(អូទ្រីស)៖ ពិតជាស្មានមិនដល់ថា យុវតីអាយុ១៨ឆ្នាំម្នាក់រស់នៅប្រទេសអូទ្រីស បានដាក់ពាក្យប្តឹងឪពុកម្តាយរបស់ខ្លួន បន្ទាប់ពីឪពុកម្តាយ បានធ្វើឲ្យនាងរងការអាម៉ាស់ ព្រោះតែថតរូបនាងកាលពីកុមារភាព កំពុងអង្គុយលើបង្គន់ ទៅបង្ហោះ លើបណ្តាញសង្គម។
តាមពាក្យបណ្តឹង ត្រូវបានយុវតីរូបនេះ លើកឡើងថា រូប ថតនាងកាលពីនៅក្មេង ប្រមាណ៥០០សន្លឹក ត្រូវឪពុកម្តាយយកទៅបង្ហោះ លើហ្វេសប៊ុកដោយគ្មានការយល់ព្រម ពីនាងឡើយ មានទាំងរូបថតស្លៀកកន្ទប និង រូបស្រាត កាលពីនៅកុមារភាព កំពុងដេកលើគ្រែ ក៏មានដោយពួកគាត់យកវាទៅបង្ហោះ ជាសាធារណៈហើយចែករំលែកជាមួយ មនុស្ស៧០០នាក់ថែមទៀត នៅ លើហ្វេសប៊ុក ធ្វើឲ្យនាងរងការអាម៉ាស់ នៅពេលនេះ។
ទោះជាយុវតី ប្រាប់ឪពុកម្តាយ ឲ្យលុបរូបនាងកាលពីនៅតូចចោលវិញ តែពួកគាត់បដិសេធ ហើយនៅក្នុងតុលាការ គឺបុរសជាឪពុកនិយាយថា ខ្លួនមានសិទ្ធិបង្ហោះរូបភាពទាំងនោះ ក្នុងនាមជាឪពុក ព្រោះជារូបភាពដែលគាត់ថត តាំងពីកូនស្រីនៅតូចម្ល៉េះ។ ចំពោះករណីនេះ មិនដឹងថា តុលាការអូទ្រីស នឹងសម្រេចយ៉ាងណានោះទេ ដោយមិនមានការបញ្ជាក់ នៅឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង