(ភ្នំពេញ)៖ រងើកភ្លើងស្នេហាឆ្លងទ្វីប រវាងប្ដីប្រពន្ធជាអ្នករស់ក្រោមដំបូលសិល្បៈដូចគ្នា អ្នកនាង យ៉ាន លីនដា និង លោក យ៉ែម សំអូន ត្រូវបានបញ្ចប់ទៅ រយៈពេលជាងមួយឆ្នាំទៅហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ស្រាប់តែនៅសុខៗ រងើកភ្លើងស្នេហ៍ចាស់នេះ ក៏ឆេះឡើងវិញ ហើយពាក្យសម្ដីឌឺដងផ្កែផ្កា ឲ្យគ្នាទៅវិញទៅ គួរឲ្យចម្លែកក៏ផ្ទុះឡើង ស្របជាមួយគ្នាដែរ ដែលនេះជាការចាប់អារម្មណ៍ថ្មីមួយទៀត សម្រាប់មហាជន ជាពិសេសអ្នកដឹងរឿងមួយចំនួន ក្នុងមជ្ឈដ្ឋានសិល្បៈ ។ តើនរណាជាអ្នកនៅពីក្រោយខ្នង ដែលនាំឲ្យមានផ្ទុះសង្គ្រាមពាក្យ សម្ដីនេះកើតឡើង រវាងប្ដីប្រពន្ធមួយគូនេះ?
ថ្មីៗនេះគេសង្កេតឃើញថា លោក យ៉ែម សំអូន បានបង្ហាញអារម្មណ៍ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកយ៉ាងចម្លែកថា «ខ្ញុំមិនយល់ថា អ្នកឯងកំពុងតែចង់បានអ្វី ទាំងអ្នកឯង មានទ្រព្យសម្បត្តិមិនខ្វះអ្វីឡើយ ខ្ញុំមិនយល់..!»។
អ្វីដែលតារាសម្ដែង ក៏ដូចជាតារាចម្រៀងខកស្នេហ៍ លោក យ៉ែម សំអូន និយាយ គឺមិនបានដឹងថា លោកសំដៅលើនរណាមួយនោះទេ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង រហូតធ្វើឲ្យ រឿងរ៉ាវប្ដីប្រពន្ធមួយគូនេះ ឆេះឡើងវិញ គឺក្រោយពេលដែល អ្នកនាង យ៉ាន លីនដា មកពីដើរលេងនៅកោះម៉ាឌីវ ជាមួយនឹងតារាសម្ដែងទើបរៀបការហើយថ្មីថ្មោង គឺអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ហើយក៏កើតរឿងឌឺដងគ្នា ទៅវិញទៅមកម្ដងទៀត ខណៈដែលម្នាក់ៗសុទ្ធតែមានហេតុផលរៀងៗខ្លួន ថា ខ្លួនពិតជាល្អត្រឹមត្រូវ ។
ប៉ុន្តែមុននឹងលោក យ៉ែម សំអូន និយាយបែបនេះ អ្នកនាង យ៉ាន លីនដា បានសរសេរសារមួយបង្ហោះមុនថា «កុំដើរនិយាយអាក្រក់ពីខ្ញុំ ខ្ញុំធ្វើអ្វីៗដើម្បីតែកូនខ្ញុំប៉ុណ្ណោះ ព្រោះកូនខ្ញុំខ្វះភាពកក់ក្ដៅ ខ្វះការស្រឡាញ់ពីឪពុកម្ដាយ ខណៈនេះខ្ញុំកំពុងតែធ្វើវាហើយ..!»។
ទោះបីជាយ៉ាងណា ប្រភពព័ត៌មានពីអ្នកសិល្បៈ ធ្លាប់ស្គាល់ជិតស្និទ្ធ បានទម្លាយឲ្យដឹងថា រឿងរ៉ាវនេះមិនសម្ដៅទៅលើ គង់ ច័ន្ទស្រីមុំ និង លោក គឹម សីហា នោះទេ ប៉ុន្តែវាហាក់ដូចជាចៃដន្យពេកទេដឹង? គ្រាន់តែមកពីដើរលេង នៅកោះម៉ាឌីវភ្លាម រឿងក៏ឆេះឡើងភ្លាម ។ ពាក្យសម្ដីរបស់លោក យ៉ែម សំអូន ដែលនិយាយថា «អ្នកមានទ្រព្យសម្បត្តិច្រើនហើយ មិនយល់ថា អ្នកចង់បានអ្វី..!» ក៏ហាក់សំដៅលើប្ដីប្រពន្ធក្មេងៗមួយគូនេះ ឬយ៉ាងណា ព្រោះអ្នកណាក៏ដឹងថា ប្ដីប្រពន្ធការថ្មោងថ្មី ជាអ្នកមានក្នុងសិល្បៈ អ្វីក៏មានមិនខ្វះ សូម្បីតែកម្មវិធីរៀបការ ក៏អស់រាប់ម៉ឺនដុល្លារដែរ រឿងអីថា ក្រ។
លោក យ៉ែម សំអូន មិនអាចសុំការបំភ្លឺបានទេថា លោកនិយាយសំដៅនរណា ឲ្យប្រាកដ ព្រោះអ្វីៗកំពុងស្ថិតក្នុងមន្ទិលសង្ស័យ នៅឡើយ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង