CamNews

តារា 

សុន ស្រីពេជ្រ មិន​ជះលុយ​ធ្វើ​ខួបកំណើត​ឲ្យធំ​ តែ​រំភើប​ចិត្ត​អរស្ទើរហោះ

ភ្នំពេញៈ សម្រាប់ សិល្បករ-សិល្បការិនី ជាច្រើនដួង ឲ្យតែដល់ថ្ងៃ ខួបកំណើតម្តងៗ ពួកគេតែង តែបោះទុន ជាច្រើនម៉ឺនដុល្លារ ដើម្បីជាការលើកមុខ លើកមាត់ ឲ្យសមជាតារាល្បីឈ្មោះ និង មានអ្នកគាំទ្រច្រើន។ តែដោយឡែកស្រីស្រស់ ដែលចូលចិត្តតុបតែងខ្លួន បែបស្រគត់ស្រគំ កញ្ញា សុន ស្រីពេជ្រ វិញ ហាក់ដូចជា មិនសូវអើពើ ក្នុងការចំណាយលុយរាប់ម៉ឺនដុល្លារ ក្នុងការ រៀបចំកម្មវិធីធំដុំ នៅកន្លែងលំដាប់ផ្កាយ ដូចតារាដទៃ ចាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ឡើយ ។ 

តារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំផលិតកម្ម ហង្សមាស កញ្ញា សុន ស្រីពេជ្រ កាលពីថ្ងៃទី១ខែ មករា ឆ្នាំ២០១៣នេះ បានរៀបចំកម្មវិធីជប់លៀង ថ្ងៃខួបកំណើត បែបជាលក្ខណៈ គ្រួសារមួយ នៅគេហដ្ឋានរបស់នាង ដោយនៅក្នុងកម្មវិធីនោះ គេសង្កេតឃើញតារាស្រីរូបនេះ បង្ហាញស្នាម ញញឹម តាំងពីចាប់ផ្តើមកម្មវិធី រហូតដល់ចប់ ព្រោះតែការរំភើបចិត្ត ស្ទើរតែ ស្រក់ទឹកភ្នែកក្នុង ថ្ងៃខួបកំណើត សម្រាប់ឆ្នាំនេះ ។

បើតាមប្រភពពីសាច់ញាតិ របស់ កញ្ញា សុន ស្រីពេជ្រ បានបង្ហើបប្រាប់ LookingTODAY ដឹង នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៣នេះថា សម្រាប់ថ្ងៃខួបកំណើតស្រីពេជ្រ គឺពិតជាសប្បាយរីករាយ ខ្លាំងណាស់ ហើយថ្ងៃមុននេះ នាងឃើញម្ចាស់សាម៉ីខ្លួន គេសើចបិទមាត់មិនជិតទេ ព្រោះថាខួប កំណើតឆ្នាំនេះ ពេជ្រ ទទួលបានកាដូពិសេសច្រើន ធ្វើឲ្យនាងរំភើបចិត្តស្ទើរតែស្រក់ទឹកភ្នែក ទៅហើយ ។

ប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា “កាដូទាំងអស់នោះ គឺ មានដូចជានំខួបកំណើត និងកែវ ដែលមាន បិទរូបរបស់ស្រីពេជ្រផ្ទាល់ បើទោះជាកាដូទាំងអស់នោះ គ្មានតម្លៃដូចចិញ្ចៀនពេជ្រ ឬក៏របស់ថ្លៃៗក៏ដោយ ។ តែវាមានតម្លៃពិសេសសម្រាប់ ស្រីពេជ្រ ណាស់ ព្រោះថាវាជាទឹកចិត្ត របស់អ្នក ដែលស្រឡាញ់គាំទ្រនាង ដោយទឹកចិត្ត ” ។

នៅក្នុងកម្មវិធីជប់លៀងខួបកំណើត របស់តារាចម្រៀងស្រីល្បីឈ្មោះ ដែលនិយមតុបតែងខ្លួន សុភាពរាបសារ កញ្ញា សុន ស្រីពេជ្រ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ កន្លងទៅនេះ គេឃើញ តែវត្តមាន ក្រុមគ្រួសារបងប្អូន សាច់ញាតិ របស់នាង និងតារាចម្រៀងរួមដំបូល លោក រិន សា វ៉េត ម្នាក់តែប៉ុណ្ណោះ ដែលបង្ហាញវត្តមាន ចូលរួមក្នុងកម្មវិធីជប់លៀងនាយប់នោះ ខណៈដែល លោក រិន សាវ៉េត កន្លងមកធ្លាប់មានពាក្យលេចឮថា មានចំណងស្នេហ៍ជាមួយ តារាចម្រៀង សំឡេងស្រួយស្រែះ សុន ស្រីពេជ្រ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: son sreypich Entertainment singer khmer super star Hang Meas production