(ភ្នំពេញ)៖ ប្រភពព័ត៌មានទម្លាយចេញ ពីក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ បានឲ្យដឹងថា តារាចម្រៀងដែលសម្បូរ ទៅដោយរឿងរ៉ាវមិនចេះចប់ និងជាគ្រូបង្វឹកក្នុងកម្មវិធី «The Voice Camdodia» អ្នកនាង ពេជ្រ សោភា កំពុងតែត្រៀមខ្លួនចេញទៅប្រទេសបារាំង ដើម្បីព្យាបាលជំងឺរបស់នាង បន្ទាប់ពីការចេញទៅព្យាបាល នៅប្រទេសថៃ នៅតែមិនទាន់ជាសះស្បើយ។ ពេជ្រ សោភា បានបង្ហាញខ្លួនក្នុងកម្មវិធីមង្គលការរបស់តារាចម្រៀង និងជាពិធីការិនី ថន តារា ក្នុងស្ថានភាពមានជំងឺជាប់ខ្លួន ខណៈដែលតារាចម្រៀងស្រីរូបនេះ មិនងាយចូលរួមក្នុងកម្មវិធីមង្គលការ អ្នកសិល្បៈណាឡើយ ក្រៅពីមនុស្សជិតដិតបំផុតជាមួយនាង។
ការបង្ហាញខ្លួនរបស់អ្នកនាង ពេជ្រ សោភា ក្នុងពិធីមង្គលការនេះ បានធ្វើឲ្យមហាជនជាភ្ញៀវកិត្តិយស មានការភ្ញាក់ផ្អើល និងសាទរជាខ្លាំងដោយមានអ្នកខ្លះ ចោមរោមថតរូបជាមួយយ៉ាងច្រើន ខណៈនាងក៏បានឡើងបកស្រាយ បទចម្រៀងចំនួន៣បទ មានដូចជាបទ «ស្រឡាញ់បង, ម៉ែឲ្យជិះឆ្កែ »និង«រាំញីកែងជើង» ជាមួយ លោក ដេវីត ផងដែរ។
តារាចម្រៀង ពេជ្រ សោភា ត្រូវបានគេសង្កេតឃើញថា នាងបានស្លៀកសម្លៀកបំពាក់ ម៉ូដដដែល ដែលបានស្លៀក កាលពីថ្ងៃប្រឡង «The voice Cambodia» វគ្គផ្ដាច់ព្រ័ត្ត ប៉ុន្តែ បានប្ដូរម៉ូដសក់ និងផាត់មុខបែបសិចស៊ី។ អ្វីដែលប្លែកនោះ រូបរាងរបស់អ្នកនាង ហាក់ស្គមស្គាំង ស្លេកស្លាំង ដូចជាមនុស្សមានជំងឺ ហើយមិនសូវនិយាយស្ដីច្រើន ជាមួយអ្នកសិល្បៈដូចគ្នា ក៏ដូចជាអ្នកព័ត៌មាននោះឡើយ។
អ្នកនាង ពេជ្រ សោភា ត្រូវគេមើលឃើញថា នាងបង្ហាញវត្តមាន មិនញឹកញាប់នោះទេ ក្នុងការចូលរួមកម្មវិធីអ្នកសិល្បៈដូចគ្នា។ ចំណែករឿងដែល ពេជ្រ សោភា ត្រូវចាក់ចេញពីសិល្បៈ និងពីផលិតកម្ម ហង្សមាស ត្រូវបាននាងធ្លាប់និយាយប្រាប់ Khmertalking ថា ឲ្យរង់ចាំមើលក្នុងអំឡុងខែសីហា ខាងមុខនេះ ប្រសិនបើនាង មិនបង្ហាញវត្តមានលើឆាកតន្រ្តីទេ បានន័យថា ជីវិតសិល្បៈរបស់នាង គឺត្រូវបញ្ចប់ទាំងស្រុងហើយ។ ចំណែកលោក ដេវីត ជាដៃគូវិញ ក៏បង្ហោះតែសារប្លែកៗ ធ្វើឲ្យគេសង្ស័យថា អ្នកទាំងពីរអាចនឹងចាកចេញ ពីផលិតកម្ម ហង្សមាស ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង