(អាមេរិក)៖កាលពីថ្ងៃទី១៨ ធ្នូ ២០១៦ កន្លងទៅនេះ Brad Pitt អតីតស្វាមីតារាហូលីវូតដ៏ល្បី Angelina Jolie បានប្រារព្ធថ្ងៃកំណើតក្នុងវ័យ៥៣ឆ្នាំជាមួយនឹងមិត្តភក្តិចាស់ៗយ៉ាងស្ងាត់ស្ងៀមដោយមិនមានកូនៗណាម្នាក់មកចូលរួមជាមួយឡើយដែលតាមពិតទៅ លោកមិនចង់ឲ្យនរណាម្នាក់មើលមកថាលោករវល់នឹងរឿងឥតប្រយោជន៍បែបនេះទេ។
Brad Pitt ត្រូវបានមិត្តភក្តិជិតស្និទ្ធរៀបចំធ្វើពិធីខួបកំណើតឲ្យយ៉ាងស្ងាត់តែពិតជាគួរឲ្យស្តាយដែលគាត់មិនបានឃើញកូនៗ ដូចដែលចង់បានទេ។ កាលពីមុនលេចឮដំណឹងថា Angelina ព្រមតាមសំណើកូនស្រី Shiloh Joie Pitt អាយុ១០ឆ្នាំ ដែលចង់ឲ្យឪពុកម្តាយចំណាយពេលទទួលទានអាហាររួមគ្នានៅថ្ងៃណាមួយតែក្តីរំពឹងនេះបានត្រឹមតែស្រមៃប៉ុណ្ណោះ ហើយមិនដឹងថានៅថ្ងៃបុណ្យគ្រីស្តម៉ាសខាងមុខនេះ Brad Pitt នឹងបានឃើញមុខកូនៗដែរឬអត់ទេ។
តារាប្រុសរូបនេះ និយាយថា លោកគ្រាន់តែចង់ធ្វើការដើម្បីខ្លួនឯងនិងចង់សាងទំនាក់ទំនង ជាមួយកូនៗឡើងវិញក្រោយពីមិនបានឃើញមុខគ្នាអស់រយៈពេលច្រើនខែមកហើយប៉ុន្តែមិត្តរបស់គាត់ម្នាក់បានប្រាប់កាសែត Us Weekly ថា Brad ហាក់មិន សង្ឃឹមថាអតីតភរិយាអនុញ្ញាតឲ្យជួបកូនៗដើម្បីចំណាយពេលរួមគ្នាដូចមុនទេអ្វីៗគ្រាន់តែស្ថិតក្នុងក្តីរង់ចាំប៉ុណ្ណោះ ខណៈរឿងរ៉ាវលែងលះរវាងពួកគេនៅមិនទាន់បញ្ចប់នៅឡើយ។
ប្រភពមួយទម្លាយថា នៅថ្ងៃកំណើតរបស់ Brad Pitt នោះគេបានឃើញ Angelina បណ្តើរកូនស្រី Shiloh ដើរផ្សារទិញឥវ៉ាន់ហាក់ដូចជាមិនខ្វល់ភ្នែកមហាជនឡើយដែលអ្នកខ្លះគិតថា តារាស្រីរូបនេះប្រហែលជាចង់នាំកូនគេចមុខមិនឲ្យជួបឪពុក។
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង