CamNews

តារា 

សុន ស្រីពេជ្រ ឆេះ​ដុំ​ភ្លើង នឹង​​មនុស្ស​​មួយ​ចំនួន មិន​ឲ្យ​តម្លៃ​តន្រ្តី​បុរាណ​ខ្មែរ

(ភ្នំពេញ)៖ បច្ចុប្បន្ននេះ គេសង្កេតឃើញ​តន្ត្រី និងបទចម្រៀងផ្នែកសម័យរបស់កម្ពុជា កំពុងតែរីកលូតលាស់ ចេញផ្លែផ្កាគួរឲ្យចាប់អារម្មណ៍ ពិសេស​បទចម្រៀងសម័យថ្មី បែបយុវវ័យ ដែលនិពន្ធថ្មីៗ មិនចំឡងពីគេរបស់អ្នកនិពន្ធ និងអ្នកចម្រៀង កាន់តែសម្បូរបែប គ្រប់រូបភាព គ្រប់បណ្ដាផលិតកម្មទាំងអស់។ ងាកមកតន្ត្រីផ្នែកបុរាណវិញ ត្រូវបានគេបំភ្លេចស្ទើរតែទាំង គ្មានអ្នកណាចាប់អារម្មណ៍ឡើយ សូម្បីតែក្នុងកម្មវិធីមង្គលនានា ក៏កាត់បន្ថយច្រើនដែរ។ ចំណែកអ្នកប្រកបមុខរបរ ជាមួយតន្ត្រីបុរាណ កាន់តែលំបាក ពិសេសអ្នករកស៊ីក្នុង​រោងការតំលៃច្រៀង មិនសូវបានថ្លៃឡើយ ។

តារាចម្រៀងស្រីដ៏ល្បីល្បាញ នាង សុន ស្រីពេជ្រ បាននិយាយក្នុងបណ្ដាញសង្គមនាងថា នាងពិតជាឈឺចាប់ខ្លាំងណាស់ នៅពេលតន្ត្រីបុរាណ និង​អ្នកចម្រៀងបុរាណ ត្រូវបានគេឲ្យតំលៃទាប មិនស្មើរតារាចម្រៀងសម័យម្នាក់ផង ។ តារាចម្រៀងសម័យម្នាក់ គេហ៊ានឲ្យតំលៃ១០០០ដុល្លារ គ្រាន់តែច្រៀងក្នុងរាជធានីភ្នំពេញ ។ រីឯក្រុមតន្ត្រីបុរាណ​ចេញពីសាលាវិចិត្រមួយក្រុម ចេញច្រៀងតាមខេត្តក្នុងតម្លៃ១០០០ដុល្លារ ដូចគ្នា ម្ចាស់កម្មវិធី ស្រែកថាថ្លៃណាស់ ស្រែកចង់បែកក្រដាសត្រចៀក ។

«ក្រុមតន្ត្រីបុរាណមួយក្រុម មានសមាជិកមិនក្រោមដប់នាក់ យក១០០០ដុល្លារមកចែកគ្នា បានម្នាក់ប៉ុន្មាន? គាត់ចំណាយពេលប៉ុន្មាន ចាប់តាំងពីថ្ងៃចូលរោង រហូតចប់កម្មវិធីមង្គលការ សូមពិចារណាឡើងវិញ ? ហេតុអ្វីអ្នកមិនឲ្យតម្លៃដូច្នេះ ? នេះមិនមែនសម័យ ប៉ុល ពត ដែលរៀបការគ្មានភ្លេងខ្មែរ​នោះទេ ?»។ នេះជាការលើកឡើង បែបប្រតិកម្ម លើកដំបូង​របស់តារាចម្រៀង សុន ស្រីពេជ្រ ដែលបានប្រើពាក្យសម្ដីធ្ងន់ៗ បង្ហាញឲ្យមហាជនដឹងថា នាងមិនពេញចិត្ត នឹង​ការមិនសូវឲ្យតម្លៃ លើតន្ត្រីបុរាណខ្មែរ ដែលនាង​ប្រើជីវិត​ក្នុងរបបនេះ រាប់សិនឆ្នាំមកហើយ ពោលតាំងពីនាង ច្រៀងរាប់ផ្លែឈើ បានមួយថ្ងៃ៥០០០រៀលប៉ុណ្ណោះ​ ហូតដល់មួយថ្ងៃរាប់រយដុល្លារ ក៏នាងមិនចោលវាដែរ ព្រោះនាងស្រឡាញ់តន្ត្រីបុរាណខ្មែរ ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Sun sreypich Star news local news