(ភ្នំពេញ)៖ ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមការពារតំណែងជើងឯក ភ្នំពេញក្រោន កីឡាករ Booysen Shane ទំនងមិនអាចជួយក្រុមពេលជួបក្រុមជើងឯករង ណាហ្គាវើល នៅល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ស្អែកនេះបានឡើយ ដោយសាររបួសជង្គង់ ដែលកើតឡើងអំឡុងពេលប្រកួតជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) កាលពីសប្ដាហ៍មុន ។
យោងតាមការឲ្យដឹងពីមន្ដ្រីក្រុមភ្នំពេញក្រោន បានបញ្ជាក់ថា «Booysen Shane អាចនឹងមិនបានចូលរួមជាមួយភ្នំពេញក្រោន នៅក្នុងការប្រកួតជាមួយក្រុមណាហ្គាវើល នាថ្ងៃសៅរ៍នេះឡើយ ព្រោះ Shane ទទួលរងរបួសជង្គង់ បន្ទាប់ពីលេងបានត្រឹម៦នាទី នៅក្នុងជំនួបជាមួយប៉ូលិស កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដូច្នេះគេត្រូវបានប្ដូរចេញភ្លាមៗ ប៉ុន្ដែមកទល់នឹងឥឡូវ របួសរបស់គេមិនទាន់ជាសះស្បើយនោះទេ» ។
គួរបញ្ជាក់ដែរថា ការអវត្តមាន១ប្រកួតដំបូង ក្នុងចំណោម២ប្រកួតនៃកីឡាករសញ្ជាតិអាហ្រ្វិកខាងត្បូងខាងលើនេះ បានធ្វើឲ្យភ្នំពេញក្រោន ប្រកួតស្មើក្រុមប៉ូលិស ០-០ ខណៈដែល Booysen Shane ធ្វើបាន Hat-Trick (រកបាន៣គ្រាប់ម្នាក់ឯង) នៅពេលភ្នំពេញក្រោន ប្រកួតបើកឆាកពាន C-League រដូវកាលថ្មី យកឈ្នះក្រុម Cambodian Tiger ៣-១ កាលពីពេលថ្មីៗកន្លងទៅ ។
ជាមួយនឹងការបាត់បង់សមាជិក ស្របពេលភ្នំពេញក្រោន ត្រៀមប្រកួតជើងទី១ នៃពាន C-League ជាមួយក្រុម ណាហ្គាវើល នាល្ងាចស្អែកនេះ គឺជាការបាត់បង់កម្លាំងដ៏សំខាន់ម្នាក់ទៀត ព្រោះពេលនេះភ្នំពេញក្រោន បានអវត្តមានកីឡាករសំខាន់២រូបទៅហើយ គឺកីឡាករ ធារី ចន្ថាប៊ីន និងខ្សែប្រយុទ្ធឆ្នើម កែវ សុខផេង ដែលកំពុងសម្រាកព្យាបាលរបួសដូចគ្នា ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី