CamNews

គ្រោះថ្នាក់ 

ចង់បានប្រាក់ធានារ៉ាប់រងពេក ស្ត្រីម្នាក់សុខចិត្តឈឺខ្លួនព្រមឲ្យមិត្តកាត់ដៃ-ជើង ចោល

(វៀត​ណាម)៖ ស្ត្រីជនជាតិវៀតណាមម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ដោយចោទពីបទប្រើឧបាយកលទុច្ចរិត ដើម្បីបន្លំយកប្រាក់ធានារ៉ាប់រង បន្ទាប់ពីរកឃើញថា ជួលមិត្តភក្តិឲ្យកាត់ដៃជើង ដើម្បីឲ្យក្រុមហ៊ុនធានារ៉ាប់រងមួយ បង់សំណងថ្លៃធានារ៉ាប់រង ពិការភាពមកឲ្យខ្លួន។


ហេតុការណ៍នេះ កើតឡើងនៅទីក្រុងហាណូយ ស្ត្រីដែលត្រូវចាប់ខ្លួនមានអាយុ៣០ឆ្នាំ ឈ្មោះអក្សរកាត់ គឺ L.T.N. កំពុងព្យាបាលខ្លួន នៅមន្ទីរពេទ្យ ប៉ុន្តែក្រុមគ្រូពេទ្យមិនអាចតភ្ជាប់ដៃ និងជើងឆ្វេងរបស់នាង ឡើងវិញបានឡើយ បន្ទាប់ពីត្រូវបុរសជាមិត្តភក្តិ អាយុ២១ឆ្នាំ ឈ្មោះ Doan Van D. កាត់ដាច់ប្រអប់ដៃឆ្វេង និងជើងឆ្វេង ហើយបែរជារាយការណ៍ ទៅប៉ូលិសថា L.T.N. ត្រូវរថភ្លើងកិនទៅវិញ។

L.T.N. បានដាក់ពាក្យប្តឹង ដើម្បីឲ្យក្រុមហ៊ុនធានារ៉ាប់រង បង់ថ្លៃពិការភាពចំនួន ១០.០០០ដុល្លារ តែអ្វីដែលក្រុមស៊ើបអង្កេតរកឃើញ គឺគ្មានរថភ្លើងណាមួយ កិន L.T.N. ទេ កំឡុងពេលដែលមិត្តនាង​រាយការណ៍ប្រាប់ ហើយនាងប្រឈមនឹងការជាប់គុកទៀតផង ពីបទប្រើល្បិចបោកប្រាស់ ចង់បានប្រាក់ធានារ៉ាប់រង។ សំខាន់ជាងនេះទៀត គឺ L.T.N. ត្រូវបាត់បង់អវយវៈទទេ ដោយគ្មានទទួលបានប្រាក់សំណង អ្វីបន្តិចឡើយ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Vietnam Asia Zika Int news