(ភ្នំពេញ)៖ តារាសម្តែងប្រុសមានឈ្មោះ ល្បីគួរសម ក្នុងវិស័យសិល្បៈ លោក គុន រៀមរតនៈ កំពុងជួបទុក្ខធំ សោកសៅ ក្នុងគ្រួសារ ខណៈលោកយាយជាទីស្រឡាញ់ របស់តារាប្រុសរូបនេះ បានទទួលមរណៈភាព ចាកចោលលោក នឹងកូនចៅដោយគ្មានថ្ងៃវិលត្រឡប់វិញ នោះឡើយ។
នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់តារាសម្តែងលោក គុន រៀមរតនៈ កាលពីប៉ុន្មានម៉ោងមុននេះបានសរសេរបង្ហោះ ភ្ជាប់ជាមួយរូបភាព នៃការដង្ហែសពជាច្រើនសន្លឹក ហើយបញ្ជាក់ថា «ជូនដំណើរលោកយាយថ្ងៃចុងក្រោយ...។ លោកកយាយទៅចោលចៅហើយ ទៅគ្មានថ្ងៃត្រឡប់ ជាតិមុនខ្ញុំបានសាងបាបកម្មអ្វីខ្លះ បានជាជាតិនេះ ខ្ញុំជួបតែរឿងនិរាសព្រាត់ប្រាស មិនចេះចប់មិនចេះហើយ សោះអ៉ីចឹង?? »។
តារាប្រុសដែលភាគច្រើន គ្រងតំណែងជាតួភេទទី៣ លោក គុន រៀមរតនៈ បានបន្តថា «មច្ចុរាជសូមអ្នកប្រណីដល់ខ្ញុំខ្លះផង លោកឪពុក អ្នកម្តាយ បងប្រុសខ្ញុំ លោកតា លោកយាយ ទាំងខាងពុក នឹងខាងម៉ែ ពូ និងម្តាយធំខាងម៉ែ អ្នកបានឆក់យកជីវិតពួកគាត់ ទៅអស់ហើយ ទាំងអ្នកខ្លះនៅវ័យក្មេងៗនៅឡើយ។ តទៅទៀត សូមអ្នកមេត្តាដល់ជីវិតកំព្រីកំព្រា ក្រលំបាកម្នាក់នេះរស់បានសុខចប់ចុងចប់ដើម ដូចគេឯងផងចុះ!»។
បន្ថែមពីលើនេះ តារាប្រុសលោក គុន រៀមរតនៈ បានឲ្យដឹងថា ក្រោយពីទទួលដំណឹង នៃមរណៈភាពលោកយាយភ្លាម លោកក៏បានចេញដំណើររទាំងយប់ ឆ្ពោះទៅស្រុកកំណើត ដើម្បីចូលរួមពិធីបុណ្យបូជាសព លោកកយាយ ដែលគាត់ត្រូវជាយាយបង្កើតខាងម្តាយ ហើយសពគាត់គឺត្រូវបូជានៅព្រឹកម៉ោង៨ ថ្ងៃនេះ។
ជាមួយគ្នានេះលោក គុន រៀមរតនៈ ក៏បានបន្ថែមថា «ខ្ញុំសូមគោរពថ្លែងអំណរអគុណ យ៉ាងជ្រាលជ្រៅផងដែរ ចំពោះទឹកចិត្តដ៏ជ្រះថ្លារបស់ពុកម៉ែ បង ប្អូន មិត្តភក្តិទាំងអស់ ដែលបានផ្តល់ការរាប់អាន ចូលចិត្តអាណិតស្រឡាញ់ ចូលរួមបុណ្យសពលោកយាយខ្ញុំជាបណ្តើៗ ចាប់ទាំងពីព្រឹកថ្ងៃទី២៤មកនោះ»៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង