមផ្លូវទៅតាមច្បាប់ សួរនាំចាស់ទុំដូចគ្នា ដើម្បីបង្ហាញយ៉ាងច្បាស់ក្រឡែតថា ស្នេហានេះពុំមែនជារឿងលែងសើច ដូចអ្វីដែលបានលេចឮកន្លងមកនោះឡើយ។

តារាសម្ដែង លោក ឆឹម សក្កដា បាននិយាយទាំងក្លាហានថា «បើនិយាយទៅសេចក្ដីស្រឡាញ់ ខ្ញុំក៏ធ្លាប់បាននិយាយរួចមកហើយ ប៉ុន្តែបើថា ថ្ងៃនេះគេចង់ដឹង គឺខ្ញុំនិយាយម្ដងទៀតក៏បានដែរ គឺ….(និយាយក្នុងចិត្តក្នុងន័យសារភាពថា បងស្រឡាញ់អូន.!) ។ ចាប់ពីថ្ងៃនេះ ខ្ញុំនិងគាត់នឹងសិក្សាស្វែងយល់ចិត្តគ្នា ឲ្យកាន់តែស៊ីជម្រៅ កាន់តែយូរកាន់តែដឹងច្បាស់ ថាតើយើងទាំងពីរ នៅជាមួយគ្នាបានឬអត់?»

ទោះស្ថិតនៅក្នុងដំណាក់កាល ដែលពេជ្រ សោភា និយាយថាត្រូវចំណាយពេលបន្តិចទៀត ដើម្បីមើលចិត្តថ្លើម តារាសម្ដែង ឆឹម សក្កដា ក្ដី ប៉ុន្តែដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា ខ្លួនពិតជាស្រឡាញ់ ពេជ្រ សោភា ដោយស្មោះមែន លោក ឆឹម សក្កដា ថាឲ្យចាស់ទុំ ( ឪពុក ម្ដាយ) ចូលសួរនាំដល់ចាស់ទុំរបស់ ពេជ្រ សោភា ហើយចាស់ទុំទាំងសងខាង ក៏បានបង្ហាញសញ្ញ ព្រមព្រៀងគ្នារួចហើយដែរ។

ដោយឡែក ពេជ្រ សោភា និយាយថា «ជារឿងមួយភ្ញាក់ផ្អើលសម្រាប់ខ្ញុំ ក្រោយពីសក្កដា គាត់និយាយកាលពីពេលមុនមក ធ្វើឲ្យម៉ែខ្ញុំ បងប្អូនខ្ញុំ ឬក៏បងថ្លៃខ្ញុំទាំងអស់ គឺគេនាំគ្នាខឹងខ្ញុំ គេថា ហេតុអ្វីបានជាខ្ញុំធ្វើបាប សក្កដា? ប៉ុន្តែសម្រាប់ខ្ញុំ និងគាត់ គឺនៅមើលចិត្តគ្នាតិចៗសិន..(សើច) ទោះបីជាយ៉ាងណាពួកខ្ញុំទាំងពីរនាក់ បង្កើតអារម្មណ៍ល្អចំពោះគ្នា ហើយខ្ញុំក៏សប្បាយចិត្ត នឹងសរសើរសក្កដា ដែរ ដែលហ៊ានសារភាពថា ស្រឡាញ់ខ្ញុំ ដូច្នេះអ្នកផ្សេងគ្មានសិទ្ធិទេ គឺមានតែខ្ញុំទេ..(សើច)»។

យ៉ាងណាមិញ សម្រាប់តារាចម្រៀង ពេជ្រ សោភា ត្រូវបានគេមើលឃើញថា នាងកំពុងតែបង្ហាញសញ្ញាភ្លើងខៀវ ដល់លោក ឆឹម សក្កដា ក្នុងរឿងស្នេហានេះហើយ ខណៈដែលការបណ្ដើរគ្នាចូលរួមកម្មវិធីផ្សេងៗ ត្រូវបានធ្វើឡើងជាលក្ខណៈបើកចំហរ។ ជាមួយគ្នានេះ សូម្បីតែ ពេជ្រ សោភា ត្រូវទៅចូលរួមកម្មវិធីប្រគំតន្ត្រី តាមបណញដាខេត្តជិត ឬឆ្ងាយ ក៏លោក ឆឹម សក្កដា តាមជាប់ស្អិតដូចស្ករតាំងម៉ែ ប្រៀបបីដូចជាអង្គរក្ស ការពារបេះដូងរបស់អ៉ីចឹងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Pich sophea