(ភ្នំពេញ)៖ ពិធីករ និងជាតារាសម្ដែងធ្លាប់ទទួលបាន ការកោតសរសើរពីទស្សនិកជន ជុំវិញជីវិតសុភមង្គលក្រុមគ្រួសារ ចេះស្រលាញ់ថ្នាក់ថ្នម មើលថែរក្សាប្រពន្ធកូនបានល្អ លោក ជា វណ្ណារិទ្ធ ថ្មីៗនេះ ត្រូវបានទស្សនិជន ព្រមទាំងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើនធ្វើការរិះគន់ខ្លាំង ខណៈតារារូបនេះ បង្ហោះរូបថតមួយសន្លឹក គ្រាដែលកំពុងធ្វើដំណើរ នៅក្នុងរថយន្តជាមួយមិត្តភក្តិប្រុសស្រី៣ឬ៤នាក់ ហើយក្នុងដៃមានកាន់កំប៉ុង ស្រាបៀញ៉ាំបណ្តើរ និងកាន់ចង្កូតបើរបររថយន្ត តាមផ្លូវបណ្ដើរ។
តាមរយៈសកម្មភាពមួយនេះ ត្រូវបានអ្នកនិយមលេងហ្វេសប៊ុកជាច្រើន យកទៅបង្ហោះចែករំលែក ព្រមជាមួយពាក្យរិះគន់ខ្លាំងៗ បង្ហាញអារម្មណ៍មិនពេញចិត្ត សម្រាប់ទង្វើបែបនេះ ដែលអាចជាគំរូអាក្រក់មួយ ចំពោះទស្សនិជន ក៏ដូចជាយុវវ័យ ព្រោះថាក្នុងនាមខ្លួន ជាតារាល្បីឈ្មោះ មិនគួណាធ្វើអ្វីដែលជាគំរូមិនល្អ សម្រាប់មហាជនឡើយ។
មានមិតរិះខ្លះ បានសរសេររិះគន់ និងចោទជាសំនួរថា «សប្បាយណាស់ឬ ពេលបើកបរផឹកគ្រឿងស្រវឹង ? » ។ ខ្លះទៀត បានសរសេរថា «ពួកគេកំពុងសប្បាយ ភ្លេចពីច្បាប់ចរាចរណ៍ ភ្លេចគិតពីភាពវិនាសព្រាតប្រាស់ ដែលបង្កឡើងដោយភាពសប្បាយនេះហើយ។ យើងមិនត្រូវធ្វើអ៊ីចឹងទេ ព្រោះខ្លួនជាតារា ដែលត្រូវឲ្យពលរដ្ឋយកគំរូតាម..»។
គេហទំព័រ កំសាន្តកាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ មិនអាចស្វែងរកការបកស្រាយពី លោក ជា វណ្ណារិទ្ធ បានទេ ជុំវិញការរិះគន់ខាងលើនេះ។ ដូច្នេះ កំសាន្ត ស្វាគមន៍ជានិច្ច រាល់ការចេញមុខបំភ្លឺការពិត ពីតារាប្រុសរូបសង្ហា ជា វណ្ណារិទ្ធ នៅពេលក្រោយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី