CamNews

តារា 

យឹម តាស្រង់៖ ការព្រមានរបស់រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម រឿងចម្លងបទពីបរទេស ហាក់ដូចជាយឺតពេល និងគ្មាន

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើការរំឭក និងព្រមានដល់ តារាចម្រៀងខ្មែរ និងអ្នកនិពន្ធបទចម្រៀងខ្មែរ ទាំងអស់ថា ប្រសិនបើពួកគេ នៅតែបន្តលួចចម្លងបទចម្រៀង បរទេស យកមក ធ្វើអាជីវកម្មទៀត គឺអាចប្រឈមនឹងការប្តឹងពី បរទេសពាក់ព័ន្ធ នឹងកម្មសិទ្ធិបញ្ញា ក្នុងអំឡុងពេលដែលលោក រដ្ឋមន្ត្រី ចូលរួមកម្មវិធីប្រគំតន្រ្តី រៃអង្គាសថវិកា កាលពីយប់ថ្ងៃទី១៤ ក្រោមប្រធានបទ «ពេលវេលាដែលត្រូវតបស្នង» នៅសាលមហោស្រពកោះពេជ្ររួចមក បានធ្វើឲ្យអ្នកនិពន្ធល្បីឈ្មោះ ប្រចាំផលិតកម្មថោន លោក យឹម តាស្រង់ បាន បង្ហាញពីទស្សនៈផ្ទាល់ខ្លួនថា ការលើកឡើងរបស់ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហាក់ដូចជាយឺតពេល និងគ្មាន ប្រសិទ្ធភាព ចំពោះអ្នកលួចចម្លងនោះឡើយ ។

តាមរយៈសារមួយ ដែលអ្នកនិពន្ធមានឈ្មោះ បោះសំឡេងល្បីរាប់ឆ្នាំ លោក យឹម តាស្រង់បង្ហោះនៅលើបណ្តាញទំនាក់ ទំនង សង្គម Facebook ផ្ទាល់ខ្លួន បានសរសេរបញ្ចេញ យោបល់ថា «លោកអ៊ុអើយ លោកអ៊ុ! ចំពោះរឿងផលិតកម្ម លួច ចម្លងបទបរទេសហ្នឹង.! បើលោកអ៊ុចេញលិខិតឲ្យឈប់ចម្លង គេឈប់ហើយ វាមិនដែលគ្រាន់តែបិទមិនឲ្យចម្លង បទបរទេសផលិតកម្មទំាងអស់បិទទ្វានោះទេ គេដើររហូតដល់ក្លាយ ជាអ្នកមានហើយ លោកអ៊ុមិនមាត់ គេចេះតែនៅ ចម្លងទៅ ហើយបើមានផលិតកម្មខ្លះយកលេសថា មិនអាចលុបបទចម្លងបាន ដោយសារមានការ Copy CD ក្លែងក្លាយ នោះ សូមលោកអ៊ុ កុំជឿ ព្រោះរាល់ថ្ងៃចម្រៀងគេ មិនដែលរកលុយតាមការ លក់ឌីសទេ ព្រោះសម័យនេះ ជាសម័យ Internet និងមនុស្សប្រើទូរស័ព្ទដៃគ្រប់គ្នា ដូច្នោះខាងផលិតកម្មចម្រៀងទំាងនោះ មានវិធី ផ្សេងអាច រកលុយបានហើយ លោកអ៊ុក៏ដឹងដែរថា ពួកគាត់កាត់ចិនណា! ពួកគាត់ឆ្លាតៗណាស់…»។

នៅក្នុងនោះ កវីនិពន្ធ យឹម តាស្រង់ បានសរសេររៀបរាប់ទៀតថា «លោកអ៊ុកុំចាញ់បោកសម្តី ពួកគាត់ពេក ទំាងចិត្តគេ ចិត្តខ្ញុំ បើអ៊ុមិនប្រកាស ឲ្យឈប់ចម្លងនៅតែលួចឆ្នក់ចម្លងមួយៗ អ៊ីចឹង ទោះមានឆន្ទៈ ធ្វើថ្មីច្រើនហើយក៏ដោយ ព្រោះ ម៉ែឪបើកទ្វាចំហរហើយ ទោះកូនសុភាពប៉ុណ្ណា ក៏ត្រូវលួចចេញក្រៅខ្លះដែរ ព្រោះឱកាសមានច្រើនពេក ..» ។

សូមបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងជាចំហរ ក្នុងពិធីប្រគំតន្រ្តី«ពេលវេលាដែលត្រូវតមស្នង» កាលពីពេលថ្មីៗនេះថា«ច្បាស់ណាស់ថា ថ្ងៃណាមួយគេអាចប្ដឹងយើង ដែលយកបទចិន បទកូរ៉េ បទថៃមកកែ ដូរតែ ប៉ារ៉ូល ប៉ុន្តែទំនុកគេហ្នឹងនៅដដែល គឺគេអាចមានសិទ្ធមកក្រុមហ៊ុន ដែលចម្លងគេហ្នឹង ។ អ៊ីចឹងសំណូមពរថា កុំយក របស់ គេមកកែតាត់តែងខ្លួនឯងតាមបែបខេមរា..» ។

ជាមួយគ្នានេះលោកក៏បានជម្រុញឲ្យ អ្នកនិពន្ធ ផលិតករបទចម្រៀង តារាចម្រៀង ខិតខំផលិតអ្វីដែលថ្មីជា របស់ខ្លួន ឯង ឲ្យបានច្រើន ដើម្បីឲ្យវិស័យសិល្បៈចម្រៀងខ្មែរ មានភាពរីកចម្រើនឡើង និងទុកឲ្យក្មេងៗជំនាន់ក្រោយ ជាមរតក ដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន ។ ជាក់ស្ដែងដូចជាលោក តា ស៊ីន ស៊ីសាមុត នេះជាដើម៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Yem Ta srong Star news local news