(ភ្នំពេញ)៖ បច្ចុប្បន្នប្រជាជន ក្នុងប្រទេសកម្ពុជា ត្រូវបានគេកត់សម្គាល់ឃើញថា មានជីវភាពល្អប្រសើរជាងមុន ហើយរឿងតុបតែងខ្លួន ចូលរួមក្នុងពិធីនានា ដូចជាមង្គលការ ជប់លៀង និងកម្មវិធីផ្សេងៗហាក់កាន់តែ ល្អប្រសើរជាងមុន ពីការស្លៀកសម្លៀកបំពាក់ប្រពៃណី តែក្នុងនោះ គេសង្កេតឃើញមនុស្សស្រីល្បីៗ៥រូប ដែលស្ត្រីខ្មែរភាគច្រើន ប្រាថ្នាស្លៀកពាក់ឲ្យដូចបំផុត មានដូចជា លោកស្រី ហ៊ុន ម៉ាណា,លោកស្រី ម៉ៅ ចំណាន ឬស្រីតូច ចំណាន,លោកស្រី ឌី ម៉ាឡែន ,អ្នកនាង គង់ សុជាតិ និងអ្នកនាង យុគ ចិន្ដា ។
ទី១, លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍បាយ័ន និងជាកូនស្រីបង្កើតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនត្រឹមតែជាស្ត្រីដ៏ពូកែខាងការងារជំនួញ និងពូកែតុបតែងខ្លួនម្នាក់ទេ ថែមទាំងជាមនុស្សស្រីដែលគេប្រៀបប្រដូច ទៅនឹងនាយករដ្ឋមន្ត្រីថៃ លោកស្រី យីង ឡាក់ ព្រោះស្អាត និងពូកែដូចគ្នា ។ លោកស្រី ហ៊ុន ម៉ាណា តែម្នាក់គត់ ដែលបានធ្វើឲ្យស្ត្រីខ្មែរពេញប្រទេសនាំគ្នា ត្រឡប់មកស្លៀកហូលផាមួងវិញ ព្រោះផាមួងត្រូវបានគេបោះបង់ចោល មិនស្លៀករាប់ឆ្នាំមកហើយ ។ តែក្រោយលោកស្រីស្លៀកផាមួងខ្មែរ គេក៏នាំគ្នាស្លៀកតាមវិញ ពិសេសអ្នកខ្លះចង់កាត់ម៉ូដ ដូចលោកជំទាវបេះបិទទៀតផង ។
ទី២, លោកស្រី ម៉ៅ ចំណាន ឬ លោកស្រី ស្រីតូច ចំណាន អតីតតារាសម្ដែង និងពិធីការិនីដ៏ល្បីល្បាញ ។ លោកស្រីមហាសេដ្ឋីរូបនេះ ក៏ពូកែតុបតែងខ្លួនខ្លាំងមិនធម្មតាដែរ ។ លោកជំទាវធ្លាប់ជាអ្នក សិល្បៈរឿងតុបតែងខ្លួន មិនមែនបញ្ហាសម្រាប់លោកស្រីឡើយ គ្មានពេលណា ដែលលោកជំទាវបង្ហាញវត្តមានហើយ មិនស្អាតនោះទេ គឺស្រស់ស្អាតគ្រប់ពេល ហើយពេលលោកសម្លៀកបំពាក់ប្រពៃណី ធ្វើឲ្យស្រីៗនាំគ្នាកាត់ម៉ូដតាមព្រោងព្រាត ។
ទី៣, លោកស្រី ឌី ម៉ាឡែន ជាម្ចាស់សំអាងការប៉ារ៉ាឌី លោកស្រីជាម្ចាស់ហាងកាត់ដេរស្រាប់ គ្មានអ្វីជាឧបសគ្គសម្រាប់លោកស្រី ក្នុងការបញ្ចេញម៉ូដថ្មីៗឡើយ គ្រប់ពេលលោកស្រីចេញសំអាងការ មិនថាអ្នកសិល្បៈ ឬអ្នកធម្មតា លោកស្រីស្លៀកពាក់ស្អាតៗជានិច្ច ក្នុងឈុតអាវប៉ាក់ថ្លៃៗ ជាមួយសំពត់ហូលផាមួង ហើយក្នុងទូរស័ព្ទដៃមនុស្សស្រី ស្ទើរគ្រប់គ្នាតែងតែមានរូបលោកស្រី ក្នុងទូរស័ព្ទដៃ ដើម្បីមើលម៉ូដ។
ទី៤, អ្នកនាង គង់ សុជាតិ ពិធីការិនីដែលមានបទពិសោធន៍រាប់ឆ្នាំ ក្នុងការប្រើសំនួនវោហាស័ព្ទ តែអ្នកនាងក៏មានស្ទីលតុបតែងខ្លួន ស្អាតមិនធម្មតាឡើយ រហូតមានអ្នកចាំមើលអ្នកនាង ហើយស្លៀកពាក់តាម ព្រោះគេស្រឡាញ់ការតុបតែងខ្លួន របស់ម្ចាស់ហាងអ៊ុតសក់មួយនេះ ។ ថ្មីៗនេះ គ្រាន់តែ គង់ សុជាតិ ស្លៀកផាមួងពណ៌គ្រាប់អំពិលភ្លាម ធ្វើឲ្យស្រីៗនាំគ្នាទិញតាម រហូតគេផលិតមិនទាន់ទៀតផង ។
ទី៥, អ្នកនាង យុគ ចិន្តា ជាពិធីការិនីល្បីល្បាញចាស់វស្សា និងជាម្ចាស់ហាង «អមរចនាម៉ូដ» អ្នកនាងបានបញ្ចេញ ម៉ូដថ្មីៗរៀងរាល់សប្ដាហ៍ ពេលអ្នកនាងបង្ហាញមុខ លើកញ្ចក់ទូរទស្សន៍ ធ្វើឲ្យហាងអ្នកនាងកាន់តែ មានការចាប់អារម្មណ៍ច្រើន ព្រោះអ្នកនាងស្លៀកពាក់បានស្អាត ធ្វើឲ្យគេចង់ស្លៀកតាម ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី