CamNews

កីឡា 

ថៃ ឈរកំពូលតារាងមេដាយនៅ Asian Beach Games ខណៈកម្ពុជាទើបរកបាន ២គ្រឿង

(ភ្នំពេញ)៖ ការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី ឬ Asian Beach Games លើកទី៥ ដែលធ្វើឡើងនៅទីក្រុងដា​ណាំង ប្រទេស​វៀត​ណាម បាន​ឆ្លង​ផុត ៣​ថ្ងៃ​មក​ហើយ ដោយ​ក្រុម​អត្តពលិក​មក​ពី​ថៃ ដណ្ដើមបានមេដាយមាសច្រើនជាងគេ និង​ឈរ​កំពូល​តា​រាង​មេ​ដាយ​ជា​បណ្ដោះ​អា​សន្ន តែ​ក្រុម​អត្តព​លិក​កម្ពុជា គឺទើបដណ្ដើមបានមេដាយសំរឹទ្ធ ២គ្រឿងប៉ុណ្ណោះ ដែលរកបានដោយក្រុមកីឡាប៉េតង់។

សម្រាប់ក្រុមអត្ដពលិកថៃ ដែលកំពុងឈរកំពូលតារាងមេដាយពេលនេះ គឺរកបានមេដាយសរុប ៣៤គ្រឿង ក្នុង​នោះ​មាន​មេដាយ​មាស​១៥ ប្រាក់​៨ និង​សំរឹទ្ធ​១១ ហើយ​តាម​ពី​ក្រោយ​ដោយ​ក្រុម​អត្តពលិកម្ចាស់ផ្ទះវៀតណាម ដែល​រក​បាន​មេ​ដាយ​សរុប ៣៩​គ្រឿង តែ​មាន​មេ​ដាយ​មាស៩ ប្រាក់​១២ និង​សំរឹទ្ធ​១៨​។ ចំណែក​ចិន ឈរ​លេខ​៣ មានមេដាយសរុប១៨គ្រឿង គឺមេដាយមាស៥ ប្រាក់៥ និងសំរឹទ្ធ៨។

ដោយឡែកកម្ពុជាវិញ ទើបរកបានមេដាយសំរឹទ្ធ ២គ្រឿង ដែលដណ្ដើមបានដោយក្រុមកីឡាករ-កីឡាការិនីផ្នែកកីឡាប៉េតង់កាល​ពី​ម្សិល​មិញ​។ មេដាយ​សំរឹទ្ធ​បើក​ឆាក​របស់​កម្ពុជា​នេះ គឺ​រក​បានលើវិញ្ញាសាវាយគូបុរស ក្រោយប្រកួតចាញ់ក្រុមកីឡាករថៃ និង​ម៉ាឡេស៊ី ដោយលទ្ធផល ៧-១៣ ក្នុង​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវិញ្ញាសាវាយគូនារី ក្រោយចាញ់ក្រុមថៃ ២-១២ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី ប្រចាំឆ្នាំ២០១៦ នៅទីក្រុងដាណាំង ប្រទេសវៀតណាមនេះ គឺចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី​២៤ ខែ​​កញ្ញា​​មក​​ម្ល៉េះ ហើយ​គ្រោង​នឹង​បញ្ចប់​នៅថ្ងៃទី០៣ ខែតុលាខាងមុខ ដោយ​កម្ពុជា បានបញ្ជូនកីឡា៥ ប្រភេទទៅចូលរួម ក្នុងនោះមានប្រភេទកីឡាវ៉ូវីណាម ចំបាប់ បាល់ទះឆ្នេរខ្សាច់ ប៉េតង់លើខ្សាច់ និងកីឡាល្បុក្កតោ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង