CamNews

តារា 

ប្រវត្តិដ៏ជូរចត់មិនគួរឲ្យជឿរបស់លោកស្រី Angelina Jolie មុនក្លាយជាស្ត្រីដ៏មានឥទ្ធិពលក្នុងពិភពហូលីវូត

(ប្រវត្តិសង្ខេប)៖ ស្របពេលតារាសម្ដែងហូលីវូត និងជាអ្នកដឹកនាំរឿ​ងលោកស្រី អេនជែលលីណា ចូលី (Angelina Jolie) បានបើកសម្ពោធជាលើកដំបូង នូវខ្សែភាពយន្ដ «ដំបូងពួកខ្មែរក្រហមសម្លាប់ឪពុករបស់ខ្ញុំ» ស្ដីពីរបបខ្មែរក្រហម​នៅឯប្រាសាទអង្គរវត្ត ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ។ សូមយកប្រវត្តិដ៏ជូរចត់មិនគួរឲ្យជឿរបស់លោកស្រី Jolie មុនក្លាយជាស្ត្រីដ៏មានឥទ្ធិពលក្នុងពិភពហូលីវូត។

* ឈ្មោះពេញ៖ Angelina Jolie Voight 
* កើតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៧៥(វ័យ៤១ឆ្នាំ) ក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក
* សញ្ជាតិ៖ អាមេរិក និងកម្ពុជា
* មុខរបរ៖ តារាសំដែង អ្នកផលិតខ្សែភាពយន្ត និងសកម្មជនមនុស្សធម៌
* ស្វាមី៖ បីរូបគឺលោក Jonney Lee Miller (រៀបការឆ្នាំ១៩៩៦ លែងលះឆ្នាំ២០០០)។ លោក Billy Bob Thornton (រៀបការឆ្នាំ២០០០ លែងលះឆ្នាំ២០០៣)។ លោក Brad Pitt (រៀបការឆ្នាំ២០១៤ លែងលះឆ្នាំ២០១៦)
* កូន៖ ប្រាំមួយនាក់
* ឪពុកម្តាយ៖ លោក Jon Voight និងលោកស្រី Marcheline Bertrand

* ជីវិតពីកុមារភាព និងគ្រួសារ៖

កុមារី Jolie ជាកូនស្រីរបស់តារាសម្តែងគឺលោក Jon Voight និងលោកស្រី Marcheline Bertrand។ សាច់ញាតិមួយចំនួនរបស់នាងសុទ្ធតែជាតារាសម្តែង និងអ្នកនិពន្ធបទចម្រៀង។ ឪពុកនាង ជាជនជាតិអាល្លឺម៉ង់កាត់ស្លូវ៉ាគី ចំណែកខាងម្តាយរបស់នាងកាត់ច្រើនសាសន៍ដូចជា បារាំង កាណាដា ហូឡង់ និងអាឡឺម៉ង់។

បន្ទាប់ពីឪពុកម្តាយបែកបាក់គ្នាក្នុងឆ្នាំ១៩៧៦ នាង Angelina Jolie និងបងប្រុសបានរស់នៅជាមួយម្តាយ ដែលជាស្ត្រីម្នាក់សុខចិត្តបោះបង់ចោលមហិច្ឆតា និងមុខរបរជាតារាសម្ដែង មកផ្តោតការយកចិត្តទុកដាក់ក្នុងចិញ្ចឹមកូនទៅវិញ។ កាលនៅជាកុមារ ជាញឹកញាប់នាងតែងតែមើលខ្សែភាពយន្ដជាមួយម្តាយ ដែលនេះជាប្រភពបំផុសគំនិតនាងឱ្យចាប់អារម្មណ៍នៅក្នុងការសម្ដែង។


ក្នុងវ័យទើបប្រាំឆ្នាំនៅឡើយ កុមារី Jolie មានសមត្ថភាពក្នុងការសម្តែងរួមគ្នាជាមួយឪពុកក្នុងរឿង Lookin to Get Out ក្នុងឆ្នាំ១៩៨២។ នៅពេលដែល កុមារីរូបនេះ មានអាយុប្រាំមួយឆ្នាំ លោកស្រី Bertrand ដែលជាម្តាយ និងមិត្តប្រុសដែលជាអ្នកផលិតខ្សែភាពយន្តគឺលោក Bill Day បាននាំគ្រួសារ ទៅរស់នៅទីក្រុងញូវយ៉ក។ Jolie សម្រេចចិត្តចង់ក្លាយជាតារាសម្តែង ហើយបានចុះឈ្មោះចូលហ្វឹកហាត់នៅវិទ្យាស្ថានមហោស្រពLee Strasberg ដែលជាកន្លែងនាងបានទទួលការបណ្តុះបណ្តាល សម្រាប់រយៈពេលពីរឆ្នាំ និងផ្តល់ឱកាសឱ្យនាបានសម្តែងម្តងម្កាលផងដែរ។

និយាយពីការសិក្សាចំណេះដឹងមូលដ្ឋានវិញ នាងបានចូលសិក្សានៅសាលា Beverly Hill ជាកន្លែងធ្វើឱ្យនាងមានអារម្មណ៍ថា ឯកោបំផុតដោយសារទីនោះ សិស្សភាគច្រើន ជាកូនកើតក្នុងគ្រួសារសម្បូរបែប ខណៈដែលម្តាយរបស់នាងអាចរកប្រាក់ចំណូលទាបប៉ុណ្ណោះ។ នាងត្រូវបានគេសើចចំអកដោយសារ តែមានរូបរាងស្គមខ្លាំង ការពាក់វែនតា និងពាក់ឧបករណ៍ពុតធ្មេញ។

ដំបូងនាងមានបំណងចង់ក្លាយជាតារាបង្ហាញម៉ូដែល តែមិនបានជោគជ័យ។ ក្រោយមកនាងបានផ្លាស់ប្តូរទៅសិក្សានៅសាលា Moreno។ នៅទីនោះ សង្គមបានផ្លាស់ប្តូរនាងឱ្យក្លាយជាក្មេងស្រីម្នាក់មិនល្អ ក្លាយជាសមាជិកក្មេងបាតសង្គម ចូលចិត្តតែងខ្លួនប្លែកៗ ស្លៀកពាក់ខ្មៅ ចូលចិត្តការរាំរែក ប្រើប្រាស់កាំបិត រស់នៅជាមួយមិត្តប្រុសមិនល្អទាំងដែលនាងមានវ័យទើបតែ១៤ឆ្នាំនៅឡើយ។ ពេលនោះនាងបានបោះបង់សាលាហ្វឹកហាត់ការសម្តែង បែរជាចង់ក្លាយជាអ្នកគ្រប់គ្រងពិធីបុណ្យសពទៅវិញ។ លើសពីនេះទៅទៀតនោះ នាងថែមទាំងបានសិក្សាពីរបៀបអប់សាកសពថែមទៀតផង។

ក្នុងវ័យ១៦ឆ្នាំ បន្ទាប់ពីបញ្ចប់ទំនាក់ទំនងជាមួយមិត្តប្រុស នាងបានជួលផ្ទះរស់នៅដោយខ្លួនឯង ក្រោយមកទើបបន្តហ្វឹកហាត់ក្នុងនាមជាតារាសម្តែងវិញ។ រំលឹកដល់ពេលនោះ នាងបានលើកឡើងថា «ខ្ញុំនៅតែចង់ចាំក្នុងចិត្ត និងមានអារម្មណ៍ថាខ្ញុំគ្រាន់តែជាក្មេងបាតសង្គម ជាក្មេងស្រីដែលចូលចិត្តការចាក់សាក់ និងចូលចិត្តធ្វើរឿងគ្រោះថ្នាក់ម្នាក់ប៉ុណ្ណោះ»។

ស្ថិតក្នុងវ័យជំទង់ នាង Jolie មានអារម្មណ៍ថា វាជាការពិបាកក្នុងការបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន នាងធុញធប់នឹងជីវិតរហូតហ៊ាន អារសាច់ខ្លួនឯង។ នាងបានលើកហេតុផលថា «ពេលខ្លះការកាត់សាច់ខ្លួនឯង ការទទួលអារម្មណ៍ឈឺចាប់ពីរឿងនេះ បែរជាធ្វើឱ្យខ្ញុំមានអារម្មណ៍រស់ឡើង វាហាក់ដូចជាការព្យាបាលអារម្មណ៍ ព្រោះវាធ្វើឱ្យខ្ញុំធូរស្រាលឡើងវិញ»។

ក្នុងវ័យ២០ឆ្នាំ នាងមានបញ្ហាគេងមិនលក់ និងញ៉ាំមិនបាន ដែលបានអូសទាញនាងឈានទៅប្រើប្រាស់ថ្នាំញៀនជាពិសេស គឺហេរ៉ូអ៊ីន។ មិនតែប៉ុណ្ណោះ Jolie ធ្លាប់មានជំងឺបាក់ទឹកចិត្ត និងមានសម្ពាធ រហូតមានបំណងចង់សម្លាប់ខ្លួនពីរដង គឺក្នុងវ័យ១៩ឆ្នាំ និង២២ឆ្នាំ ដោយចង់ជួលមនុស្សមកសម្លាប់នាងតែម្តង។

នៅក្នុងវ័យ២៤ឆ្នាំ នាងមានបញ្ហាសសៃប្រសាទរហូតស្វែងរកការព្យាបាល។ ពីរឆ្នាំក្រោយមក បន្ទាប់ពីទទួលយក Maddox ដែលជាកុមារជនជាតិខ្មែរ មកចិញ្ចឹមនោះ ជាពេលដែលនាងចាប់ផ្តើមរកឃើញស្ថិរភាពក្នុងជីវិត នាងបាននិយាយថា «មានម្តងនោះ ខ្ញុំធ្លាប់បានសន្យាជាមួយកូន Maddox ថា ខ្ញុំនឹងមិនសម្លាប់ខ្លួនជាថ្មីម្តងទៀតឡើយ»

ស្ទើរពេញមួយជីវិតទៅហើយដែលទំនាក់ទំនងជាមួយឪពុកនាង ហាក់គ្មានភាពកក់ក្តៅទាល់តែសោះ បន្ទាប់ពីលោក Voight ចាកចេញពីគ្រួសារ ខណៈដែលកូនស្រីមានវ័យមិនទាន់គ្រប់មួយឆ្នាំផង។ ពេលវេលាជួបគ្នារវាងអ្នកទាំងពីរមានតិចតួចបំផុតហើយពេលខ្លះព្យាយាមសម្តែងភាពស្និតស្នាល នៅមុខអ្នកកាសែត។

នៅថ្ងៃ១៦ ខែកុម្ភៈ ឆ្នាំ២០១៣ ក្នុងវ័យ២៧ឆ្នាំ លោកស្រីបានវះកាត់ បន្ទាប់ពីដឹងថាខ្លូនមានហនិភ័យរហូតដល់៨៧ភាគរយ ក្នុងការវិវឌ្ឍន៍ឈានទៅរកជំងឺមហារីកសុដន់ ដោយសារមានហ្សែន BRCA1។ លោកស្រីបានលើកឡើងថា «ខ្ញុំមិនចង់រក្សារឿងនេះជារឿងសម្ងាត់ឡើយ ដោយសារមានស្ត្រីជាច្រើនដែលមិនបានដឹងថា ពួកគេអាចកំពុងរស់នៅក្រោមស្រមោលនៃជំងឺមហារីក។ ខ្ញុំសង្ឃឹមថា ពួកគេគួរតែធ្វើតេសន៍សាកល្បងលើ ហ្សែនរបស់ខ្លួន ប្រសិនបើគេមានហនិភ័យដែរនោះ ហេតុនេះពួកគេអាចនឹងមានជម្រើសច្រើនក្នុងការរួចផុតពីបញ្ហានេះ»។

* ជីវិតអាពាហ៌ពិពាហ៌៖
Jolie ធ្លាប់មានមិត្តប្រុសមិនល្អ រយៈពេលពីរឆ្នាំ ក្នុងវ័យ១៤ឆ្នាំ។ ម្តាយរបស់នាងបានអនុញ្ញាតឱ្យអ្នកទាំងពីររស់នៅផ្ទះរួមគ្នាជាមួយម្តាយ។ នាងបានរំលឹកថា ក្នុងពេលនោះអ្នកទាំងពីរធ្លាប់ហ៊ានធ្វើអ្វីៗដែលគ្រោះថ្នាក់ដល់ជីវិត មិនថានៅតាមដងផ្លូវ ឬសូម្បីក្នុងបន្ទប់គេង ក្បែរបន្ទប់ម្តាយរបស់នាង។ ការបែកបាក់គ្នា ជាមួយមិត្តប្រុសដំបូងរូបនេះ អាចថាជារឿងល្អមួយ ដោយបានជម្រុញឱ្យនាងសម្រេចបូជាជីវិតទៅលើការងារសិល្បៈ វិញ បន្ទាប់ពីឈានដល់ក្នុងវ័យ១៦ឆ្នាំ។

ក្នុងអំឡុងនៃការថតខ្សែភាពយន្ត Hackers ក្នុងឆ្នាំ១៩៩៥ Jolie មានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងជនជាតិអង់គ្លេស គឺលោក Jonny Lee Miller ជាស្នេហាដំបូង បន្ទាប់ពីការបែកបាក់ជាមួយមិត្តប្រុសក្នុងវ័យជំទង់។ ពួកគេមិនបានទាក់ទងគ្នាជាច្រើនខែ បន្ទាប់ពីការថតខ្សែភាពយន្តត្រូវបានបញ្ចប់ទៅ តែក្រោយមកពួកគេបានទាក់ទងគ្នាឡើងវិញ ហើយរៀបការក្នុងខែមីនា ឆ្នាំ១៩៩៦។

អ្វីដែលគួរចាប់អារម្មណ៍ ក្នុងកម្មវិធីរៀបការនេះ នាងបានស្លៀកខោខ្មៅ អាវយឺតស ដោយមានសរសេរឈ្មោះកូនកម្លោះពីលើ ដោយប្រើប្រាស់ឈាមនាងផ្ទាល់តែម្តង។ យ៉ាងនេះក្តី ទំនាក់ទំនងរវាងអ្នកទាំងពីរត្រូវបានបញ្ចប់ ក្នុងខែកុម្ភៈ ឆ្នាំ១៩៩៩ ដោយផ្តើមចេញពីអ្នកស្រី Jolie ជាអ្នកស្នើលែងលះ។ ប៉ុន្តែពួកគេនៅតែរក្សាទំនាក់ទំនងល្អជាមួយគ្នា ដោយលោកស្រីបានហៅអតីតស្វាមីថា «បុរសនិងមិត្តចិត្តរឹង»។

កាន់តែគួរចាប់អារម្មណ៍នោះ មុនពេលរៀបការជាមួយ លោក Miller លោកស្រី Jolie ធ្លាប់បានបង្កើតទំនាក់ទំនងស្នេហាជាមួយតារាម៉ូឌែល ដែលជាស្រីដូចគ្នា គឺនាង Jenny Shimizu។ ក្រោយមកលោកស្រីបានលើកឡើងថា «ខ្ញុំប្រហែលជារៀបការជាមួយ Jenny ប្រសិនបើខ្ញុំមិនបានរៀបការជាមួយស្វាមីរបស់ខ្ញុំ។ ខ្ញុំបានលង់ស្រឡាញ់នាង នៅពេលដែលឃើញនាងក្នុងរយៈពេលត្រឹមប៉ុន្មាននាទីដំបូង»។

តាមការលើកឡើងរបស់ Jenny វិញ បានឱ្យដឹងថា ទំនាក់ទំនងពួកគេបានបន្តអស់រយៈពេលប៉ុន្មានឆ្នាំ បើទោះបីជា Jolie មានទំនាក់ទំនងជាមួយបុរសផ្សេង ទៀតក្តី។ ក្នុងឆ្នាំ២០០៣ នៅពេលដែលសួរថា តើ Jolie ជាមនុស្សដែលអាចស្រឡាញ់មនុស្សទាំងពីរភេទមែនទេ?

លោកស្រីឆ្លើយដោយឥតលាក់លៀមថា «ជាការពិត! ប្រសិនបើខ្ញុំលង់ស្រឡាញ់ស្ត្រីម្នាក់ ខ្ញុំអាចនឹងមានអារម្មណ៍ល្អ ហើយចង់ថើប និងប៉ះពាល់នាង។ វាជាការពិតណាស់!»។ ក្រោយមកបន្ទាប់ពីបង្កើតទំនាក់ទំនងគ្នាបានរយៈពេលពីរខែជាមួយលោក Billy Bob ពួកគេក៏រៀបការជាមួយគ្នាក្នុងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០០ តែត្រូវបានលែងលះគ្នាក្នុងឆ្នាំ២០០៣។

ជីវិតអាពាហ៌ពិពាហ៌ត្រូវបានផ្អាកអស់រយៈពេលប្រមាណ១១ឆ្នាំ លោកស្រីក៏ផ្តើមមានទំនាក់ទំនង ជាមួយលោក Brad Pitt ហើយក៏រៀបការជាមួយគ្នាក្នុងឆ្នាំ២០១៤។ ជាអកុសល ជីវិតជាស្វាមីភរិយាបន្តបានត្រឹមរយៈពេលពីរឆ្នាំ អ្នកទាំងពីរ ក៏ដើរផ្លូវរៀងៗខ្លួនសារជាថ្មីម្តងទៀត។

* អំពីកូន៖ 
លោកស្រី មានកូនចិញ្ចឹមប្រាំមួយនាក់ ដែលយកមកពីប្រទេសផ្សេងៗដូចជា៖

1. Maddox Chivan Jolie-Pitt ភេទប្រុស កើតថ្ងៃទី០៥ ខែសីហា ឆ្នាំ២០០១ អាយុ១៥ឆ្នាំ ត្រូវបានលោកស្រី Jolie យកមកចិញ្ចឹម ពីប្រទេសកម្ពុជានៅឆ្នាំ២០០២។

2. Pax Thien Jolie-Pitt ភេទប្រុស កើតថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៣ អាយុ១៣ឆ្នាំ ត្រូវបានលោកស្រី Jolie យកមកចិញ្ចឹមពីប្រទេសវៀតណាម នៅឆ្នាំ២០០៧។

3. Zahara Marley Jolie- Pitt ភេទស្រី កើតថ្ងៃទី០៨ ខែមករា ឆ្នាំ២០០៥ អាយុ១២ឆ្នាំត្រូវបានលោកស្រី Jolie យកមកចិញ្ចឹមពីប្រទេស អេត្យូពី នៅឆ្នាំ២០០៥។

4. Shiloh Nouvel Jolie-Pitt ភេទស្រី កើតនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៦ អាយុ១០ឆ្នាំ ត្រូវជាកូនលោកស្រី Jolie កើតនៅប្រទេសណាមីប៊ី។

5. Knox Leon Jolie-Pitt ភេទប្រុស កើតនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០៨ (កូនភ្លោះ) អាយុ៨ឆ្នាំ កូនលោកស្រី Jolie កើតនៅក្នុងប្រទេស បារាំង។

6. Vivienne Marcheline Jolie-Pitt ភេទស្រី កើតនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០៨ (កូនភ្លោះ) អាយុ៨ឆ្នាំ កូនលោកស្រី Jolie កើតនៅក្នុងប្រទេស បារាំង

* អាជីពជាតារាសម្តែង៖
Jolie ចូលរួមសំដែងភាពយន្តជាលើកដំបូងតាំងពីវ័យទើបតែប្រាំឆ្នាំ ជាមួយឪពុករបស់នាង ក្នុងរឿងLookin' to Get Out ក្នុងឆ្នាំ១៩៨២ ប៉ុនែ្តអាជីពជា តារាភាពយន្តរបស់នាងចាប់ផើ្តមពិតប្រាកដ ក្នុងរយៈពេលមួយទសវត្សក្រោយមកគឺក្នុងអំឡុងឆ្នាំ១៩៩៣នៅក្នុងភាពយន្តតម្លៃទាបៗ។ នាងក្លាយជាតួឯក ដំបូងបង្អស់ ក្នុងភាពយន្តរឿង Hacker (១៩៩៥)។

លោកស្រី Jolie ធ្លាប់បានទទួលរង្វាន់ភាពយន្តប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិច ក្នុងនាមជាតួរងដែលល្អជាងគេបំផុតសំរាប់ការសំដែងនៅក្នុងរឿង Girl, Interrupted(១៩៩៩)។ លោកស្រីចាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញក្រោយពីបានសំដែងជាតួវីរះនារី នៅក្នុងរឿង Lara Croft in Lara Croft: Tomb Raider (២០០១)ដែលជាភាពយន្តដកស្រង់ចេញពីវីដេអូហេ្គម ហើយរឿងនោះបានធើ្វអោយលោកស្រីក្លាយទៅជាតារាស្រីម្នាក់ ក្នុងចំណោមតារាស្រីហូលីវូដ ដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុត។ ក្រោយមកលោកស្រីក៏បានសំដែងជាតួឯកនៅក្នុងរឿង Lara Croft Tomb Raider: The Cradle of Life(២០០៣)។

កេរ្តិ៍ឈ្មោះរបស់ស្ត្រីរូបនេះ កាន់តែល្បីល្បាញបន្ទាប់ពីបានដើរតួឯកនៅក្នុងរឿង Mr. & Mrs. Smith (២០០៥) និង Wanted (២០០៨)។ តារាសម្តែង ហូលីវូដរូបនេះ ទទួលបានការកោតសសើរកាន់តែខ្លាំង បន្ទាប់ពីការសំដែងនៅក្នុងរឿង A Mighty Heart (២០០៧) និង Changeling (២០០៨) ដែលធើ្វឲ្យតួអង្គឯករូបនេះ ទទួលបានឈ្មោះជាតួឯកស្រីល្អផ្តាច់គេប្រចាំឆ្នាំរបស់អាមេរិក។

ក្នុងឆ្នាំ២០០៨ ស្ត្រីរូបនេះ ត្រូវបានគេចាត់ទុកថា ជាតួអង្គហូលីវូដ ដែលរកបានប្រាក់ខ្ពស់បំផុតរហូតដល់ចន្លោះពី១៥ ទៅ២០លានដុល្លារក្នុងមួយរឿង ខណៈដែលតួអង្គផ្សេងទៀត ត្រូវបានបង្ខំឱ្យកាត់ប្រាក់ខែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកស្រី Jolie ទទួលរង្វាន់ភាពយន្តប្រចាំឆ្នាំរបស់អាមេរិច ព្រមទាំងត្រូវបានស្សនាវដ្តី Forbes ឲ្យឈ្មោះថាជាតារាដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុត ក្នុងចំណោមតារាស្រីទាំងអស់នៅក្នុងឆ្នាំ២០០៩ និង២០១១។

លោកស្រីត្រូវបានគេឲ្យឈ្មោះថា ជានារីដែលស្អាតជាងគេបំផុតនៅលើពិភពលោក។ ក្រៅពីការងារជាតារាសម្តែង លោកស្រីក៏ទទួលបានឋានៈខ្ពង់ខ្ពស់ ក្នុងការងារមនុស្សធម៌ ដែលឋានៈនេះធើ្វអោយលោកស្រី កាន់តែទទួលបានការយកចិត្តទុកដាក់យ៉ាងក្រាស់ក្រែលពីបណ្តាញផ្សព្វផ្សាយនានា។

មិនត្រឹមតែជាតារាសម្តែង លោកស្រីក៏ជាអ្នកដឹកនាំរឿងផងដែរ។ ស្ត្រីដ៏ឆ្លៀសវៃរូបនេះបានដឹកនាំការថតភាពយន្តឯកសារមួយ ដែលមានឈ្មោះថា A Place In Time ក្នុងឆ្នាំ២០០៧។ រឿង In The Land of Blood and Honey ក្នុងឆ្នាំ២០១១ ក៏ជារឿងដែលលោកស្រីដឹកនាំផ្ទាល់ ដែលទទួលបានការគាំទ្រជាខ្លាំង ដោយវាជាខ្សែភាពយន្តដែលបង្ហាញពីក្តីស្រឡាញ់រវាងយោធាស៊ែប៊ី និងអ្នកជាប់ពន្ធធនាគារនៅប៊ូស្នី ដែលកើតឡើងក្នុងសង្គ្រាមប៊ូស្នី នៅរវាងឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៥។ នៅមានខ្សែភាពយន្តជាច្រើនដែលត្រូវបានផលិតឡើងក្រោមស្នាដៃដឹកនាំដោយលោកស្រីផ្ទាល់។

បន្ទាប់ពីស្គាល់កម្ពុជាកាន់តែច្បាស់ លោកស្រីក៏បានចាប់អារម្មណ៍នឹងរឿងរ៉ាវសម័យខ្មែរក្រហម ហេតុនេះលោកស្រីបានសម្រេចផលិតខ្សែរភាពយន្តមួយដែលមាន ឈ្មោះថា First they Killed My Father(ដំបូងគេសម្លាប់ឪពុកខ្ញុំ) ក្នុងឆ្នាំ២០១៧ វាជាសាច់រឿងដែលកើតឡើងក្នុងសម័យនោះតែម្តង។ មិនត្រឹមតែដឹកនាំ រឿងប៉ុណ្ណោះទេ លោកស្រីថែមទាំងសហការណ៍គ្នាជាមួយមិត្តចាស់គឺ Loung Ung ដែលនៅចាំរឿងរ៉ាវទាំងអស់ក្នុងជំរុំពលកម្មកុមារក្នុងសម័យខ្មែរក្រហម ដើម្បីសរសេរសាច់រឿងនេះឡើង។ គោលបំណងចម្បងដើម្បីបំពេញតាមអារម្មណ៍ និងតម្រូវការរបស់ទស្សនិកជនជាខ្មែរ ទើបខ្សែភាពយន្តនេះ ត្រូវបានប្រើប្រាស់ទាំងតួអង្គ និងស្គ្រីបជាខ្មែរទាំងអស់។

* ការងារមនុស្សធម៌៖
ក្រៅពីអាជីពជាតារាសម្តែងស្ត្រីលេចធ្លោរូបនេះ ក៏បានចូលរួមចំណែកខ្ពស់ក្នុងវិស័យមនុស្សធម៌ផងដែរ ដោយលោកស្រីបានជួយដល់កិច្ចការ ជាច្រើនក្នុងនោះមានដូចជា៖ អគ្គរដ្ឋទូតសុឆន្ទៈប្រចាំអង្គការ UNHCR, ការអភិរក្សនិងការអភិវឌ្ឍសហគមន៍, អន្តោប្រវេសន៍កុមារ និងការអប់រំ, សិទ្ធមនុស្ស និងសិទ្ធស្ត្រី។ ដោយសារភាពជោគជ័យក្នុងនាមជាតារាសម្តែង និងការងារមនុស្សធម៌ ជម្រុញឱ្យលោកស្រីមានភាពល្បីល្បាញពាសពេញពិភពលោក និងទទួលបានពានរង្វាន់ជាច្រើន បានមកពីស្នាដៃដ៏លេចធ្លោរបស់ស្ត្រីដែលធ្លាប់មានប្រវត្តិជាក្មេងបាតសង្គមរូបនេះ៕

បកប្រែ និងសម្រួលដោយ៖ អ៉ិត ចណ្ណា

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Angelina Jolie Int news