(កូរ៉េ)៖ ហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅប្រទេសកូរ៉េខាងត្បូង គឺបុរសជាឪពុកក្មេងតូចម្នាក់ បានបាត់បង់ជីវិត ដោយស្មានមិនដល់ បន្ទាប់ពីនិស្សិតម្នាក់ធ្វើអត្តឃាត លោតពីលើអាគារមួយ សង្កត់មកលើគាត់។
បុរសរងគ្រោះអាយុ៣៩ឆ្នាំ ឈ្មោះ Yang Dae-jin រងរបួសក្បាលធ្ងន់ធ្ងរ បន្ទាប់ពីនិស្សិតអាយុ២៥ឆ្នាំ លោតពីលើអាគារជាន់ទី២០ ធ្លាក់មកចំគាត់ កំពុងនៅខាងក្រោម ដែលពេលនោះជនរងគ្រោះ កំពុងដើរតាមផ្លូវជាមួយប្រពន្ធ មានផ្ទៃពោះ និងកូនប្រុសអាយុ៥ឆ្នាំ។ តាមការស៊ើបអង្កេត របស់ប៉ូលិសនៅ Gwangju ឲ្យដឹងថា និស្សិតដែលមិនស្គាល់អត្តសញ្ញាណរូបនេះ កើតអារម្មណ៍ធុញថប់ មុនពេលដែលគេត្រូវប្រឡងចូលបម្រើការរដ្ឋ ទើបសម្រេចចិត្តលោតពីអាគារសម្លាប់ខ្លួនបែបនេះ តែជាអកុសលក៏ធ្លាក់ត្រូវចំ Dae-jin កំពុងដើរតាមផ្លូវតែម្តង។
និស្សិតប្រុសនោះ ក៏បានស្លាប់ហើយប៉ូលិសរកឃើញដបស្រា និងសំបុត្រដែលគេសរសេរលើកចុងក្រោយ ពីការសម្លាប់ខ្លួននេះផងដែរ ប៉ុន្តែដោយសារតែការធ្វើអត្តឃាតនេះ ធ្វើឲ្យរងគ្រោះដល់ជីវិតអ្នកដំណើរថែមទៀត និស្សិតដែលស្លាប់ ក៏រងការចោទប្រកាន់ពី បទមនុស្សឃាតដោយ អចេតនាទៀតផង៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង